ថ្លែងក្នុងឱកាសអញ្ចើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ «អគារមជ្ឈមណ្ឌលកណ្តាល អគារចំណតនិងរោងជាង និងអគារមជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីក្លូត្រុង»នៅមន្ទីរពេទ្យកាល់ម៉ែត នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា នៅក្នុងពេលបុណ្យភ្ជុំបិណ្ឌខាងមុខនេះ សាលារាជធានីភ្នំពេញ បានត្រៀមរថយន្តក្រុង រហូតទៅដល់ជិត៥០០គ្រឿង សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋ ដែលនឹងទទួលបានឱកាសឈប់សម្រាកពីការងារ ទៅកាន់ស្រុកកំណើត ដោយឥតគិតថ្លៃ ដូចដែលធ្លាប់បានធ្វើអស់រយៈកាលជាយូរមកហើយ ។
ម្យ៉ាងវិញទៀត មានរថយន្តពិសេសចំនួន ៥៦គ្រឿង សម្រាប់ធ្វើដំណើរទៅកាន់ខេត្តនៃទិសឦសាន មានដូចជាខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគីរី និងខេត្តមណ្ឌលគីរី ដែលសុទ្ធតែបម្រើជូនពលរដ្ឋ ដោយឥតគិតថ្លៃទាំងទៅទាំងមក និងថែមទាំងមានការរៀបចំជាទឹកពិសាថែមទៀតផង ។
ទន្ទឹមនឹងនេះ សម្តេចធិបតី បានបញ្ជាឱ្យអាជ្ញាធររាជធានីខេត្តទាំងអស់ ត្រូវពង្រឹងច្បាប់ចរាចរផ្លូវគោក ជាពិសេសទៅលើអ្នកដែលបើកបរជាមួយស្ថានភាពស្រវឹងក្នុងខ្លួនផងដែរ ដើម្បីកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕