ជំនួបនេះធ្វើឡើងដើម្បីត្រួតពិនិត្យឡើងវិញលើការងារដែលបានអនុវត្តកន្លងមក និងដាក់ទិសដៅការងារអនុវត្តបន្ត សម្រាប់ប្រារព្ធកម្មវិធីទាំងពីរនោះ ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤។ ចម្ការកៅស៊ូជាប្រវត្តិសាស្រ្តដែលមានអាយុ១០០ឆ្នាំនេះ គឺជាចម្ការកៅស៊ូចាស់ជាងគេនៅកម្ពុជា និងជាចំនួនដើមកៅស៊ូចាស់នៅរស់ច្រើនជាងគេបំផុត នៅក្នុងពិភពលោក រហូតដល់ ៤៤៨ដើម លើផ្ទៃដីប្រមាណ ១៤ហិកតា។
ម៉្យាងវិញទៀត ផ្តើមចេញពីការជ្រើសរើសគ្រាប់កៅស៊ូចំនួន ២ ៥៦៣គ្រាប់ ចេញពីចម្ការកៅស៊ូចាស់នេះ វិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា នៃអគ្គនាយកដ្ឋានកៅស៊ូ បានបណ្តុះនិងដាំពិសោធន៍ តាមដានការលូតលាស់ ទិន្នផល ជំងឺ និងលក្ខណៈសរីរទឹកជ័រ ចាប់តាំងពីឆ្នាំ២០១១ រហូតរកឃើញសេណូទីប (ពូជ) កៅស៊ូចំនួនពីរ គឺ G12 និង G19 ដែលមានលក្ខខណ្ឌដុះនិងលូតលាស់ស្របតាមក្សេត្របរិស្ថានកម្ពុជា។
បច្ចុប្បន្ននេះ ក្រសួងកសិកម្ម បានដាក់ស្នើសុំទៅគណៈកម្មការបញ្ចេញពូជដំណាំ ដើម្បីបញ្ចេញឱ្យប្រើប្រាស់ជាផ្លូវការ ដោយដាក់ឈ្មោះថា «CRRI 12 និង CRRI 19»៕