នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំសាមញ្ញលេីកទី ៤ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី១ អាណត្តិទី៤ ។
របៀបវារ:នៃកិច្ចប្រជុំ រួមមាន: ១- ពិនិត្យ និងអនុម័តលើច្បាប់ឈប់សម្រាករបស់ ឯកឧត្តម ម៉ក់ ថាយ សមាជិកក្រុមប្រឹក្សារាជធានី-ភ្នំពេញដែលអវត្តមានក្នុងកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី១ អាណត្តិទី៤ ចំនួនបីលើកជាប់គ្នា។ ២- ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៣ របស់ក្រុមប្រឹក្សារាជធានី- ភ្នំពេញ ឆ្នាំទី១ អាណត្តិទី៤ កាលពីថ្ងៃទី១៥ខែសីហា ឆ្នាំ២០២៤។ ៣- ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែសីហាឆ្នាំ២០២៤ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ។ ៤- ពិនិត្យ និងអនុម័តលើសេចក្តីព្រាងប្រតិទិនការងារសម្រាប់ដំណើរការកសាងផែនការអភិវឌ្ឍន៍ រយៈពេលប្រាំឆ្នាំ(២០២៥-២០២៩) និងសេចក្តីព្រាងគោលការណ៍ណែនាំផ្នែកគោលនយោបាយសម្រាប់ការកសាងផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ និងការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលរាជធានីភ្នំពេញ។ ៥- ពិនិត្យ និងអនុម័តលើសេចក្តីព្រាងការបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត របស់រដ្ឋបាលរាជធានីភ្នំពេញ ។ ៦- ពិនិត្យ ពិភាក្សា និងផ្តល់យោបល់លើចម្លើយតបចំពោះសំណើ និងសំណូមពររបស់ប្រជាពលរដ្ឋក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នៅតាមខណ្ឌទាំង១៤ ក្នុងឆ្នាំ២០២៣ ដើម្បីឆ្លើយតបជូនប្រជាពលរដ្ឋនៅក្នុងវេទិការបស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ ក្នុងឆ្នាំ២០២៤ នៅតាមខណ្ឌទាំង១៤។ ៧- ពិនិត្យ និងអនុម័តលើសេចក្តីព្រាងឯកសារស្តីពីការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅតាមខណ្ឌទាំង១៤ ក្នុងឆ្នាំ២០២៤និង ៨- បញ្ហាផ្សេងៗ ៕