កញ្ញា ដយ ពេជ្រជឺរ៉ា វិស្វករនៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា ការងារជួសជុលនៅប្រាសាទបាទជុំ ដែលបានចាប់ផ្តើមនៅដើមខែមិថុនា ឆ្នាំ២០២៤ មកដល់ពេលនេះ សម្រេចបានប្រមាណ៧០ភាគរយ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៤ នេះ។ កញ្ញាថា ការងារជួសជុលពង្រឹងប្រាសាទបាទជុំ នៅដំណាក់កាលទី៥នេះ បានសម្រេចចាប់ពីរួតទី១ ដល់រួតទី៣ ក្នុងចំណោមរួតទាំង៤ និងកំពុងបន្តជួសជុលរួតទី៤។ អ្នកជំនាញរូបនេះបញ្ជាក់ថា រួតទី៣ និងទី៤ រងការខូចខាតធ្ងន់ធ្ងរ គឺរចនាសម្ពន្ធជញ្ជាំងបានរលុះធ្លុះពីមួយចំហៀងទៅមួយចំហៀង នៅតាមជ្រុងនីមួយៗមិនមានស្ថិរភាព។
កញ្ញាបញ្ជាក់ថា ក្រុមការងារសម្អាតកំណកដី ស្លែ ឬសរុក្ខជាតិ និងឥដ្ឋពុកផុយចេញ ហើយប្រើប្រាស់ឥដ្ឋចាស់ដែលនៅមានគុណភាពឡើងវិញ រួមទាំងឥដ្ឋថ្មីនៅទីតាំងចាំបាច់។ ប្រើស្នូលដែកទាមនៅទីតាំងហែកខ្លាំង និងបិទកំបោរបាយអការពារជម្រាបទឹកជាដើម ដើម្បីពង្រឹងរចនាសម្ព័ន្ធប្រាសាទឥដ្ឋ ដែលមានអាយុកាលជាង១ពាន់ឆ្នាំនេះ នៅតែរឹងមាំគង់វង្សយូរអង្វែងបន្តទៀត ។
ដំបូងយើងត្រូវសម្អាតកំណកដី ស្លែរុក្ខជាតិ ឫស្សរុក្ខជាតិហើយគឺយើងពង្រឹងដោយប្រើឥដ្ឋថ្មី ដើម្បីជួយគាំទ្រគ្រឹះរបស់តួប៉មហ្នឹង ដល់ពេលផ្នែកខាងក្រៅយើងប្រើឥដ្ឋចាស់ ដែលមានគុណភាព។ ហើយដំណាក់កាលចុងក្រោយយើងជួសជុលបង្ហើយប៉មកណ្តាលចាប់ពីរួតទីមួយ ដល់រួតចុងក្រោយ និងជណ្តើរ ព្រោះជណ្តើរសព្វថ្ងៃវាហែក បាត់ថ្មអត់ងាយស្រួលក្នុងការឡើង បើយើងជួសជុលហើយ អត់ជួសជុលជណ្តើរវាអត់ងាយស្រួលឡើងចុះ។
បន្ទាប់ពីបញ្ចប់ការងារជួសជុលរួតទាំង៤រួតផ្នែកខាងលើតួប៉មកណ្តាលនៃប្រាសាទបាទជុំ អាជ្ញាធរជាតិអប្សរា នឹងបន្តជួសជុលជណ្តើរបន្ថែមទៀត ជាការលើកតម្លៃប្រាសាទបុរាណនេះ រក្សាបាននូវសោភ័ណភាព ដើម្បីសម្រួលដល់ការឡើងចុះ របស់ទេសចរផង។
សូមបញ្ជាក់ថា ប្រាសាទបាទជុំ មានទីតាំងស្ថិតនៅខាងត្បូងស្រះស្រង់ ចម្ងាយប្រមាណ ៣០០ម៉ែត្រ ចូលទៅតាមផ្លូវបឹងមាលា ចូលតាមផ្លូវបុរាណ ដែលស្ថិតនៅភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀមរាប៕