ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ឥណ្ឌូណេស៊ី គ្រោងពង្រីកសេដ្ឋកិច្ច និងបង្កើនជើងហោះហើរត្រង់ពីទីក្រុងសំខាន់ៗមកកម្ពុជា
ថ្ងៃទី ៖ 07-09-2024, ដោយ​​ Dara007 , 64 Views
                     
ភ្នំពេញៈ ឥណ្ឌូណេស៊ី គ្រោងពង្រីកសេដ្ឋកិច្ច និងបង្កើនជើងហោះហើរត្រង់ពីទីក្រុងសំខាន់ៗមកកម្ពុជា ដើម្បីជំរុញទំហំពាណិជ្ជកម្ម និងជួយសម្រួលដល់ការផ្លាស់ប្ដូរការធ្វើដំណើររបស់ប្រជាជន និងប្រជាជន។

ក្នុងឱកាសដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា នៅរសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ (Prabowo Subianto) រដ្ឋមន្ត្រីការពារជាតិ និងជាប្រធានាធិបតីជាប់ឆ្នោតនៃសាធារណរដ្ឋឥណ្ឌូណេស៊ី មានបំណងពង្រីកបន្ថែមទៀតនូវវិស័យសេដ្ឋកិច្ច រវាងប្រទេសទាំងពីរ និងបង្កើនជើងហោះហើរត្រង់ពីទីក្រុងសំខាន់ៗនៃប្រទេសទាំងពីរ ដែលនឹងសម្រួលដល់ការផ្លាស់ប្ដូរការធ្វើដំណើររបស់ប្រជាជន និងប្រជាជន។

លោក បានប្តេជ្ញាថា នៅក្នុងពេលលោកក្លាយជាប្រធានាធិបតីនៅពេលខាងមុខ ឯកឧត្តមនឹងបន្តនូវចំណងទាក់ទងមិត្តភាពជាមួយកម្ពុជាឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។

លោក បានបង្ហាញបំណងបន្តនូវកិច្ចសហប្រតិបត្តិការខាងផ្នែកសេដ្ឋកិច្ច និងវិស័យជាច្រើនទៀតរួមទាំងការបណ្ដុះបណ្ដាលធនធានមនុស្ស និងចង់ឱ្យយុវជនកម្ពុជាទៅបន្តការសិក្សានៅប្រទេសឥណ្ឌូនេស៊ី។

ក្នុងឱកាសនោះ លោក បានកោតសរសើរ និងចាត់ទុកសម្ដេចតេជោ ជាបុរសរដ្ឋដែលបានដឹកនាំប្រទេសកម្ពុជាយ៉ាងល្អប្រសើរ ជាពិសេសក្នុងពេលដែលប្រទេសជួបនូវភាពស្មុគស្មាញ និងបានកសាងអភិវឌ្ឍប្រទេសឱ្យមានការរីកចម្រើនជាបន្តបន្ទាប់។

លោក ក៏បានរៀនសូត្រច្រើនពីការដឹកនាំរបស់សម្ដេចតេជោ ហើយលោកសង្ឃឹមថា ក្នុងនាម ជាប្រធានព្រឹទ្ធសភា សម្ដេចនឹងធ្វើឱ្យកម្ពុជាកាន់តែរីកចម្រើនបន្ថែមទៀត។

ជាកិច្ចឆ្លើយតប សម្ដេចតេជោ ប្រមុខរដ្ឋស្ដីទី បានអបអរសាទរចំពោះលោក ដែលនឹងបន្តដឹកនាំសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលជាមិត្តរបស់កម្ពុជា ហើយសម្ដេចចាត់ទុកថាឥណ្ឌូនេស៊ីជាមិត្តចាស់ ហើយឥណ្ឌូនេស៊ីបានចូលរួមចំណែកយ៉ាងធំធេងក្នុងបុព្វហេតុរបស់កម្ពុជា ជាពិសេសក្នុងការដើរតួនាទីសហប្រធានសន្និសីទ នៃទីក្រុងប៉ារីស។

ប្រទេសឥណ្ឌូនេស៊ីបានផ្ដល់ជាទីកន្លែង សម្រាប់កិច្ចប្រជុំរវាងភាគីកម្ពុជា និងការបង្កើតក្រុមប្រឹក្សាជាតិជាន់ខ្ពស់ (SNC)។ សម្ដេចតេជោ បានសំដែងនូវការពេញចិត្តចំពោះមតិយោបល់របស់ឯកឧត្តម Prabowo Subianto ក្នុងបំណងជំរុញទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងឥណ្ឌូនេស៊ី នៅក្នុងសហគមន៍អាស៊ាន។

សម្តេចតេជោក៏បានសម្ដែងនូវការពេញចិត្តផងដែរចំពោះទំនាក់ទំនងក្នុងវិស័យការពារជាតិ ដែលឥណ្ឌូនេស៊ីបន្តការហ្វឹកហ្វឺនដល់កងកម្លាំងរបស់កម្ពុជា ដើម្បីថែរក្សាសុខសន្តិភាពរបស់ប្រទេស ក៏ដូចជារួមចំណែកដល់ការរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់ផងដែរ។

ទាក់ទងទៅនឹងការភ្ជាប់ជើងហោះហើរត្រង់ពីឥណ្ឌូនេស៊ី មកកាន់ប្រទេសកម្ពុជា សម្ដេចតេជោ បានមានប្រសាសន៍ថា គួរបង្កើនថែមទៀត ដើម្បីលើកកម្ពស់ទំនាក់ទំនងឱ្យកាន់តែប្រសើរឡើង ហើយសម្ដេចតេជោសង្ឃឹមថា ក្រុមហ៊ុនអាកាសចរណ៍សាធារណរដ្ឋឥណ្ឌូនេស៊ីនិងក្រុមហ៊ុនអាកាសចរណ៍នៅកម្ពុជានឹងពិនិត្យមើលក្នុងការបន្ថែមជើងហោះហើររវាងទីក្រុងធំៗនៃប្រទេសទាំងពីរ ដើម្បីនាំទេសចរពីប្រទេសឥណ្ឌូនេស៊ី និងទេសចរពីបណ្ដាប្រទេសផ្សេងៗផងដែរមកកម្ពុជា។

សម្ដេចតេជោបានសម្ដែងនូវការលើកទឹកចិត្តដល់ឥណ្ឌូនេស៊ីក្នុងការបង្កើនទំហំពាណិជ្ជកម្មបន្ថែមទៀត ជាពិសេសក្នុងវិស័យសន្តិសុខស្បៀងដែលឥណ្ឌូនេស៊ីត្រូវការស្បៀងពីកម្ពុជាដូចជា ស្រូវ អង្ករ និងផលិតផលកសិកម្មដទៃទៀត។

សម្តេចតេជោ បានស្នើឯកឧត្តម Prabowo Subiantoពិចារណាក្នុងការឱ្យក្រុមហ៊ុនឥណ្ឌូនេស៊ីមកដាក់ទុន១០០% ក្នុងការបង្កើតឃ្លាំងការប្រមូលទិញស្រូវ បង្កើតជាម៉ាស៊ីនកិនស្រូវ និងការវេចខ្ចប់ដើម្បីដឹកជញ្ជូននាំចេញទៅសាធារណរដ្ឋឥណ្ឌូនេស៊ី និងបណ្ដាប្រទេសផ្សេងទៀត។

ទាក់ទងទៅនឹងការអញ្ជើញសម្ដេចទៅចូលរួមក្នុងពិធីឡើងកាន់តំណែងរបស់ឯកឧត្តម ជាប្រធានាធិបតីនាពេលខាងមុខនេះ សម្តេចតេជោ ប្រមុខរដ្ឋស្ដីទី បានទទួលយកការអញ្ជើញ ហើយនឹងផ្ដល់ជូនសម្ដេចធិបតីនាយករដ្ឋមន្ត្រី ដើម្បីទៅចូលរួម ហើយក្នុងករណីសម្តេចធិបតីជាប់ភារកិច្ច សម្តេចនឹងអញ្ជើញទៅចូលរួម។

ទន្ទឹមនឹងនេះ សម្តេចតេជោ និងឯកឧត្តម Prabowo Subiantoបានពិភាក្សាគ្នានិងផ្លាស់ប្ដូរយោបល់ ជុំវិញសភាពការណ៍ក្នុងតំបន់ មានបញ្ហានៅសមុទ្រចិនខាងត្បូង បញ្ហាមីយ៉ាន់ម៉ាដែលទាំងសម្ដេចតេជោ និងលោក Prabowo Subianto សុទ្ធតែមានទស្សនៈស្របគ្នាក្នុងការធ្វើឱ្យតំបន់ទាំងនោះ មានសុខសន្តិភាព ស្ថិរភាពដែលបម្រើផលប្រយោជន៍ជូនដល់ប្រជាជនទាំងមូល៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com