បន្ទាប់ពីបានឃើញមានវីដេអូ ផុសតាមបណ្តាញសង្គម កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ គ្រប់គោលដៅ បានបើកការស្រាវជ្រាវ រហូតដល់ម៉ោង១៣ និង៥២នាទី ថ្ងៃដដែល មូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ បានធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន១១នាក់ (ប្រុសចំនួន ០៣នាក់ ស្រីចំនួន ០៨នាក់) ក្នុងចំណោម ១៣នាក់ ពាក់ព័ន្ធករណីហិង្សាខាងលើ យកមកធ្វើការសាកសួរតាមនីតិវិធី។
ក្រោមវិធានការជំនាញ ជនសង្ស័យប្រុសស្រីទាំង១១នាក់ បានឆ្លើយសារភាពឱ្យដឹងដូចៗគ្នាថា ពួកខ្លួនពិតជាធ្វើសកម្មភាពប្រើអំពើហិង្សា ដោយនាំគ្នាព្រួតវាយ និងយកដុំថ្មគប់ ទៅលើជនរងគ្រោះ បណ្តាលឲ្យរងរបួស ពិតប្រាកដមែន ព្រោះតែមូលហេតុពួកខ្លួន មានជម្លោះជាមួយក្រុមជនរងគ្រោះដែលជាបុគ្គលិកលក់ស្រាក្រឡុក មានទីតាំងនៅក្បែរគ្នា។
បច្ចុប្បន្នជនជនសង្ស័យប្រុសស្រីទាំង១១នាក់ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំណែកឯបក្ខពួកដែលកំពុងរត់គេចខ្លួន អាវុធហត្ថរាជធានីភ្នំពេញ កំពុងស្រាវជ្រាវតាមចាប់ខ្លួនបន្ត៕