ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ភាគីនិយោជកដាក់តួលេខដំឡើង២ ដុល្លារនិងសហជីពដាក់តួលេខ១០ ដុល្លារអាម៉េរិក ក្នុងការចរចាកំណត់ប្រាក់ឈ្នួលឆ្នាំ២០២៥
ថ្ងៃទី ៖ 06-09-2024, ដោយ​​ Dara007 , 46 Views
                     
ភ្នំពេញ៖ ភាគីនិយោជកដាក់តួលេខដំឡើង២ ដុល្លារនិងសហជីពដាក់តួលេខ១០ ដុល្លារអាម៉េរិក ក្នុងការចរចាកំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិត ផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៥។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នឹងប្រជុំចរចាកំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិត ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៥ នាព្រឹកថ្ងៃទី៦ ខែកញ្ញានេះ នៅទីស្តីការក្រសួងការងារ លោក ហេង សួរ រដ្ឋមន្រ្ដីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា គិតត្រឹមថ្ងៃនេះ កិច្ចប្រជុំពិភាក្សាចរចាកំណត់ប្រាក់ឈ្នួលអប្បបរមា សរុបមានចំនួន ៨លើក រួមមាន កិច្ចប្រជុំត្រីភាគីចំនួន ៣លើក កិច្ចប្រជុំផ្ទៃក្នុងរបស់ភាគីតំណាងកម្មករនិយោជិតចំនួន ៣លើក និងភាគីតំណាងនិយោជក ចំនួន ២លើក។

ក្នុងនោះ នៅថ្ងៃទី៦ ខែកញ្ញា នេះ មានកិច្ចប្រជុំចំនួន ៤លើកផ្សេងគ្នា ដោយ មានកិច្ចប្រជុំផ្ទៃក្នុងរបស់ភាគីតំណាងកម្មករនិយោជិត ចំនួន ២លើក ភាគីតំណាងនិយោជក ចំនួន ១លើក និងកិច្ចប្រជុំត្រីភាគីចំនួន១លើក។

លោក បន្ដថា ភាគីទាំងពីរបានបន្តពន្យល់គ្នាទៅវិញទៅមកនូវគោលជំហររបស់ខ្លួនប្រកបដោយ វិជ្ជាជីវៈ និងភាពចាស់ទុំ ហើយជាមួយគ្នានេះ តំណាងភាគីរាជរដ្ឋាភិបាល បានបន្តសម្របសម្រួល និងផ្តល់នូវការពន្យល់បន្ថែមពាក់ព័ន្ធនឹងលក្ខណ:វិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ច ជូនតំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជកផងដែរ។

លោកបញ្ជាក់ថា ជាលទ្ធផល តំណាងភាគីកម្មករនិយោជិត បានបន្ថយតួលេខកំណើនពីចំនួន ១៤ដុល្លារអាម៉េរិក មកចំនួន ១០ដុល្លារអាម៉េរិក លើតួលេខបច្ចុប្បន្ន ២០៤ដុល្លារអាម៉េរិក និងតំណាងភាគី និយោជក បានដំឡើងតួលេខកំណើនពីចំនួន ១ដុល្លារអាមេរិក ទៅចំនួន ២ដុល្លារអាម៉េរិក លើតួលេខបច្ចុប្បន្ន ២០៤ដុល្លារអាម៉េរិក។

លោករដ្ឋមន្រ្ដីក្រសួងការងារបន្ថែមថា ភាគីរាជរដ្ឋាភិបាល នឹងខិតខំធ្វើការសម្របសម្រួលឱ្យភាគីទាំងពីរកាន់តែយល់ និងខិតទៅរកគ្នា ដើម្បីឱ្យបានឆាប់មុនពីធីបុណ្យភ្ជុំបិណ្ឌ ដោយធ្វើយ៉ាងណាជួយលើកកម្ពស់ជីវភាពរបស់កម្មករកម្មការិនីឱ្យកាន់តែមានជីវភាពធូរធារ។ លោក គឹម ចាន់សំណាង ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា បានឱ្យដឹងថា ភាគីសហជីពសម្រេចដាក់តួលេខ១០ ដុល្លារអាម៉េរិក ដើម្បីធ្វើឱ្យការចរចាក្នុងការដំឡើង និងទម្លាក់ឱ្យមានភាពសម្របស្រប និងទទួលបានទាំងអស់គ្នា ។

លោកប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា បានបញ្ជាក់ថា ការចរចាប្រាក់ឈ្នួលនេះ គឺមាន២លើកទៀត នឹងអាចមានការប្រែប្រួលតួលេខខ្លះតាមស្ថានភាពជាក់ស្ដែង ដើម្បីឈានទៅបញ្ចប់គ្នាទាំងស្រុងនាពេលខាងមុខនេះ។

ទន្ទឹមនឹងនេះ អង្គប្រជុំបានឯកភាពគ្នាកំណត់កិច្ចពិភាក្សាជាលក្ខណៈត្រីភាគីបន្តទៀត នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ខាងមុខ។

សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៤នេះ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប គឺមានចំនួន២០៤ដុល្លារក្នុងមួយខែ ប្រសិនបើបូកនឹងប្រាក់អត្ថប្រយោជន៍ផ្សេងៗបន្ថែម កម្មករនិយោជិតម្នាក់អាចទទួលបានប្រាក់ឈ្នួល ចន្លោះពី ២២១ ទៅ ២៣២ដុល្លារអាម៉េរិកក្នុងមួយខែ ដោយមិនទាន់ពីគិតពីអត្ថប្រយោជន៍ផ្សេងទៀត ដែលទទួលបានពី ប.ស.ស.៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com