ក្នុងឱកាសដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ចូលជូនសារតាំង នៅវិមានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ លោក កាណាត់ ទូមិសហ្ស (Kanat TUMYSH) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋកាហ្សាក់ស្ថានបានជម្រាបសម្តេចតេជោ ប្រមុខរដ្ឋស្តីទី អំពីគម្រោងតភ្ជាប់ជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងក្រុងព្រះសីហនុផងដែរ ដើម្បីពង្រីកទំនាក់ទំនងវប្បធម៌ ជំរុញកំណើនទេសចរ និងជំរុញអ្នកវិនិយោគ ដែលត្រូវធ្វើដំណើរទៅមករវាងប្រទេសទាំងពីរ។
លោក ក៏បានលើកអំពីការតភ្ជាប់ផ្លូវរថភ្លើងល្បឿនលឿនរបស់កម្ពុជា និងបណ្តាប្រទេសអាស៊ាន ជាមួយផ្លូវសូត្រចិន និងច្រករបៀង Caspian (Caspian Corridor) ដែលអាចឱ្យកម្ពុជាដឹកជញ្ជូនទំនិញទៅអឺរ៉ុប ដោយប្រើរយៈពេលត្រឹម ១៥ថ្ងៃ បើធៀបទៅនឹងការដឹកតាមសមុទ្រដែលត្រូវប្រើរយៈពេល ២ ខែ។
លោកឯកអគ្គរដ្ឋទូត ក៏បានស្នើឱ្យមានកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការរវាងប្រទេសទាំងពីរ សម្រាប់អ្នកកាន់លិខិតឆ្លងដែនផ្លូវការ និងការទូតផងដែរ។
ជាការឆ្លើយតប សម្តេចតេជោ បានគាំទ្រគំនិតផ្តួចផ្តើមតភ្ជាប់ផ្លូវអាកាស ដោយការហោះហើរត្រង់បីកាហ្សាក់ស្ថាន មកព្រលានយន្តហោះនៅភ្នំពេញ សៀមរាប និងខេត្តព្រះសីហនុ។
សម្តេចតេជោ មានប្រសាសន៍ថា ប្រជាជនកាហ្សាក់ស្ថាន ក៏ដូចប្រជាជនរុស្ស៊ី គឺចូលចិត្តមកសម្រាករដូវក្តៅនៅអាស៊ី ដើម្បីគេចពីរដូវត្រជាក់នៅក្នុងប្រទេសរបស់ខ្លួន និងភាគច្រើនគឺចូលចិត្តទៅលេងតំបន់សមុទ្រ ហើយកម្ពុជាមានលទ្ធភាពផ្គត់ផ្គង់ជូនតាមតម្រូវការដល់អ្នកទេសចរទាំងនេះ។ ចំពោះការតភ្ជាប់ផ្លូវលឿនលឿនអាស៊ី និងផ្លូវរទេះភ្លើងល្បឿនលឿនអាស៊ី ដែលភ្ជាប់ប្រទេសតំបន់អាស៊ានទៅចិន និងទៅអាស៊ីកណ្តាល ប្រទេសកម្ពុជា នឹងអនុវត្តតាមផែនការអាស៊ាន ស្តីពីការតភ្ជាប់នេះ ដែលច្បាស់ណាស់និងឆ្លងកាត់កាហ្សាក់ស្ថានផងដែរ។
ជាមួយគ្នានេះ សម្តេចតេជោ ក៏បានគាំទ្រចំពោះគំនិតផ្តួចផ្តើម ដែលលោកអគ្គរដ្ឋទូតបានលើកឡើង ដូចជាកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនផ្លូវការ និងការទូត និងកិច្ចសហប្រតិបត្តិការដើម្បីជំរុញទំហំពាណិជ្ចកម្មជាដើម។
ក្នុងនោះសម្តេចតេជោ បានផ្តល់អនុសាសន៍ឱ្យគិតគូររៀបចំកិច្ចព្រមព្រៀងគាំពារអ្នកវិនិយោគ និងកិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នា ដែលក្រសួងការបរទេសនៃប្រទេសទាំងពីរ ត្រូវបន្តពិភាក្សាផងដែរ៕