នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤នេះ អាជ្ញាធរជាតិអប្សរា ដែលដឹកនាំដោយលោក ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានអនុញ្ញាត ដើម្បីបង្ហាញពីគម្រោងជួយ ជំរុញផ្សព្វផ្សាយវិស័យទេសចរណ៍ខេត្តសៀមរាប ទៅកាន់ទីផ្សារប្រទេសចិន លោក ជា ខន តំណាងក្រុមហ៊ុន អិកស៍ ឃែភីថល អ៉ិនវេសម៉ិន និងជាអនុប្រធានសមាគមជំរុញកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន បានលើកឡើងថា គោលបំណងសំខាន់នៃការងារនេះ គឺដើម្បីផ្សព្វផ្សាយគោលដៅ ទេសចរណ៍ ខេត្តសៀមរាប ទៅដល់ទេសចរចិន ដើម្បីជំរុញឱ្យពួកគេមកកម្សាន្តប្រទេសកម្ពុជា ពិសេសខេត្តសៀមរាប ដែលសម្បូរដោយប្រាង្គប្រាសាទបុរាណជាច្រើន។
បើតាមតំណាងក្រុមហ៊ុន ក្រោយពីថតរួចក្រុមហ៊ុនមានដៃគូសហការជាមួយក្រុមហ៊ុនធំៗនៅប្រទេសចិន ដើម្បីផ្សព្វផ្សាយឱ្យឆាប់រហ័ស និងទូលំទូលាយ ធ្វើយ៉ាងណាស្រូបទាញទេសចរចិនដែលជាទីផ្សារធំ មកកម្សាន្តប្រទេសកម្ពុជា។
ឆ្លើយតបទៅនឹងការងារនេះ លោក ឡុង កុសល បានស្វាគមន៍ និងរីករាយចំពោះគម្រោងខាងលើនេះ គឺស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរជាតិអប្សរា ក្នុងបំណងដើម្បីបង្កើន កំណើនទេសចរមកកាន់ព្រះរាជាណាចក្រកម្ពុជា ពិសេសខេត្តសៀមរាបឱ្យបានកាន់តែច្រើន៕