ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
កម្ពុជា ថៃ សម្ដែងការរីករាយចំពោះការរីកចម្រើន ទំនាក់ទំនងរវាងលើវិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរ
ថ្ងៃទី ៖ 03-09-2024, ដោយ​​ Dara007 , 62 Views
                     
ភ្នំពេញៈ កម្ពុជា ថៃ សម្ដែងការរីករាយចំពោះការរីកចម្រើន ទំនាក់ទំនងរវាងលើវិស័យពាណិជ្ជកម្ម ដើម្បីផលប្រយោជន៍ដល់ប្រទេស និងប្រជាជននៃប្រទេសទាំងពីរ។

ក្នុងឱកាសដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ចូលជួបសម្ដែងការគួរសម និងជម្រាបលា នៅវិមានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ លោក ឆឺតគៀត អាត់ថាកន (Cherdkiat ATTHAKOR) បានលើកឡើងថា ក្នុងរយៈពេលជិត២ឆ្នាំនៃអាណត្តិការទូតរបស់លោក បានបំពេញការងារក្នុងការពង្រឹងទំនាក់ទំនង ដោយផ្អែកលើការយោគយល់គ្នា និងជំនឿទុកចិត្តគ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍ប្រទេស និងប្រជាជននៃប្រទេសទាំងពីរ ដែលបានក្លាយជាដៃគូយុទ្ធសាស្ត្រកាលពីខែកុម្ភៈឆ្នាំ២០២៤ កន្លងទៅនេះ ក្នុងឱកាសដំណើរទស្សនកិច្ចរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី ទៅកាន់ប្រទេសថៃ។ លោក បានបញ្ជាក់ថា ប្រទេសយើងទាំងពីរមានទំនាក់ទំនងជិតស្និទ្ធ ។

លោក ក៏បានសម្តែងនូវក្តីរីករាយ ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរលើវិស័យពាណិជ្ជកម្មដែលត្រូវបានពង្រីកគួរឱ្យគាត់សម្គាល់។

លោកសង្ឃឹមថា ពេលអនាគត ទំនាក់ទំនងលើគ្រប់វិស័យរវាងប្រទេសទាំងពីរ នឹងកាន់តែរីកចម្រើនលូតលាស់ជាងនេះទៅទៀត។ ប្រទេសថៃបានក្លាយជាអ្នកវិនិយោគលំដាប់ទី៦នៅក្នុងប្រទេសកម្ពុជាជាដៃគូផ្នែកពាណិជ្ជកម្ម ហើយចំនួនទេសចរថៃជាប់លំដាប់ទី១ ហើយសង្ឃឹមថា ទេសចរថៃនឹងមកទស្សនាកម្ពុជាបន្តទៀត ជាពិសេសទៅកាន់ខេត្តសៀមរាប។

លោកក៏បានមានប្រសាសន៍ពីភាពរីកចម្រើនច្រើនផងដែរលើវិស័យអប់រំ ដែលរាជរដ្ឋាភិបាលថៃ បានផ្ដួចផ្ដើមកសាងអាគារបណ្តុះបណ្តាលនៅមជ្ឈមណ្ឌលកំពង់ឈើទាលខេត្តកំពង់ធំ និងនៅខេត្តកំពង់ស្ពឺជាដើមនោះ។  

ជាកិច្ចឆ្លើយតប សម្ដេចតេជោប្រមុខរដ្ឋស្ដីទី បានថ្លែងអរគុណចំពោះ អ្វីដែលលោកឯកអគ្គរាជទូតបានលើកឡើង ជុំវិញទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ។

សម្ដេច ពិតជារីករាយដែលទំនាក់ទំនងប្រទេសយើងទាំងពីរបានរីកលូតលាស់ ព្រមទាំងអរគុណលោកឯកអគ្គរាជទូត ដែលបានសម្របសម្រួលលើដំណើរទស្សនកិច្ចរបស់ឯកឧត្តមអតីតនាយករដ្ឋមន្ត្រីថៃមកកាន់ព្រះរាជាណាចក្រកម្ពុជា និងតាមរយៈការរៀបចំដំណើរទស្សនកិច្ចរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រីទៅកាន់ព្រះរាជាណាចក្រថៃកន្លងទៅនេះ ដែលយើងបានលើកម្ពស់ទំនាក់ទំនងដល់ភាពជាដៃគូយុទ្ធសាស្ត្រ។  

សម្ដេចតេជោ បានមានប្រសាសន៍បន្តថា យើងជាប្រទេសជិតខាងនឹងគ្នាដែលមានវប្បធម៌ និងទំនៀមទម្លាប់ស្រដៀងគ្នា។

សម្ដេចក៏បានអរគុណដល់ប្រទេសថៃដែលក្លាយជាដៃគូដ៏សំខាន់ក្នុងការវិនិយោគក្នុងប្រទេសកម្ពុជា។ ការទៅមករកគ្នារវាងប្រទេសទាំងពីរ យើងត្រូវតែបើកទូលាយបន្ថែមទៀត ដើម្បីឱ្យប្រជាជនប្រទេសទាំងពីរមានឱកាសទៅធ្វើទស្សនកិច្ចស្វែងយល់ផ្សេងៗ ក៏ដូចជាការទៅពិនិត្យព្យាបាលជំងឺជាដើម។

ក្នុងនោះ ប្រទេសថៃបានក្លាយទៅបង្អែកដ៏សំខាន់សម្រាប់ប្រទេសជិតខាងដូចជាប្រទេសឡាវ មីយ៉ាន់ម៉ា កម្ពុជា ដើម្បីស្វែងរកសេវាព្យាបាលជំងឺ ដែលមានតម្លៃសមស្រប ហើយថៃក៏មានមន្ទីរពេទ្យជាច្រើនដែលជាប់នឹងព្រំដែនប្រទេសកម្ពុជាផងដែរ ហើយសម្ដេចបានផ្ដល់អនុសាសន៍ថាគួរតែបង្កើនការតភ្ជាប់បន្ថែមទៀត។  

សម្ដេចតេជោ ពិតជារីករាយដោយដឹងថាទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានការកើនឡើង ហើយកសិករកម្ពុជានៅជាប់តាមបណ្ដាព្រំដែន មានឱកាសលក់កសិផលទៅឱ្យប្រទេសថៃផងដែរ។

សម្ដេចតេជោ ក៏បានអរគុណដល់រដ្ឋាភិបាលថៃដែលបានបង្កលក្ខណៈងាយស្រួល និងសម្របសម្រួលដល់ពលករដែលបម្រើការងារនៅប្រទេសថៃ ដោយសម្ដេចបានមានប្រសាសន៍បញ្ជាក់ថា ពលករទាំងនោះមិនត្រឹមតែទទួលបានប្រាក់បៀវត្សក្នុងនោះទេ ប៉ុន្តែពួកគេថែមទទួលបាននូវបច្ចេកទេស និងជំនាញ ដែលអាចយកមកបំពេញការងារពេលត្រលប់មកកម្ពុជាវិញផងដែរ។

សម្ដេចតេជោ ក៏បានអរគុណដល់រដ្ឋាភិបាលថៃដែលបានយកចិត្តទុកដាក់លើវិស័យអភិវឌ្ឍន៍ធនធានមនុស្ស ហើយនិងបានថ្លែងអំណរគុណដល់ព្រះរាជទានរបស់ព្រះអង្គម្ចាស់ក្សត្រី សិរិនថន ក្នុងការស្ថាបនាវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាលនៅខេត្តកំពង់ធំ និងវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ ក៏ដូចជាអាហារូបករណ៍ប្រចាំឆ្នាំរបស់ព្រះអង្គ ដែលបានរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សជាច្រើននៅកម្ពុជា។

សម្តេចតេជោ បានអរគុណដល់កីឡាករប្រដាល់ថៃដែលបានមកចូលរួមប្រកួតកីឡាជាបន្តបន្ទាប់នៅប្រទេសកម្ពុជា ហើយសម្តេចតេជោក៏បានស្នើឱ្យភាគីកម្ពុជានិងភាគីថៃ ពិចារណាលើការចុះបញ្ជីរួមគ្នាលើបេតិកភណ្ឌមួយចំនួន ជាមួយប្រទេសមីយ៉ាន់ម៉ា និងឡាវ ដែលជាប្រទេសប្រកាន់ព្រះពុទ្ធសាសនា ដូចគ្នា ចៀសវាងការដណ្ដើមកម្មសិទ្ធិគ្នាទៅវិញទៅមកឧទាហរណ៍ដូចជាពិធីបុណ្យសង្ក្រាន្តជាដើម។ ប្រសិនបើយើងអាចចុះបញ្ជីរួមគ្នាបានមែននោះ វាជាការបង្ហាញពីការសាមគ្គីភាព និងជាគំរូដ៏ល្អដល់អ្នកជំនាន់ក្រោយ ដើម្បីកុំឱ្យមានការដណ្ដើមគ្នាថាជារបស់ជារបស់ប្រទេសនេះ របស់ប្រទេសនោះ។

ពាក់ព័ន្ធនឹងវិស័យទេសចរណ៍សម្ដេចតេជោ បានលើកឡើងពីគំនិតផ្ដួចផ្ដើមរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ លើរូបមន្ត Visa 2 + X គឺចាប់ផ្ដើមពីកម្ពុជា និងថៃ បូកនិងប្រទេសផ្សេងទៀត។ តាមរយៈរូបមន្តនេះ ការស្នើសុំ Visa តែមួយតែអាចទស្សនាប្រទេសកម្ពុជា និង/ឬប្រទេសថៃបាន។

សម្ដេច បានសម្តែងនូវក្តីសង្ឃឹមថា រដ្ឋាភិបាលនៃប្រទេសទាំងពីរ នឹងពិភាក្សាលើបញ្ហានេះគឺចាប់ផ្ដើមពីប្រទេសកម្ពុជា និងថៃ ដល់ប្រទេសឡាវ និងប្រទេសមីយ៉ាន់ម៉ា ជាដើម។

សម្ដេច បានបន្តថា ក្រៅពីវិស័យសេដ្ឋកិច្ច ប្រទេសយើងទាំងពីរត្រូវរួមគ្នារួមចំណែកក្នុងការថែរក្សាវប្បធម៌ ហើយយើងក៏មានវេទិកាជាច្រើនទៀតដូចជា ACMECS, Mekong, អាស៊ាន និង RCEP ជាដើម ដែលយើងត្រូវពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែប្រសើរបន្ថែមទៀត៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com