បើតាមមន្រ្តីប៉ូលិស ក្នុងប្រតិបត្តិការសមត្ថកិច្ចរកឃើញថ្នាំញៀនប្រភេទកេតាមីន ទម្ងន់២១គីឡូក្រាម ប៉ុន្តែសមត្ថកិច្ចចាប់មិនបានជនល្មើសឡើយ ។ ក្រៅពីប្រតិបត្តិការទ្រង់ទ្រាយធំនៅក្រុងភ្នំពេញ ក្រុមប៉ូលិសក៍តាមប្រមាញ់ជនសង្ស័យដែលជាជនជាតិចិនបាន២នាក់ផងដែរ នៅទឹកដីខេត្តកំពង់ធំ ព្រំប្រទល់ខេត្តព្រះវិហារ ។
បើតាមប្រភពព័ត៌មាន ករណីបាញ់សម្លាប់មនុស្សដោយប្រើប្រាស់កាំភ្លើងអាការបាញ់រះទម្លុះកញ្ចក់រថយន្តម៉ាកសឺដេសនេះ មិនមែនជារឿងចរាចរឬគំនុំឡើយ ពោលជាករណីចាប់ជម្រិតទារប្រាក់ ។
ប្រភពបន្តថា ក្រុមឧក្រិដ្ឋជនបានជម្រិតទារប្រាក់ប្រមាណជាង៣០លានដុល្លារពីសាច់ញាតិជនរងគ្រោះ បន្ទាប់ពីពួកគេបានចាប់ជនរងគ្រោះដែលជាថៅកែ ជនជាតិចិន ម៉ាឡេ ធ្វើជាចំណាប់ខ្មាំង ។
ជុំវិញករណីនេះ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ លោកឧត្ដមសេនីយ៍ ង៉េង ជួ និង លោក ប៊ុន សត្យា ស្នងការរងនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ មិនបានបរិយាយឱ្យលម្អិតឡើយ ដោយលោកបញ្ជាក់បែបខ្លី ប្រាប់សារព័ត៌មាន Cam Post នៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា ពេលនេះសមត្ថកិច្ចកំពុងតាមប្រមាញ់ និងធ្វើការរឿងនេះ ។
បើតាមអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សំ វិច្ឆិកា បានប្រាប់ថា ករណីបាញ់ប្រហារនេះ គឺក្រុមជនល្មើសបានបើករថយន្តមួយគ្រឿងម៉ាកហ្វត ទៅបំបុករថយន្តជនរងគ្រោះម៉ាកសឺដេស បន្ទាប់មកស្រាប់តែមានរថយន្តមួយគ្រឿងទៀត ម៉ាកឡង់គ្រីស័រ ដែលជាបក្សពួកជនល្មើស បានទៅដល់ចំណុចកើតហេតុ នឹងបានបាញ់រះស្រោចទៅលើរថយន្តជនរងគ្រោះ ដោយកាំភ្លើងវែងខ្លី បណ្តាលមនុស្ស២នាក់ស្លាប់ និងរបួស ។
ក្រោយការបាញ់ប្រហាររួច ក្រុមជនល្មើសបានទុករថយន្តហ្វតចោលនៅកន្លែងកើតហេតុ ដោយឡើងជិះរថយន្តឡង់គ្រីស័ររត់គេចចេញពីកន្លែងកើតហេតុបាត់ស្រមោលតែម្តង ៕