លើកឡើងក្នុងជំនួបនោះ អភិបាលខេត្តកំពង់ស្ពឺ លោក ជាម ចន្ទ័សោភ័ណ បានឱ្យដឹងថា អ្នកវិនិយោគនៃខេត្តជឺជាំង ប្រទេសចិនលោក XIA RUZHONG បានសម្រេចទម្លាក់ទុនដ៏ច្រើននេះនៅក្នុងកំពង់ស្ពឺគឺក្រោយពេលដែលលោកបានចុះសិក្សាស្វែងយល់ពីឱកាសវិនិយោគនៅក្នុងប្រទេសវៀតណាមចំនួន៨លើកនិងប្រទេសថៃចំនួន២លើក។
អភិបាលខេត្តកំពង់ស្ពឺឱ្យដឹងថាប្រទេសកម្ពុជា ជាប្រទេសទីមួយនិងចុងក្រោយ ដែលលោកXIA RUZHONGបានមកដល់និងយល់ពីឱកាសវិនិយោគ ហើយការសម្រេចចិត្តធ្វើឡើងត្រឹមតែ៣ថ្ងៃប៉ុណ្ណោះ ក្រោយពេលមកដល់ប្រទេសកម្ពុជា។លោកថាក្រោយមកដល់គឺអ្នកវិនិយោគរូបនេះនិងក្រុមការងារបានសម្រេចទម្លាក់ទុននិងជ្រើសយកស្រុកសំរោងទងជាស្រុកគោលដៅនិងតាំងរោងចក្រផលិត។
ក្នុងជំនួបនោះដែរ លោក ជាម ចន្ទ័សោភ័ណ ក៏បានបង្ហាញពីសក្តានុពលខេត្តកំពង់ស្ពឺនិងឱកាសវិនិយោគសម្រាប់ក្រុមហ៊ុនដែលមានបំណងចង់ដាក់ទុនរកស៊ីនៅក្នុងខេត្តនេះ។លោកថា នៅឆមាសទីមួយក្នុងឆ្នាំ២០២៤នេះ ខេត្តកំពង់ស្ពឺមានរោងចក្រចំនួន៣០ត្រូវបានបើកទ្វារដំណើរ និងមានរោងចក្រជាច្រើនផ្សេងទៀតកំពុងសាងសង់។
បច្ចុប្បន្នខេត្តមានរោងចក្រប្រមាណ៤២៣កន្លែងនិងមានសហគ្រាសធុនតូចនិងមធ្យមប្រមាណជិត១០០០កន្លែង មានកម្មករ កម្មការិនីជាង២សែននាក់កំពុងធ្វើការ ហើយក្នុងចំណោមរងចក្រទាំងនោះអ្នកវិនិយោគប្រមាណជា៩០%ជាជនជាតិចិន។
ដោយសារតែកំណើននេះ អភិបាលខេត្តបានបញ្ជាក់ពីការជឿទុកនៃអ្នកវិនិយោគមកលើថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ពិសេសការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានដាក់ចេញនូវយុទ្ធសាស្ត្រគន្លឹះជាច្រើនដើម្បីបង្កើនប្រសិទ្ធិភាពនិងប្រសិទ្ធិផលនៃការដឹកនាំ ពិសេសគឺការផ្តល់ជំនឿទុកចិត្តដល់អ្នកវិនិយោគនិងឱកាសការងារដល់ប្រជាពលរដ្ឋទូទាំងប្រទេស ៕