ក្នុងឱកាសអនុញ្ញាតឱ្យគណៈប្រតិភូទីភ្នាក់ងារកិច្ចការនីតិប្បញ្ញត្តិប្រចាំតំបន់ នៃសភាតំណាងតំបន់ (House of Regional Representatives) នៃសាធារណរដ្ឋឥណ្ឌូណេស៊ី ដឹកនាំដោយលោក ស្តេហ្វានុស បេន លីអូ (Stefanus B. A. Liow)ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីឈ្វេងយល់អំពីតួនាទី និងភារកិច្ចរបស់ព្រឹទ្ធសភាកម្ពុជា ក្នុងការរៀបចំ ការតាមដានការអនុវត្ត និងការវាយតម្លៃលើច្បាប់ និងបទប្បញ្ញត្តិនានាជាពិសេសពាក់ព័ន្ធគោលនយោបាយ និងយន្តការគ្រប់គ្រងវិស័យទេសចរណ៍ នៅកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ លោក អ៊ុច បូររិទ្ធ អនុប្រធានទី២ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានជម្រាបជូនពីវិស័យទេសចរណ៍ជាអាទិភាពមួយ នៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានគោលដៅយុទ្ធសាស្ត្រចំនួន៣ រួមមាន៖ ១-ភាពប្រកួតប្រជែងទេសចរណ៍, ២-ចីរភាពទេសចរណ៍ និង ៣-បរិយាបន្នទេសចរណ៍ និងសសរស្តម្ភយុទ្ធសាស្ត្រទាំង៥ ដើម្បីអនុវត្តឱ្យបានជោគជ័យគោលដៅយុទ្ធសាស្ត្រទាំង៣នេះ។
លោកអនុប្រធានទី២ បានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការ ក្នុងវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ ដែលជាការរួមចំណែកក្នុងលើកស្ទួយសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសជាតិទាំងពីរ ។
ជាមួយគ្នានេះ លោកអនុប្រធានទី២ បានជម្រាបជូនគណៈប្រតិភូអំពីតួនាទី ភារកិច្ច និងបទពិសោធនៃការអនុវត្តរបស់ព្រឹទ្ធសភា ក្នុងដំណើរការរៀបចំធ្វើសេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់ និងបទប្បញ្ញត្តិនានា និងការរួមចំណែករបស់ព្រឹទ្ឋសភា ក្នុងការពង្រឹងការអនុវត្តច្បាប់ ដោយសហការជាមួយក្រសួងជំនាញពាក់ពន្ធ ក៏ដូចជានៅថ្នាក់ក្រោមជាតិ។
ឆ្លៀតក្នុងឱកាសនោះ លោកអនុប្រធានទី២ ក៏បានបានបញ្ជាក់ថា អាទិភាពចម្បងពីររបស់ព្រឹទ្ធសភា នីតិកាលទី៥ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ប្រធានពឹ្រទ្ធសភា គឺ “ការរួមប្រាស្រ័យឱ្យកាន់តែជិតស្និទ្ធជាមួយអង្គបោះឆ្នោត, និងការអនុវត្តការទូតសភា” ដោយសង្កត់ធ្ងន់លើការផ្សារភ្ជាប់របស់សមាជិកព្រឹទ្ធសភាជាមួយប្រជាជន ការជំរុញកិច្ចសហប្រតិបត្តិការ និងការរឹតចំណងមិត្តភាពជាមួយអង្គ ការនីតិបញ្ញត្តិនៃបណ្តាប្រទេសជាមិត្ត តាមរយៈការបង្កើតក្រុមមិត្តភាព ដែលជាយន្តការសំខាន់ក្នុងការធ្វើឱ្យសម្រេចបានទិសដៅដ៏វិសេសវិសាលនេះ។
ជាការឆ្លើយតប លោក ស្តេហ្វានុស បេន លីអូ ប្រធានគណៈប្រតិភូសភាឥណ្ឌូណេស៊ីបានសម្តែងនូវការកោតសរសើរយ៉ាងក្រៃលែងចំពោះភាពដឹកនាំដ៏ឈ្លាសវៃបំផុតរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ព្រមទាំងថ្លែងអរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ និងការចែករំលែកព័ត៌មាននិងការយល់ដឹងដ៏មានតម្លៃ សម្រាប់គណៈប្រតិភូផ្ទាល់ ក៏ដូចជាសម្រាប់សភាតំណាងតំបន់របស់ឥណ្ឌូណេស៊ីទាំងមូល ដែលទើបត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៤ និងដែលទាមទារនូវការរៀនសូត្រ និងការដកស្រង់បទពិសោធពីបណ្តាប្រទេសជាមិត្ត ដូចកម្ពុជា ជាដើម។
លោកប្រធានគណៈប្រតិភូក៏បានបង្ហាញនូវការគាំទ្រចំពោះប្រសាសន៍លើកឡើងរបស់ឯកឧត្តមអនុប្រធានទី២ និងសន្យាពាំនាំនូវសំណើទាំងនោះជូនថ្នាក់ដឹកនាំសភា និងស្ថាប័នពាក់ព័ន្ធ ដើម្បីពិចារណាក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។