ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
សម្តេចតេជោ ហ៊ុន សែន គឺជាឥស្សរជនបរទេសទី១ ដែលបានអញ្ជើញគោរពវិញ្ញាណក្ខន្ធ អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម
ថ្ងៃទី ៖ 25-07-2024, ដោយ​​ Dara007 , 75 Views
                     
វៀតណាមៈ នៅក្នុងពិធីគោរពវិញ្ញាណក្ខន្ធថ្នាក់ជាតិ ដែលរៀបចំឡើងនៅ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញនាំយកនូវកូរោនផ្កា គោរពវិញ្ញាណក្ខន្ធសព លោក Nguyen Phu Trong អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម ដែលបានទទួលមរណភាព ដោយជរាពាធ ក្នុងជន្មាយុ ៨០ឆ្នាំ កាលពីរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤។

នៅក្នុងពិធីគោរពវិញ្ញាណក្ខន្ធថ្នាក់ជាតិ ដែលប្រារព្វធ្វើឡើងនៅសាលកម្កល់សពថ្នាក់ជាតិ សម្តេចប្រធានព្រឹទ្ធសភា សម្តេច លោក លោកស្រី បានអុជធូបឧទ្ទិសដល់វិញ្ញាណក្ខន្ធសព លោក Nguyen Phu Trong ជាលើកចុងក្រោយ និងជាការជូនដំណើរសព លោក Nguyen Phu Trong។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺជាឥស្សរជនបរទេសទី១ ដែលបានអញ្ជើញគោរពវិញ្ញាណក្ខន្ធលោក Nguyen Phu Trong បន្ទាប់ពីឯកឧត្តមអគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាមរូបនេះ បានទទួលមរណភាពកាលពីថ្ងៃសុក្រទី១៩ ខែកក្កដា ឆ្នាំ២០២៤ ។

បើតាមជីវប្រវត្តិសង្ខេម លោក Nguyen Phu Trong កើតនៅឆ្នាំ១៩៤៤ ក្នុងត្រកូលគ្រួសារកសិករក្រីក្រមួយរស់នៅក្នុងឃុំ Dong Hoi ស្រុក Dong Anh ទីក្រុងហាណូយ។

លោកគឺជាសាស្ត្រាចារ្យ ម្នាក់ដែលទទួលបានសញ្ញាប័ត្រ បណ្ឌិតផ្នែកនយោបាយ។

លោក បានក្លាយជាសមាជិកបក្សកម្មុយនិស្ដវៀតណាម ដោយបម្រើការឱ្យទស្សនាវដ្ដីរបស់បក្ស គឺ Communist Review ពីឆ្នាំ១៩៦៧ ដល់ឆ្នាំ១៩៩៦ ហើយបានក្លាយជានិពន្ធនាយកទស្សនាវដ្ដីនេះក្នុងឆ្នាំ១៩៩៧។ លោកបានក្លាយជាលេខារងនៃគណៈកម្មាធិការបក្សប្រចាំទីក្រុងហាណូយ នៅខែសីហា ឆ្នាំ១៩៩៦ ដល់ខែកុម្ភៈ ឆ្នាំ១៩៩៨។ ពីខែកុម្ភៈ ឆ្នាំ១៩៩៨ ដល់ខែមករា ឆ្នាំ២០០០ ឯកឧត្តម Nguyen Phu Trong ដែលមានជំនឿលើមនោគមន៍វិជា្ជ ម៉ាក-ឡេនីន (Marxism-Leninism) បានទទួលបន្ទុកលើកិច្ចការ មនោគមន៍វិជ្ជា វប្បធម៌ វិទ្យាសាស្ត្រ និងអប់រំរបស់គណបក្សកុម្មុយនិស្ដវៀតណាម។ ចាប់ពីខែមករា ឆ្នាំ២០០០ ដល់ខែមិថុនា ឆ្នាំ២០០៦ ឯកឧត្តមបានបម្រើការជាលេខានៃគណៈកម្មាធិការ បក្សប្រចាំទីក្រុងហាណូយ។ នៅចន្លោះពីខែមីនា ឆ្នាំ១៩៩៨ ដល់ខែសីហា ឆ្នាំ២០០៦ លោកបានកាន់តំណែងជាអនុប្រធាន និងជាប្រធានក្រុមប្រឹក្សាទ្រឹស្ដី នៃគណៈកម្មាធិការមជ្ឈិមគណបក្សកុម្មុយនិស្ដវៀតណាម។

លោក Nguyen Phu Trong បានក្លាយជាប្រធានសភាវៀតណាមពីខែមិថុនា ឆ្នាំ២០០៦ ដល់ខែកក្កដា ឆ្នាំ២០១១ ហើយនៅចន្លោះពីខែមករា ឆ្នាំ២០១១ ដល់ខែមករា ឆ្នាំ២០១៦ លោកបានក្លាយជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនិស្ដវៀតណាម នីតិកាលទី១១ និងជាលេខានៃគណៈកម្មការយោធាមជ្ឈិម។ ក្រោយមក លោក Nguyen Phu Trong បានធ្វើជាអគ្គលេខាធិការបក្សនីតិកាលទី១២ និងលេខាគណៈកម្មការយោធាមជ្ឈិមពីខែមករា ឆ្នាំ២០១៦ ដល់ខែតុលា ឆ្នាំ២០១៨។

លោក Nguyen Phu Trong បានកាន់តំណែងជាអគ្គលេខាធិការបក្ស ប្រធានាធិបតី និងលេខានៃគណៈកម្មការយោធាមជ្ឈិមនៅចន្លោះពីខែតុលា ឆ្នាំ២០១៨ ដល់ខែមេសា ឆ្នាំ២០២១។ ចាប់តាំងពីឆ្នាំ២០២១ មកទល់នឹងលោកទទួលមរណភាព លោក Nguyen Phu Trong បានកាន់តំណែងជាអគ្គលេខាធិការបក្សនីតិកាលទី១៣ និងជាលេខាគណៈកម្មការយោធាមជ្ឈិម។ លោក Nguyen Phu Trong ក៏ធ្លាប់ជាសមាជិកការិយាល័យនយោបាយទី៨ រហូតដល់ទី១៣ របស់បក្សកម្មុយនិស្ដវៀតណាមផងដែរ។

បន្ទាប់មកនៅព្រឹកថ្ងៃដដែលនោះដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញចាកចេញពីរដ្ឋធានី ហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងដំណើរនិវត្តន៍មកកាន់ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

នៅអាកាសយានដ្ឋានអន្តរជាតិណូយបៃ វត្តមាននៃការអញ្ជើញជូនដំណើរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់របស់ព្រះរាជាណាចក្រកម្ពុជា រួមមានលោក លោកស្រីជាឥស្សរជនជាន់ខ្ពស់ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម និងឥស្សរជនការទូតរបស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាមជាច្រើនរូប។

សូមបញ្ជាក់ថា សម្តេចប្រធានព្រឹទ្ធសភាកម្ពុជា គ្រោងនិងអញ្ជើញទៅដល់រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤នេះ។

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com