ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
សមាជិកព្រឹទ្ធសភាជប៉ុន ៖ កម្ពុជា នឹងរីកចម្រើនផ្នែកវិនិយោគនេះបន្ថែមទៀត ក្រោមការដឹកនាំរបស់សម្តេចធិបតី
ថ្ងៃទី ៖ 16-07-2024, ដោយ​​ Dara007 , 96 Views
                     
ភ្នំពេញៈ សមាជិកព្រឹទ្ធសភាជប៉ុន ជឿជាក់ថា កម្ពុជា នឹងរីកចម្រើនផ្នែកវិនិយោគនេះបន្ថែមទៀត ក្រោមការដឹកនាំរបស់សម្តេចធិបតី តាមរយៈធ្វើឱ្យកាន់តែប្រសើរឡើងនូវបរិយាកាសវិនិយោគក្នុងប្រទេសកម្ពុជា។

ក្នុងឱកាសដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ លោក យ៉ាម៉ាគូជិ ណាត់ស៊ូអូ (YAMAGUCHI Natsuo) សមាជិកព្រឹទ្ធសភាជប៉ុន និងជាប្រធានគណបក្ស Komeito បានជម្រាប សម្តេចតេជោថា លោកធ្លាប់មកបានបំពេញទស្សនកិច្ចនៅកម្ពុជាលើកទីមួយក្នុងឆ្នាំ១៩៩១ ដែលពេលនោះកម្ពុជានៅមានក្រុមប្រដាប់អាវុធរហូត៤ក្រុម ហើយនៅមានសង្គ្រាមនៅឡើយ។

នៅឆ្នាំ១៩៩២ ជប៉ុនបានសម្រេចចិត្តបញ្ជូន កងកម្លាំងរក្សាសន្តិភាពមកកម្ពុជា លោកបានមកកម្ពុជាចំនួន២ដងទៀត ដែលនាពេលនោះ ឯកឧត្តមបានមើលឃើញថា កម្ពុជាកំពុងតែរងគ្រោះដោយសង្គ្រាម ជាពិសេស ដោយបញ្ហាគ្រាប់មីន និង ឯកឧត្តម គិតថា ជប៉ុនគួរតែជួយ កម្ពុជាក្នុងការដោះមីន ដោយប្រើបច្ចេកទេសនិងគ្រឿងចក្រជប៉ុនសម្រាប់បោសសម្អាតគ្រាប់មីន ។

លោក បានរំលឹកថា លោកបានមកកម្ពុជាម្ដងទៀត នៅក្នុងឆ្នាំ២០០៣ ក៏បានជួបជាមួយនឹងលោក ហេង រតនា ដែលបានដឹកនាំក្រុមដោះមីនកម្ពុជា ហើយ ជប៉ុនបានសហការក្នុងបោសសម្អាតមីន ដែលប្រើប្រាស់បច្ចេកវិទ្យាជប៉ុន នៅឆ្នាំ២០០៦។

នៅក្នុងដំណើរទស្សនកិច្ចនេះ លោកក៏បានពិភាក្សាគ្នាជាមួយឯកឧត្តម ហេង រតនា លើកិច្ចសហប្រតិបត្តិការក្នុងការបន្តសកម្មភាពមីននៅកម្ពុជា។ សម្រាប់ដំណើរទស្សនកិច្ចលើកនេះ គឺមានរយៈពេលជាង ៣២ឆ្នាំ គិតពីពេលដែលឯកឧត្តម មកប្រទេសកម្ពុជាដំបូង ឯកឧត្តមពិតជាមានអារម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយឃើញកម្ពុជាមានការរីកចម្រើន ជាពិសេសទីក្រុងភ្នំពេញមានការអភិវឌ្ឍលឿនរហ័ស និងមានសុខសន្តិភាពពេញលេញ។

លោក ក៏បានគោរពនូវភាពជាអ្នកដឹកនាំរបស់សម្ដេចតេជោ ក្នុងការស្វែងរកសុខសន្តិភាព កសាងប្រទេស និងអភិវឌ្ឍប្រទេសឱ្យមានការរីកចម្រើនជាបន្តបន្ទាប់។

លោក ក៏មានមោទនភាពដែលជប៉ុន និងកម្ពុជាឈានទៅដល់ការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កាលពីឆ្នាំ២០២៣។ ទំនាក់ទំនងនេះ បាននាំឱ្យកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ជប៉ុន ត្រូវបានពង្រីកទៅដល់វិស័យយោធា សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ឌីជីថល Cyberការប្រែប្រួលអាកាសធាតុ ជាដើម។

លោកប្រធាន ក៏បានរំលឹកពីជំនួបសម្តែងការគួរសមជាមួយ សម្តេចធិបតី ក្នុងឆ្នាំ២០២៣ នៅប្រទេសជប៉ុន និងជំនួបពិភាក្សា កាលពីម្សិលមិញ នៅវិមានសន្តិភាព ដែលទទួលបាននូវលទ្ធផលជាផ្លែផ្កា ជាពិសេសគឺការជំរុញកិច្ចសហប្រតិបត្តិការបោសសម្អាតមីន CMAC និងការចូលរួមសហការដើម្បីបោសសម្អាតមីននៅលើពិភពលោក តាមរយៈជំនាញបទពិសោធន៍ និងសមត្ថភាពលើសគេរបស់ CMAC និងបច្ចេកវិទ្យារបស់ប្រទេសជប៉ុន។

លោក ក៏បានលើកឡើងជាមួយសម្តេចធិបតី អំពីពាណិជ្ជកម្ម និងការវិនិយោគជប៉ុននៅកម្ពុជា ដោយបានលើកអំពីការវិនិយោគរបស់ក្រុមហ៊ុនផ្សារទំនើបអ៊ីអន និងការតម្លើងរថយន្តរបស់ក្រុមហ៊ុន តូយ៉ូតាផងដែរ។ លោក ជឿជាក់លើការដឹកនាំរបស់ សម្តេចធិបតី ដែលប្រាកដជានាំមកនូវការរីកចម្រើនផ្នែកវិនិយោគនេះបន្ថែមទៀត តាមរយៈធ្វើឱ្យកាន់តែប្រសើរឡើងនូវបរិយាកាសវិនិយោគក្នុងប្រទេសកម្ពុជា។ លោក បានបញ្ជាក់ថា បច្ចុប្បន្នមានប្រជាជនជប៉ុន កំពុងរស់នៅក្នុងប្រទេសកម្ពុជាប្រមាណ ៤.០០០នាក់ រីឯប្រជាជនកម្ពុជារស់នៅក្នុងប្រទេសជប៉ុន គឺមានចំនួនប្រមាណជា ២០.០០០នាក់។ ក្រៅពីទំនាក់ទំនងពាណិជ្ជកម្ម ទំនាក់ទំនងរវាងប្រជាជន និងប្រជាជនកម្ពុជា-ជប៉ុន នឹងចូលរួមចំណែកពង្រឹងទំនាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុន ឱ្យកាន់តែរឹងមាំបន្ថែមទៀតផង។

ជាកិច្ចឆ្លើយតប សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណលោក YAMAGUCHI ចំពោះការរំលឹកពី ដំណើរទស្សនកិច្ចមកកម្ពុជា ក្នុងអំឡុងជាង ៣២ឆ្នាំមកនេះ គឺចាប់តាំងពីប្រទេសកម្ពុជា កំពុងមានសង្រ្គាមនៅឡើយ និង សូម្បីតែក្រោយឆ្នាំ១៩៩៣ គឺនៅពេលដែល UNTAC ចាកចេញពីកម្ពុជាទៅហើយ ក៏សង្រ្គាមមិនទាន់បានបញ្ចប់ទាំងស្រុងដែរ។ សម្តេចតេជោ បានមានប្រសាសន៍បន្តថា លោក គឺជាសាក្សីរស់ ដែលបានមើលឃើញពីការពិតនៃការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ដោយសារកត្តាសន្តិភាព ហើយសន្តិភាពកំពុងគ្របដណ្តប់ពេញប្រទេសកម្ពុជា រកមកបានយ៉ាងលំបាកណាស់។

សម្តេចតេជោ បានសង្កត់ធ្ងន់ថា សម្តេចប្រកាន់ខ្ជាប់ដោយគ្មានថ្ងៃប្រែប្រួលនូវទស្សនៈផ្តល់តម្លៃដល់សន្តិភាព មុនអ្វីៗទាំងអស់ ពីព្រោះបើគ្មានសន្តិភាព គឺគ្មានទេលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។

សម្តេច បន្តទៀតថា ប្រទេសជាច្រើនស្រែករកតែលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដោយមិនខ្វល់ពីកត្តាសន្តិភាពក្នុងប្រទេស ដែលប្រៀបដូចជាការមើលតែមួយជ្រុង ឬមើលដើមឈើតែមួយដើម មិនព្រមមើលព្រៃទាំងមូលទេ។ សម្ដេចបានមានប្រសាសន៍ថាសន្តិភាពពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន ពីព្រោះ មានសន្តិភាពទើបយើងអាចមានអ្វីៗបានដូចសព្វថ្ងៃនេះ។ សម្តេចតេជោ បានមានប្រសាសន៍បន្តថា ជាក់ស្តែង ចំពោះជំនួយរបស់ជប៉ុនក្នុងការបោសសម្អាតមីន ប្រសិនបើគ្មានសន្តិភាពទេ គឺមិនអាចទៅដោះមីនបានឡើយ ព្រោះយើងដោះមីនបានប៉ុណ្ណា គេក៏នឹងដាក់បន្ថែមប៉ុននោះ។  

សម្តេចតេជោ បានបញ្ជាក់ថា លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ត្រូវដើរទន្ទឹមនឹងនីតិរដ្ឋ ទើបអាចរក្សាសន្តិភាពបាន។ ដូចនេះ ការរក្សាឱ្យបាននូវតុល្យភាពនៃកត្តាទាំង៣នេះ ទើបប្រទេសមានការអភិវឌ្ឍ និងសន្តិភាព ពិតប្រាកដ។

សម្តេច បានថ្លែងអំណរគុណរដ្ឋាភិបាលជប៉ុន ដែលបានផ្តល់ជំនួយយ៉ាងច្រើនមកដល់កម្ពុជាស្ទើរគ្រប់វិស័យ ជាពិសេស ក្នុងការបោសសម្អាតមីន ។

តាមរយៈគណបក្ស Komeito សម្តេចសូមស្នើជប៉ុនបន្តគាំទ្រជួយកម្ពុជាសម្រេចបាននូវគោលដៅ “កម្ពុជា គ្មានមីន២០២៥” ក៏ ដូចជាជួយដល់អ៊ុយក្រែន និងប្រទេសដទៃទៀត ដែលបញ្ជូនកម្មសិក្សាមកទទទួលការបណ្តុះបណ្តាលនៅកម្ពុជា។ ជប៉ុន បានជួយក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធទាំងផ្លូវគោក និងផ្លូវទឹក ដែលបច្ចុប្បន្នកំពង់ផែស្វយ័តកម្ពុជា កំពុងឈានទៅដល់ការពង្រីកសមត្ថភាពសម្រាប់ការចូលចតនាវាខ្នាតធំ។ ទោះបីជាមានការផ្តល់ជំនួយច្រើនពិតមែន ប៉ុន្តែ សម្តេចតេជោ សង្កេតឃើញថា ការវិនិយោគរបស់ក្រុមហ៊ុនជប៉ុននៅកម្ពុជា គឺនៅមានកម្រិតនៅឡើយ។ សម្ដេចបន្តថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចអធិបតីនាយករដ្ឋមន្ត្រី កំពុងរៀបចំបរិយាកាសវិនិយោគឱ្យកាន់តែប្រសើរឡើង ។ សម្ដេចចង់ឱ្យក្រុមហ៊ុនជប៉ុនបង្កើនការវិនិយោគបន្ថែមទៀតនៅកម្ពុជា ដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។

ជាមួយគ្នានោះ សម្ដេច ពិតជារីករាយចំពោះការដំឡើងកម្រិតទំនាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុនទៅជា ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងមានមោទនភាព ដែលបានធ្វើការជាមួយជប៉ុនអស់រយៈពេល៣៤ឆ្នាំកន្លងមកនេះ ។ សម្ដេចក៏បានសម្តែងនូវក្តីមោទនភាពដែលបានបើកទ្វារឱ្យជប៉ុនបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពចេញមកកម្ពុជាមុនគេ។

លោក YAMAGUCHI បានថ្លែងអំណរគុណសម្តេចតេជោ និងបានកត់ត្រាយ៉ាងច្បាស់លាស់ពីទស្សនៈប្រកបដោយគតិបណ្ឌិតរបស់សម្តេច អំពីគុណតម្លៃនៃសន្តិភាព ដាច់ខាតត្រូវមានសន្តិភាព ទើបអាចធ្វើការដោះមីន អភិវឌ្ឍប្រទេស និងមាននីតិរដ្ឋបាន។ ចំពោះការជំរុញវិនិយោគជប៉ុនមកកម្ពុជា លោក នឹងពាំនាំខ្លឹមសារនេះទៅដល់រដ្ឋាភិបាលជប៉ុន និងជាពិសេស ទៅរដ្ឋមន្រ្តីសាធារណការជប៉ុន ដែលជាសមាជិកគណបក្សKomeito ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់នៅកម្ពុជា ឱ្យបានច្រើន និងសម្បូរបែបថែមទៀត ដែលជាកត្តាសំខាន់សម្រាប់អ្នកវិនិយោគ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com