ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី «ទស្សនកិច្ច និងសម្ពោធសមិទ្ធផលនៅអគារអនុវត្តមុខងារ សេសសល់ របស់ អ.វ.ត.ក.» ដែលមានទីតាំងក្នុងបរិវេណទីស្តីការគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ជំហររាជរដ្ឋាភិបាលមិនអនុញ្ញាតឲ្យមានការកាប់សម្លាប់រង្គាលពលរដ្ឋខ្លួន ដូចកាលសម័យរបបកម្ពុជា ប្រជាធិបតេយ្យ (របបខ្មែរក្រហម) នោះឡើយ បន្ទាប់ពីរបបខ្មែរក្រហម បានបន្សល់ទុកនូវការខូចខាតនឹកស្មានមិនដល់ និងទុក្ខវេទនាដែលមិនអាចបំភ្លេចបាន ដល់ពលរដ្ឋខ្មែររហូតមកដល់ពេលបច្ចុប្បន្ន។
ក្នុងន័យនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គោលនយោបាយកាប់សម្លាប់ប្រជាពលរដ្ឋ មិនអាចទទួលយកបានឡើយ ដែលកូនខ្មែរជំនាន់ក្រោយត្រូវចង់ចាំ និងត្រូវទប់ស្កាត់ នូវអំពើបែបនេះឲ្យខាងតែបាន។
ទន្ទឹមនឹងនេះ សម្ដេចធិបតីក៏បានណែនាំឲ្យបង្កើនការរក្សាទុកឯកសារជាឌីជីថល ដើម្បីការពារការបាត់បង់ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់កូនខ្មែរគ្រប់ជំនាន់។
ម៉្យាងវិញទៀតមានក្មេងសម័យបច្ចុប្បន្នមិនជឿនូវអ្វីដែលចាស់ៗជំនាន់មុនបានឆ្លងកាត់ក្នុងសម័យសង្គ្រាម ដូច្នេះឯកសារពាក់ព័ន្ធត្រូវរក្សាទុកឲ្យបានល្អ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តប្រជាពលរដ្ឋខ្មែរ និងជនបរទេស ដែលចង់សិក្សាស្រាវជ្រាវឯកសារដើម ពាក់ព័ន្ធរបបប្រល័យពូជសាសន៍ជាប្រភពឯកសារដើមទាំងអស់ ហើយប្រវត្តិសាស្ដ្រដែលកម្ពុជាមាន មិនត្រូវទុកតែខ្លួនឯងនោះទេ ពោលត្រូវបើកឱកាសឲ្យបរទេសស្រាវជ្រាវ ពិសេសតុលាការដែលមានចរិកប្រវត្តិសាស្ដ្រ។
សូមបញ្ជាក់ថា ឯកសារប្រវត្តិសាស្រ្ដនៃរបបប្រល័យពូជសាសន៍ របស់ អ.វ.ត.ក. ក្រោយពីបានបញ្ចប់ប្រកបដោយជោគជ័យ កាលពីចុងឆ្នាំ២០២២ ពោលគឺបានចាយអស់រយៈពេល១៦ឆ្នាំ ជាមួយនឹងការគាំទ្រ និងទទួលស្គាល់ពីសហគមន៍អន្តរជាតិ ក្នុងនោះបានរក្សាទុកនូវ បណ្ណសារតុលាការ មានចំនួនសរុប ២៣៣,៨៣៦ ឯកសារ ដែលស្មើនឹងជិត ២,៤ លានទំព័រ ជាបីភាសា (ខ្មែរ អង់គ្លេស និងបារាំង)៕