ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីបើកការប្រកួតយុទ្ធគុនចម្រុះជ្រើសរើសជើងឯកអាស៊ីលើកទី២ ឆ្នាំ២០២៤ ស្ថិតនៅពហុកីឡដ្ឋានជាតិអូឡាំពិច នៅល្ងាចថ្ងៃទី ១១ ខែកក្កដានេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ចាប់ពីខែតុលា ឆ្នាំ ២០២៤ ខាងមុខនេះ កម្ពុជានឹងមានរៀបចំការប្រកួតក្បាច់គុនចម្រុះដោយខ្លួនឯង ប្រៀបដូចនឹងការប្រកួត MMA ដែរ នៅកម្ពុជាផ្ទាល់តែម្ដង ដើម្បីកូនខ្មែរអាចបង្ហាញក្បាច់គុនខ្មែរនៅគ្រប់ទម្រង់គុនខ្មែរតែម្ដង ។
សម្ដេចធិបតីបន្ដថា ការរៀបចំការប្រកួតក្បាច់គុនចម្រុះដោយខ្លួនឯងនេះ ដើម្បីបង្ហាញឱ្យកូនខ្មែរ និងអន្ដរជាតិបានស្គាល់ថា ក្បាច់គុនខ្មែរមានច្រើនណាស់។ជាពិសេសព្រឹត្តិការណ៍ប្រកួតកីឡាមិនត្រឹមតែជាការប្រកួតកីឡាប៉ុណ្ណោះទេ ប៉ុន្ដែកីឡាបានបង្កើនសាមគ្គី និងមិត្ដភាពរវាងបណ្ដាប្រទេសនៅលើពិភពលោកផងដែរ។
សម្ដេចធិបតីបានបញ្ជាក់ថា រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់យ៉ាងខ្លាំង ដើម្បីលើកកម្ពស់វិស័យកីឡាជាតិឲ្យកាន់តែរីកចម្រើន បន្ទាប់ពីកម្ពុជាទើបតែបានរៀបចំការប្រកួតកីឡា ស៊ីហ្គេម និងអាស៊ានបារ៉ាហ្គេមឆ្នាំ២០២៣ គឺទទួលបានការជោគជ័យយ៉ាងខ្លាំង។ ជាមួយគ្នានេះ សម្ដេចធិបតីបានប្រកាសស្វាគមន៍ជនបរទេសអាចចូលរួមប្រគួតក្បាច់គុនក្នុងព្រឹត្តិការណ៍គុណខ្មែរនេះផងដែរ ប៉ុន្ដែត្រូវចេះក្បាច់គុនខ្មែរ ទើបអាចចូលប្រគួតបាន៕