ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ហ្វីលីពីន ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ អប់រំ សុខាភិបាល និងទំនាក់ទំនងយោធាជាមួយកម្ពុជា
ថ្ងៃទី ៖ 08-07-2024, ដោយ​​ Dara007 , 75 Views
                     
ភ្នំពេញៈ ហ្វីលីពីន ប្ដេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ អប់រំ សុខាភិបាល និងទំនាក់ទំនងយោធាជាមួយកម្ពុជា ដើម្បីបង្កើនទំហំពាណិជ្ជកម្ម ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរវាងប្រទេសទាំងពីរ។

ក្នុងឱកាសដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ចូលជួបសម្ដែងការគួរសម និង ពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ លោកស្រី ផ្លេរីដា អែន ខាំមែល ភីម៉ាយយូ (Flerida Ann Camille P. Mayo) ឯកអគ្គរដ្ឋទូតហ្វីលីពីន ប្រចាំកម្ពុជា មានប្រសាសន៍ថា ក្នុងអាណត្តិបេសកកម្មការទូតនៅប្រទេសកម្ពុជា លោកស្រី នឹងខិតខំ ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ អប់រំ សុខាភិបាល និងទំនាក់ទំនងយោធា។ នៅក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ បច្ចុប្បន្នគឺមានក្រុមហ៊ុនហ្វីលីពីន កំពុងដំណើរការនៅក្នុងប្រទេសកម្ពុជា លើផ្នែកសុខាភិបាល អប់រំ និងឧស្សាហកម្មកែច្នៃម្ហូបអាហារ។ លើសពីនេះទៅទៀត អ្នកវិនិយោគហ្វីលីពីន កំពុងសម្លឹងមើលឱកាស និងដៃគូធុរកិច្ច ដើម្បីវិនិយោគបន្ថែម លើវិស័យសំណង់ អាហារនិងភេសជ្ជៈ ឧស្សាហកម្មកែច្នៃអាហារ និងផលិតអាហារ ហាងលក់រាយ និងវិស័យអប់រំជាដើម។

លោកស្រី បានជម្រាបសម្តេចតេជោថាហ្វីលីពីនបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមសហការជាមួយកម្ពុជា ដើម្បីបង្កើតគណៈកម្មការរួមកម្រិតខ្ពស់ប្រយុទ្ធប្រឆាំងនឹងបទល្មើសតាមប្រព័ន្ធអ៊ីនធើណេត ការឆបោកតាមប្រព័ន្ធ អនឡាញ និងការជួញដូរមនុស្ស ដែលជាកង្វល់រួមនៃប្រទេសយើងទាំងពីរ។

លោកស្រី ក៏បានថ្លែងអំណរគុណរដ្ឋាភិបាលកម្ពុជា ដែលកន្លងមកតែងបានគាំទ្រ និងការពារប្រជាជនហ្វីលីពីន ដែលមកធ្វើការនិងរស់នៅក្នុងប្រទេសកម្ពុជាដោយគ្មានការរើសអើង។

លោកស្រី បានសំណូមពរ សម្តេច មេត្តាបន្តជួយគាំទ្រ និងផ្តល់ការយកចិត្តទុកដាក់ដល់សហគមន៍ប្រជាជនហ្វីលីពីន ដែលកំពុងធ្វើការ និងរស់នៅជាច្រើនឆ្នាំមកហើយនៅក្នុងប្រទេសកម្ពុជា ដែលភាគច្រើនជាគ្រូបង្រៀនភាសាអង់គ្លេស បុគ្គលិកក្រុមហ៊ុន និងបុគ្គលិកសាសនា។

ជាការឆ្លើយតប សម្តេចតេជោ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការដែលកម្ពុជា និងហ្វីលីពីន សម្រេចបាន ដោយផ្អែកលើជំនឿទុកចិត្តគ្នាទៅវិញទៅមក តាំងពីអតីតកាលមក។

សម្តេច មានមោទនភាពដែលបានរួមចំណែកធ្វើឱ្យទំនាក់ទំនងមិត្តភាពនៃប្រទេសទាំងពីរកាន់តែរីកចម្រើន និងរឹងមាំ ដោយសម្តេច បានធ្វើការផ្ទាល់ និងជិតស្និទ្ធជាមួយប្រធានាធិបតីហ្វីលីពីន និងរដ្ឋមន្រ្តីការបរទេសហ្វីលីពីន ដែលភាគច្រើនជាមិត្តរបស់សម្តេច ចាប់តាំងពីដំណាក់កាលស្វែងរកដំណោះស្រាយបញ្ហានយោបាយចំពោះប្រទេសកម្ពុជា ជាពិសេស ចាប់ពីកិច្ចប្រជុំ JIM-1,  JIM-2 (Jakarta Informal Meetings) មក។

សម្តេច មានប្រសាសន៍បន្តថា ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងហ្វីលីពីន នឹងត្រូវបានពង្រឹងពង្រីកបន្ថែមទៀតក្រោមការដឹកនាំរបស់សម្តេចធិបតី នាយករដ្ឋមន្រ្តីអាណត្តិទី៧នេះ។

សម្ដេចបានចាត់ទុកថា ទោះបីជាមានការផ្លាស់ប្ដូរប្រមុខដឹកនាំរាជដ្ឋាភិបាលនៅកម្ពុជា ដោយសម្ដេចបានចាកចេញពីនាយករដ្ឋមន្ត្រីទៅជាប្រធានព្រឹទ្ធសភាក៏ដោយ ក៏កម្ពុជាពុំមានការផ្លាស់ប្ដូរក្នុងគោលនយោបាយការបរទេសរបស់ខ្លួន ជាពិសេសក្នុងទំនាក់ទំនងជាមួយនឹងហ្វីលីពីននោះទេ។

សម្ដេចបានធ្វើការកត់សម្គាល់ថាយើងមានសក្តានុពលច្រើនដែលត្រូវពិនិត្យរួមគ្នា ប្រើប្រាស់ ដើម្បីផលប្រយោជន៍និងការរីកចម្រើននៃប្រទេសទាំងពីរ។

សម្តេចតេជោបានបង្ហាញនូវសេចក្តីរីករាយ ចំពោះពាណិជ្ជកម្មទ្វេភាគី ដែលកន្លងមកហ្វីលីពីន បាន នាំចូល អង្ករកម្ពុជា។

សម្តេច បានស្វាគមន៍រាល់ការវិនិយោគរបស់ក្រុមហ៊ុនហ្វីលីពីននៅកម្ពុជា សម្ដេចបានផ្ដល់អនុសាសន៍ថាហ្វីលីពីនគួរតែពិនិត្យនិងច្បាមយកឱកាសវិនិយោគនៅកម្ពុជា ជាពិសេសក្នុងវិស័យផលិតស្រូវអង្ករ ដោយវិនិយោគិនពីហ្វីលីពីនអាចមកបណ្ដាក់ទុន 100% នៅកម្ពុជា រៀបចំជាយន្តការប្រមូលទិញស្រូវ ម៉ាស៊ីនកិនស្រូវ វេចខ្ចប់ ស្តុក ហើយនិងនាំចេញអង្ករទៅកាន់ប្រទេសហ្វីលីពីន ក៏ដូចជានៅទៅកាន់បណ្ដាប្រទេសផ្សេងទៀត។

សម្តេចតេជោបានសង្កត់ធ្ងន់ថា កម្ពុជា និងហ្វីលីពីនត្រូវតែទាញយកសក្តានុពលសេដ្ឋកិច្ចពីកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន(AFTA) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចតំបន់គ្រប់ជ្រុងជ្រោយ (RCEP) ខណៈពិភពលោកកំពុងជួបប្រទះវិបត្តិស្មុគ្រស្មាញ និងគ្រោះថ្នាក់។  

សម្ដេចតេជោបានសង្កេតឃើញថាក្នុងពេលដែលជំងឺកូវីត-១៩ បានរាតត្បាត ទំនាក់ទំនងពាណិជ្ជកម្មរវាងបណ្ដាប្រទេសអាស៊ានក្នុងក្របខណ្ឌ AFTA មានការរីកចម្រើនខ្លាំងក្លា ជាពិសេស នៅក្នុងវិស័យសន្តិសុខស្បៀងនិងថាមពល។

ជាមួយគ្នានេះដែរ សម្តេចតេជោក៏បានស្នើលោកស្រីអគ្គរដ្ឋទូត ខិតខំឱ្យមានជើងហោះហើរផ្ទាល់ពីហ្វីលីពីន មកប្រទេសកម្ពុជា ឱ្យកាន់តែច្រើន ដែលជាកត្តាសំខាន់រួមចំណែកដល់ការតភ្ជាប់ប្រជាជន និងប្រជាជន ជំរុញវិស័យទេសចរណ៍នៃប្រទេសទាំងពីរ និងជួយសម្រួលដល់ការធ្វើដំណើររបស់អ្នកវិនិយោគ ក៏ដូចជាអ្នកការទូតហ្វីលីពីនផងដែរ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com