ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ជប៉ុន សន្យាទាក់ទាញក្រុមហ៊ុនវិនិយោគជប៉ុនបន្ថែមទៀតមកកម្ពុជា
ថ្ងៃទី ៖ 06-07-2024, ដោយ​​ Dara007 , 84 Views
                     
ភ្នំពេញៈ ជប៉ុន សន្យាផ្សព្វផ្សាយពីសក្កានុពលសេដ្ឋកិច្ចរបស់កម្ពុជា ដើម្បីអាចទាក់ទាញក្រុមហ៊ុនវិនិយោគជប៉ុនបន្ថែមទៀតមកកម្ពុជា។

ថ្លែងក្នុងឱកាសដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ លោកស្រី KAMIKAWA Yoko រដ្ឋមន្ត្រីការបរទេសជប៉ុន បានកោតសរសើរសម្ដេចតេជោដែលសម្ដេចបានដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងទំនាក់ទំនងទ្វេភាគី កម្ពុជា-ជប៉ុន ជាពិសេសចំពោះស្នាដៃដ៏ធំធេងរបស់សម្ដេចក្នុងដំឡើងកម្រិតទទំនាក់ទំនងរវាងប្រទេសទាំងពីរដល់កម្រិតខ្ពស់។

លោកស្រី មានមោទនភាពជាខ្លាំងចំពោះទំនាក់ទំនងទ្វេភាគីយ៉ាងស្អិតរមួតរវាងកម្ពុជានិងជប៉ុនលើគ្រប់វិស័យ។ លោកស្រីរដ្ឋមន្ត្រីការបរទេសជប៉ុន ជម្រាបជូនសម្តេចតេជោ អំពីកិច្ចពិភាក្សាប្រកបដោយផ្លែផ្ការបស់លោកស្រីជាមួយសម្ដេចធិបតីនាយករដ្ឋមន្ត្រី ដែលបានផ្ដោតសំខាន់ទៅលើកិច្ចសហប្រតិបត្តិការថ្មីរវាងកម្ពុជា និងជប៉ុន និងប្រធានបទបច្ចុប្បន្នភាពតំបន់ និង សកល។

លោកស្រីបានបញ្ជាក់ពីបំណងចង់ឱ្យកម្ពុជា បន្តនិរន្តរភាពនៃការរីកចម្រើននៅក្នុងកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់៣ រួមមាន ទី១ វិស័យហេដ្ឋារចនាសម្ព័ន្ធទឹក ដូចជា ទឹកស្អាត ប្រព័ន្ធចម្រោះទឹកកខ្វក់ ទី២ វិស័យឌីជីថលដែលវិវត្តឥតឈប់ ដូចជា ប្រព័ន្ធ5G សន្តិសុខអ៊ីនធឺណិត (cyber security)…។ល។ ទី៣ ការតភ្ជាប់សមុទ្រ ដូចជា កិច្ចសហប្រតិបត្តិការផែសមុទ្រ។ លោកស្រី បានគូសបញ្ជាក់ពីសារៈសំខាន់នៃវិស័យសេដ្ឋកិច្ច និង បង្ហាញពីបំណងចង់ផ្សព្វផ្សាយពីសក្កានុពលសេដ្ឋកិច្ចរបស់កម្ពុជា ដើម្បីអាចទាក់ទាញក្រុមហ៊ុនវិនិយោគជប៉ុនបន្ថែមទៀតមកកម្ពុជា។ លោកស្រីរដ្ឋមន្ត្រីការបរទេសជប៉ុន ក៏បានលើកឡើងផងដែរពីការយកចិត្តទុកដាក់របស់ជប៉ុនលើវិស័យបោសសំអាតមីន។ លោកស្រី ក៏បានបង្ហាញនូវបំណងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដែលនឹងត្រូវទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា នៅថ្ងៃ២៥-២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសៀមរាប។

លោកស្រីក៏បានជម្រាបជូនសម្ដេចថា ជប៉ុនគ្រោងនឹងរៀបចំសន្និសីទអន្តរជាតិស្តីពីសកម្មភាពមីននៅអ៊ុយក្រែន នៅប្រទេសជប៉ុន ក្នុងឆ្នាំ២០២៥ និងបានស្នើសុំការគាំទ្រពីកម្ពុជាដើម្បីអាចចូលរួមក្នុងកម្រិតណាមួយ។ ទាក់ទងបញ្ហាតំបន់ លោកជំទាវបានកោតសរសើរកម្ពុជា និងសម្តេចតេជោ ដែលបានខិតខំប្រឹងប្រែងរកដំណោះស្រាយសន្តិភាពនៅមីយ៉ាន់ម៉ា នាពេលកន្លងមក និងបានបញ្ជាក់ថា ជប៉ុនយកចិត្តទុកដាក់លើការឯកភាពរបស់អាស៊ាន និងបន្តគាំទ្រអាស៊ានក្នុងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច (5PCs) ឱ្យមានប្រសិទ្ធភាព។

ជាកិច្ចឆ្លើយតប សម្តេចតេជោបានលើកឡើងថា ប្រទេសជប៉ុនបានផ្តល់ជំនួយយ៉ាងច្រើន សម្រាប់ការលូតលាស់របស់កម្ពុជា នៅលើច្រើនវិស័យ ចាប់តាំងពីការជួយទៅលើផ្នែកទឹកស្អាតប្រើប្រាស់ក្នុងក្រុង និងការជួយរំដោះទឹកចេញពីទីក្រុងភ្នំពេញ ការជួយកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដូចជាការកសាងកំណាត់ផ្លូវជាតិលេខ៥ កំណាត់ផ្លូវជាតិលេខ១ដែលជាហាយវ៉េអាស៊ាន...។ល។

សម្ដេច បានអរគុណដល់រដ្ឋាភិបាលជប៉ុនដែលបានចូលរួមចំណែកក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យរីកចម្រើន។ សម្ដេចធ្លាប់បានជួបគណៈប្រតិភូក្រុមហ៊ុនជប៉ុនយ៉ាងច្រើន និង ចង់ឱ្យក្រុមហ៊ុនជប៉ុនមកបណ្ដាក់ទុននៅកម្ពុជាឱ្យបានច្រើនបន្ថែមទៀត។ សម្ដេច ពិតជាមានមោទនភាពដែលបានធ្វើការជាមួយជប៉ុនរហូតដល់សម្រេចក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកាលពីដើមឆ្នាំកន្លងមកនេះ។

សម្ដេចតេជោ បានសង្កត់ធ្ងន់ថា កម្ពុជា ទោះបីជាមានការផ្លាស់ប្ដូរនាយករដ្ឋមន្ត្រីក៏ដោយ ក៏ទំនាក់ទំនងកម្ពុជា-ជប៉ុន ពុំមានការផ្លាស់ប្ដូរទេ ផ្ទុយទៅវិញ មានតែជំរុញទំនាក់ទំនងនេះឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។

សម្ដេចតេជោបានរំលឹកថា កាលពីខែមករាកន្លងទៅនេះ សម្ដេចបានអញ្ជើញទៅទទួលកែវភ្នែកសិប្បនិម្មិតនៅទីក្រុងតូក្យូ ហើយក្នុងឱកាសនោះ ឯកឧត្តម គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្ត្រីជប៉ុន បានទទួលស្វាគមន៍សម្ដេចយ៉ាងកក់ក្តៅ ទោះបីជាសម្ដេចលែងជានាយករដ្ឋមន្ត្រីក៏ដោយ។

សម្ដេចបានចាត់ទុក ឯកឧត្តម គីស៊ីដា ហ្វូមីអូ ជាមិត្តចាស់។ សម្ដេច ក៏បានថ្លែងអំណរគុណដល់ លោកនាយករដ្ឋមន្ត្រីជប៉ុន ដែលបានផ្ញើសារអបអរសាទរសម្ដេច ពេលសម្ដេចក្លាយជាប្រធានព្រឹទ្ធសភា។

សម្ដេចតេជោ បានថ្លែងអំណរគុណចំពោះលទ្ធផលដែលលោកស្រីរដ្ឋមន្ត្រីការបរទេសជប៉ុនបានលើកឡើងក្នុងជំនួបជាមួយសម្ដេចធិបតី។

សម្ដេចបន្តថា កម្ពុជាតែងតែគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់ជប៉ុន ។ កម្ពុជាជាប្រទេសដំបូងគេដែលបានគាំទ្រគំនិតផ្តួចផ្តើមឥណ្ឌូ-ប៉ាស៊ីហ្វិកសេរីនិងបើកចំហរ (FOIP) របស់ជប៉ុន ហើយបានកត់សម្គាល់ថា កម្ពុជាមានជំហរមិនឆ្ងាយពីជប៉ុនទេ នៅក្នុងបញ្ហាអន្តរជាតិ និង ក្នុងការរក្សាឱ្យបាននូវផលប្រយោជន៍សម្រាប់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ក្នុងតំបន់។

សម្តេចតេជោ បានបញ្ជាក់ថា កម្ពុជានឹងចូលរួមក្នុងសន្និសីទស្ដីពីសកម្មភាពមីននៅអ៊ុយក្រែន នៅក្នុងផ្នែកមនុស្សធម៌៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com