ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
នាយករដ្ឋមន្រ្ដី អំពាវនាវឱ្យស្ថាប័នតុលាការ និងស្ថាប័នអយ្យការ ពិនិត្យ និងអនុវត្តច្បាប់លើករណីឃាតកម្មបង្កឡើងដោយជនល្មើស ស្រី ស៊ីណា ឱ្យបានត្រឹមត្រូវ និងគ្មានការអន្តរាគមន៍ណាមួយជាដាច់ខាត
ថ្ងៃទី ៖ 25-06-2024, ដោយ​​ Dara007 , 171 Views
                     
ភ្នំពេញៈ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជា មានប្រសាសន៍ថា ជាដំបូង សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយគ្រួសារនៃសពប្អូន ទ្បុង លីសុង និងប្អូន ឃីន កញ្ចនា ដែលបានស្លាប់ដោយសារការបាញ់ប្រហារកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ។ ក្រោយពីថ្ងៃកើតហេតុ មានការជជែកវែកញែកគ្នាពាក់ព័ន្ធទៅនឹងការកាត់ទោសជនល្មើសនៅក្នុងករណីនៃការបាញ់ប្រហារនេះ ដោយមានការបង្ហាញក្តីកង្វល់ និងបារម្ភ ខ្លាចជនល្មើសពុំត្រូវបានផ្តន្ទាទោសអោយបានម៉ឺងម៉ាត់តាមផ្លូវច្បាប់ ឬអាចមានការធានាឱ្យនៅក្រៅឃុំដោយមិនប្រក្រតី។

រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានយកចិត្តទុកដាក់ខ្ពស់ជាអាទិភាពមួយដ៏សំខាន់ក្នុងការពង្រឹងនីតិរដ្ឋ ពិសេស ការពង្រឹងការអនុវត្តច្បាប់ ដើម្បីធានាថែរក្សាសន្តិសុខសាធារណៈ និង សណ្តាប់ធ្នាប់សង្គម ក៏ដូចជា ការដោះស្រាយបញ្ហានានាក្នុងសង្គម ប្រកបដោយភាពត្រឹមត្រូវ និង យុត្តិធម៌ ស្របតាមច្បាប់ជាធរមាន ដែលក្នុងនោះ ក៏រួមមានការពង្រឹងទំនួលខុសត្រូវចំពោះមុខច្បាប់របស់ជនល្មើស និងការអនុវត្តច្បាប់តឹងរ៉ឹង លើជនប្រព្រឹត្តបទល្មើស ជាពិសេសជនដែលបង្កឱ្យបាត់បង់អាយុជីវិតអ្នកដទៃ។

កន្លងទៅ ក៏មានការចាត់វិធានការយ៉ាងតឹងរ៉ឹងលើជនបង្កគ្រោះថ្នាក់ចរាចរណ៍ ដែលស្ថិតក្នុងស្ថានភាពស្រវឹង និងបង្កឱ្យបាត់បង់អាយុជីវិតអ្នកដទៃ ដោយបានអនុវត្តច្បាប់ គ្មានការយោគយល់ គ្មានការលើកលែង ឬអន្តរាគមន៍ណាមួយទ្បើយ។ ដូចគ្នាផងដែរ ចំពោះករណីឃាតកម្មនេះ បើទោះបីជារាជរដ្ឋាភិបាល មិនអាចលូកដៃចូលក្នុងកិច្ចការរបស់ស្ថាប័នតុលាការក៏ដោយ ខ្ញុំសូមអំពាវនាវឱ្យស្ថាប័នតុលាការ និងស្ថាប័នអយ្យការ យកចិត្តទុកដាក់ក្នុងការពិនិត្យនិងអនុវត្តច្បាប់លើករណីនេះ ឱ្យបានម៉ត់ចត់, ឱ្យបានតឹងរ៉ឹង និងម៉ឺងម៉ាត់ និងឱ្យបានត្រឹមត្រូវទៅតាមច្បាប់ជាធរមាន ដើម្បីស្វែងរកយុត្តិធម៌ ជូនជនរងគ្រោះ និងក្រុមគ្រួសារ ដោយគ្មានការអន្តរាគមន៍ណាមួយជាដាច់ខាត។ សម្ដេចធិបតីសូមអរគុណដល់ប្រជាពលរដ្ឋទាំងអស់ ដែលបានបង្ហាញនូវសុទ្ធចិត្តវែកញែកក្នុងរឿងនេះ ហើយក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដើម្បីទុកកិច្ចការនេះជូនស្ថាប័នអនុវត្តច្បាប់ដែលមានសមត្ថកិច្ច ដើម្បីចាត់ការ និងដោះស្រាយករណីនេះ ឱ្យបានត្រឹមត្រូវ និងយុត្តិធម៌ ទៅតាមនីតិវិធី និង ច្បាប់ជាធរមានរបស់ព្រះរាជាណាចក្រកម្ពុជា។

សម្ដេចធិបតីក៏សូមឱ្យប្រជាពលរដ្ឋមានការជឿទុកចិត្តលើប្រព័ន្ធយុត្តិធម៌កម្ពុជាក្នុងការចាត់ការ និង ដោះស្រាយផ្តល់យុត្តិធម៌ឱ្យបានត្រឹមត្រូវចំពោះករណីនេះ។

នៅពេលត្រឡប់មកដល់កម្ពុជាវិញបន្ទាប់ពីបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសសុង្ហបុរី ខ្ញុំបានក្រាបបង្គំទូលថ្វាយព្រះមហាក្សត្រ ដើម្បីបញ្ចប់គោរមងារឧកញ៉ារបស់លោក ស្រី ស៊ីណា កាលពីថ្ងៃទី ២០ មិថុនា ឆ្នាំ២០២៤ ហើយចាប់តាំងពីថ្ងៃកើតហេតុនោះមក ខ្ញុំបានចេញបទបញ្ជាឲ្យសមត្ថកិច្ចពាក់ព័ន្ធ ក៏ដូចជាប្រគល់ភារកិច្ចជូនលោក កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បន្តតាមដានដោយយកចិត្តទុកដាក់លើការអនុវត្តច្បាប់ចំពោះករណីនេះ ដើម្បីធានាថា ច្បាប់ ត្រូវបានអនុវត្តដោយតឹងរ៉ឹង ម៉ឺងម៉ាត់ និង ដោយត្រឹមត្រូវទៅតាមខ្លឹមសារនៃច្បាប់ ក្នុងការផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ និង ក្រុមគ្រួសារ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com