ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
៦ខែ ដើមឆ្នាំ២០២៤ ក្រសួងអភិវឌ្ឍន៍ជនបទ សម្រេចលទ្ធផលកម្មវិធីអាទិភាពទាំង៤ក្នុងចន្លោះជាង៣០ % និងជាង៥០%
ថ្ងៃទី ៖ 24-06-2024, ដោយ​​ Dara007 , 86 Views
                     
ភ្នំពេញៈ ៦ខែ ដើមឆ្នាំ២០២៤ ក្រសួងអភិវឌ្ឍន៍ជនបទ បានសម្រេចលទ្ធផលកម្មវិធីអាទិភាពទាំង៤ក្នុងចន្លោះជាង៣០ ភាគរយនិងជាង៥០ភាគរយ ដើម្បីទទួលបាននូវការអភិវឌ្ឍ និងរស់នៅដោយសុខដុមរមនា និងស៊ីវិល័យ។

យោងតាមរបាយការណ៍វឌ្ឍនភាពការងារក្នុងឆមាសទី១ ដោយ លោក ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ បានបង្ហាញថា ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៤ នេះ ក្រសួងអភិវឌ្ឍន៍ជនបទ បានសម្រេចលទ្ធរបស់ខ្លួនគួរឱ្យកត់សម្គាល់ តាមកម្មវិធីអាទិភាពទាំង៤ របស់ក្រសួងរួមមាន ទី១. ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ សម្រេចបាន ៤៤% ទី២. ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ សម្រេចបានលទ្ធផលប្រមាណ ៣៦% ទី៣. ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ សម្រេចបានលទ្ធផលប្រមាណ ៥២% និងទី៤. ការពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ សម្រេចបានលទ្ធផលប្រមាណ ៤៧%។

ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៤ ក្រសួងអភិវឌ្ឍន៍ជនបទនាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលក្រសួងសម្រេចបានក្នុងរយៈពេល ៦ខែ ដើមឆ្នាំ២០២៤ ដែលបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ ក្នុងការចូលរួមចំណែកដ៏សំខាន់នូវយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១ ព្រមទាំងបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខប្រកបដោយមនោសញ្ចេតនា សេចក្តីស្រលាញ់យ៉ាងជ្រាលជ្រៅ សេចក្តីនឹករឭក និងពរសព្ទសាធុការពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បិតាស្ថាបនិកសន្ដិភាពប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ជូនចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃអង្គពិធីទាំងមូល ។ លោករដ្ឋមន្រ្ដី បានបន្តថា រាជរដ្ឋាភិបាលនីតិកាលទី ៧ ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណភ្លឺថ្លា និងត្រឹមត្រូវរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលជាមគ្គុទេ្ទសក៍ពោរពេញដោយសមត្ថភាព និងឆន្ទៈយ៉ាងមុតមាំ បាននិងកំពុងបន្តកេរ្តិ៍ដំណែលជាប្រវត្តិសាស្ត្រពីរាជរដ្ឋាភិបាលនីតិកាលទី ៦ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់ចេញនូវកម្មវិធីនយោបាយ ដើម្បីបន្តបេសកកម្មជាប្រវត្តិសាស្ត្រ និងដើម្បីបន្តកសាងកម្ពុជាប្រកបដោយសុខសន្តិភាព ឯករាជ្យ និងមានការអភិវឌ្ឍ ។

លោករដ្ឋមន្រ្ដី បានបន្តទៀតថា ដើម្បីបន្តពន្លឿនកិច្ចការអភិវឌ្ឍ និងជំរុញការអនុវត្តឱ្យកាន់តែស៊ីជម្រៅ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភាដោយ បានកំណត់យកវិស័យអាទិភាពគន្លឹះចំនួន ៥ រួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល និងផ្អែកលើបាវចនាចំនួន៥ គឺ ទី១) ធានាឱ្យបានកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងរង្វង់ប្រមាណ ៧% ក្នុងមួយឆ្នាំ, ទី២) បង្កើតការងារឱ្យបានកាន់តែច្រើន ទី៣) សម្រេចឱ្យបាននូវគោលដៅកាត់បន្ថយភាពក្រីក្រ ទី៤) បន្តពង្រឹងសមត្ថភាព អភិបាលកិច្ច និងលើកកម្ពស់គុណភាពស្ថាប័ន និងទី៥) ការធានាឱ្យបាននូវចីរភាពនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ក្នុងគោលដៅប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។ ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតប្រជាជននៅតំបន់ជនបទ ប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដើម្បីទទួលបាននូវការអភិវឌ្ឍ និងរស់នៅដោយសុខដុមរមនា និងស៊ីវិល័យ ដោយបានដាក់ចេញនូវយុទ្ធសាស្ត្រសំខាន់ៗ ចំនួនបួនគឺ៖ ទី១. អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រទាក់ក្រឡា ដើម្បីឱ្យគ្រប់ភូមិជនបទទាំងអស់មានផ្លូវតភ្ជាប់ និងក្លាយជាតំបន់ជនបទសមាហរណកម្ម ជាពិសេសតំបន់ដែលមានសក្តានុពលសេដ្ឋកិច្ចខ្ពស់។ ទី២.កែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ តាមរយៈការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ព្រមទាំងការបណ្ដុះបណ្ដាល ដើម្បីឱ្យប្រជាជននៅតំបន់ជនបទមានឥរិយាបថល្អ ក្នុងការរស់នៅប្រកបដោយអនាម័យល្អ បរិស្ថានស្អាត និងផាសុកភាព។ ទី៣. ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ តាមរយៈការបណ្តុះបណ្តាលជំនាញមូលដ្ឋានបំណិនជីវិត ដើម្បីបង្កើតការងារ និងមុខរបរ ក្នុងគោលបំណងបង្កើនប្រាក់ចំណូលបន្ថែមក្រៅពីមុខរបរកសិកម្ម និងកាត់បន្ថយភាពក្រីក្រ និងរស់នៅប្រកបដោយភាពសម្បូរសប្បាយ។ បន្ថែមពីនេះ ក្រសួងបានផ្ដោតទៅលើការបង្កើតភូមិគំរូ ដោយផ្អែកទៅលើសក្តានុពល និងអំណោយផលផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌នៅតាមសហគមន៍ជនបទ និងជាពិសេសសហគមន៍ជនជាតិដើមភាគតិច។ ទី៤. ការពង្រឹងស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយអនុវត្តតាមគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងពង្រឹងសមត្ថភាពមន្ត្រីរាជការស្របតាមគោលការណ៍ និងកម្មវិធីកែទម្រង់របស់រាជរដ្ឋាភិបាល ក្នុងគោលបំណងបម្រើប្រជាជននៅតំបន់ជនបទប្រកបដោយសុចរិតភាព ប្រសិទ្ធភាព ស័ក្ដិសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។

លោករដ្ឋមន្រ្ដី បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងអនុវត្តការងាររបស់មន្ត្រីទាំងអស់នៃក្រសួង និងបានលើកឡើងពីគុណូបការៈនៃថ្នាក់ដឹកនាំជំនាន់មុន ព្រមទាំងថ្នាក់ដឹកនាំផ្សេងទៀត ដែលសម្រេចបាននូវសមិទ្ធផលជាច្រើន ព្រមទាំងបទពិសោធន៍ដឹកនាំដែលជាគំរូល្អៗសម្រាប់ការដឹកនាំបន្តវេន ។

មុននឹងបញ្ចប់លោករដ្ឋមន្ត្រីបានផ្តល់អនុសាសន៍ណែនាំដល់គ្រប់អគ្គនាយកដ្ឋាន និងអង្គភាពចំណុះក្រសួង បង្កើនល្បឿនការអនុវត្តការងារស្នូល ដើម្បីឆ្លើយតបតាមតម្រូវការប្រជាពលរដ្ឋនៅជនបទ និងសម្រេចបានតាមផែនការគ្រោងទុក ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com