លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា មុនឈានដល់ការបង្រា្កបកម្លាំងបានទទួលព័ត៌មានថា នៅចំណុចផ្សារអគារថ្មី ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត មានករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន. និងករណីផ្តល់ទីតាំងបើកល្បែងស៊ីសងដោយខុសច្បាប់ និងកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត។ ភ្លាមៗនោះលោកបានដឹកនាំកម្លាំងចុះទៅដល់ចំណុចខាងលេី ហើយបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៩នាក់ ក្នុងនោះមានអនីតិជនម្នាក់(អាយុ១៣ឆ្នាំ) និងកម្លាំងបានធ្វើការឆែកឆេរនៅចំណុចទីតាំងខាងលើ ឆែកឆេររកឃើញមានវត្ថុតាងគ្រឿងញៀន ទូរហ្គេមបាញ់ត្រីអេឡិចត្រូនិច រួមនឹងវត្ថុតាងមួយចំនួនទៀត ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីចាត់ការតាមនីតិវិធី។ ក្រោយពីការឃាត់ខ្លួនកម្លាំងបានធ្វើតេស្តរកសារធាតុញៀនក្នុងទឹកម៉ូតជនសង្ស័យចំនួន០៨នាក់ ជាលទ្ធផលវិជ្ជមាន(+)ចំនួន០៦នាក់ និងអវិជ្ជមាន(-) ចំនួន០២នាក់។ ចំពោះអនីតិជនក្រោមអាយុ១៤ឆ្នាំ ដោយមានការអនុញ្ញាតពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានឱ្យមន្ត្រីនគរបាលយុត្តិធម៌បញ្ជូនខ្លួនមកដើម្បីធ្វើការសាកសួរនៅស្ថានប័នអយ្យការ។ ចំណែកឈ្មោះ យឹង វីរៈ ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត អ្នកជួលទីតាំងបើកល្បែងស៊ីសងទូរហ្គេមបាញ់ត្រីរត់គេចខ្លួនបាត់។
ក្រោយឃាត់ខ្លួននិងសួរចម្លេីយ ជនសង្ស័យបានសារភាពថា ពួកខ្លួនពិតជាបានជាប់ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន, ផ្តល់ទីតាំងបើកល្បែងស៊ីសងដោយខុសច្បាប់ និងកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត ពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត ហើយ នៅរសៀលថ្ងៃអាទិត្យ ទី២៣ ខែមិថុនា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕