ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីខួបអនុស្សាវរីយ៍លើកទី៤៧ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត «២០ មិថុនា ១៩៧៧ - ២០ មិថុនា ២០២៤»ស្ថិតនៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានរំលឹកថា កម្ពុជាធ្លាប់បានជួយវៀតណាមឱ្យរំដោះប្រទេសរហូតឈានដល់ការបង្រួបបង្រួមជាតិ។ រីឯវៀតណាម ក៏ធ្លាប់បានជួយកម្ពុជា ឱ្យរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពតដែរ។ សម្ដេចធិបតីបានបញ្ជាក់ថា នេះជាសច្ចភាពប្រវត្តិសាស្ត្រដែលប្រជាជននៃប្រទេសទាំងពីរត្រូវយល់ឱ្យច្បាស់ ដើម្បីជៀសវាងការបកស្រាយឱ្យមានការយល់ច្រឡំណាមួយ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ប្រវត្តិសាស្ត្រដែលមានភាពច្បាស់លាស់ គឺជាកិច្ចការសំខាន់សម្រាប់ប្រទេសនីមួយៗ។ សម្ដេចធិបតីថ្លែងថា នយោបាយឈ្នះឈ្នះនៅតែជាតួអង្គយ៉ាងសំខាន់ក្នុងការទប់ស្កាត់ជនឱកាសនិយម ដែលចង់បំផ្លាញកម្ពុជា ដើម្បីជាមូលដ្ឋានជំនឿទុកចិត្ដរបស់ប្រជាពលរដ្ឋក្នុងការចូលរួមបោះឆ្នោតសកល និងអសកលក្នុងការរួមចំណែកយ៉ាងសំខាន់សម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅកម្ពុជាឱ្យកាន់តែមានភាពរីកចម្រើន។
សម្ដេចធិបតី ក៏អំពាវនាវឱ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់ ត្រូវការពារឱ្យបានជាដាច់ខាតនូវសុខសន្តិភាព ដែលកំពុងតែកើតមាននៅកម្ពុជាសព្វថ្ងៃ និងកម្ទេចចោលរាល់ការប៉ុនប៉ងណាមួយ ដែលចង់បំផ្លាញសន្តិភាពនៅកម្ពុជា បន្ទាប់ពីការបំផ្លាញសន្តិភាព មិនពិបាកនោះទេ ប៉ុន្តែការស្វែងរកសន្តិភាពទើបជាការលំបាក ដោយប្រទេសខ្លះ ត្រូវចំណាយពេលរាប់ឆ្នាំក៏នៅតែមិនអាចស្វែងរកសន្តិភាពសម្រាប់ប្រទេសខ្លួនបាននៅឡើយ។
ជាមួយគ្នានេះ សម្ដេចធិបតី ក៏ជំរុញការអភិវឌ្ឍតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16នេះ ឱ្យក្លាយជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រប្រកបដោយភាពទាក់ទាញ និងជាតំបន់ព្រំដែនសន្តិភាពរវាងកម្ពុជានិងវៀតណាមផងដែរ៕