ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះស្ថិតនៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ព្រំប្រទល់រវាងរាជធានីភ្នំពេញ និងខេត្តកណ្តាល នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាមានប្រសាសន៍ថា ការកំណត់លើអាយុកាលប្រើប្រាស់រថយន្ត មិនចាំបាច់មាននោះទេ ប៉ុន្តែត្រូវពង្រឹងលើការត្រួតពិនិត្យបច្ចេកទេសឱ្យបានហ្មត់ចត់ និងមានគុណភាពខ្ពស់។
សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា សម្ដេចមិនទទួលយកយោបល់លើការស្នើសុំការកំណត់ឆ្នាំចំពោះការនាំចូលរថយន្តមកកម្ពុជានោះទេ។ដោយសារមកដល់ម៉ោងនេះ នៅកម្ពុជាមិនទាន់មានការចាំបាច់ក្នុងការកំណត់ឆ្នាំរថយន្តចំពោះការនាំចូលនោះទេ ប៉ុន្ដែត្រូវពង្រឹងប្រព័ន្ធពិនិត្យបច្ចេករថយន្តឱ្យបានល្អវិញ។
សម្ដេចធិបតីបញ្ជាក់បន្ថែមថា កម្ពុជាមិនទាន់ឈានដល់ការហាមឃាត់ផ្ទះមួយ ត្រូវមានរថយន្ត ឬម៉ូតូប៉ុន្មានគ្រឿងនៅឡើយនោះទេ។ រដ្ឋាភិបាលនឹងបន្តដោះស្រាយបញ្ហាប្រ ឈមលើប្រព័ន្ធគមនាគមន៍សម្រាប់ធ្វើដំណើរឱ្យកាន់តែប្រសើរថែមទៀត៕