ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងឱកាសបើកជាផ្លូវការនូវវេទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៧ ក្រោមប្រធានបទរៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ នៅសាលសន្និបាត និងពិព័ណ៍កោះពេជ្រ នាព្រឹកថ្ងៃទី១៥ ខែ មិថុនា ឆ្នាំ២០២៤ លោក ជិន ភឹមសុខា ប្រធានទំនាក់ទំនង និងមុខរបរនិស្សិតនៃវិទ្យាស្ថានវិទ្យាសាស្រ្ដអគ្គីសនី បានឱ្យដឹងថា បច្ចុប្បន្ននេះ មានក្រុមហ៊ុនជាច្រើនបានមកទាក់ទងនិសិ្សតក្នុងវិទ្យាស្ថានវិទ្យាសាស្រ្ដអគ្គីសនីច្រើន ដើម្បីបំពេញតម្រូវការងារក្នុងក្រុមហ៊ុនរបស់ខ្លួន លើមុខជំនាញអគ្គីសនី និងវិស្វករទាំងពីរភេទ។ ប៉ុន្ដែវិទ្យាស្ថានបណ្ដុះបណ្ដាលនិស្សិត មិនទាន់បានគ្រប់គ្រាន់នៅឡើយនោះទេ ។
លោក ជិន ភឹមសុខា បានបញ្ជាក់ថា ការតម្រូវការលើមុខជំនាញអគ្គីសនី និងវិស្វករនេះ ដោយសារប្រទេសកម្ពុជាកំពុងមានតម្រូវការ និងរីកចម្រើនលើវិស័យថាមពលអគ្គីសនីនេះខ្លាំង ដែលធ្វើឱ្យយើងមានកង្វះកម្លាំងធនធានមនុស្សមានជំនាញច្រើន។
លោក ជិន ភឹមសុខា អះអាងថា ក្រោយពីបញ្ចប់ការសិក្សារបស់និស្សិតលើបរិញ្ញាប័ត្ររង និងបរិញ្ញាប័ត្រ គឺពួកគាត់មាន ទទួទលបានឱកាសការងារធ្វើច្រើន និងមានប្រាក់ខែចាប់ពី៥០០ដុល្លារ ដល់៧៥០ដុល្លារក្នុងមួយខែ។
ទោះបីជាយ៉ាងណា លោកបន្ថែមថា ដើម្បីបំពេញតម្រូវការទីផ្សារការងាររបស់បណ្ដាក្រុមហ៊ុនពេលបច្ចុប្បន្ន និងនាពេលខាងមុខ វិទ្យាស្ថានបានបង្កើនការផ្សព្វផ្សាយឱ្យសិស្សនិសិ្សតមកដាក់ពាក្យចូលរៀនបរិញ្ញាប័ត្ររង និងបរិញ្ញាប័ត្រឱ្យបានកាន់តែច្រើន ដើម្បីរៀនចប់មានការងារធ្វើ និងមានប្រាក់ខែខ្ពស់សម្រាប់លើកកម្ពស់ជីវភាពក្នុងគ្រួសារផងដែរ។
លោកបន្ដថា និស្សិតដែលអាចចូលរៀនក្នុងវិទ្យាស្ថានបាន គឺត្រូវធ្វើតេស្ដសមត្ថភាព លើមុខវិទ្យា អង់គ្លេស គណិតវិទ្យា និងរូបវិទ្យា ដើម្បីអាចអាចចូលរៀនលើមុខជំនាញនេះបានយ៉ាងងាយស្រួល។
ជាមួយគ្នានេះ កញ្ញា សោ លីណា ជានិស្សិតនៃវិទ្យាស្ថានវិទ្យាសាស្រ្ដអគ្គីសនីបានលើកឡើងថា ការសម្រេចចិត្ដមកចូលរៀនលើមុខជំនាញអគ្គីសនីនេះ ដោយមើលឃើញពីត្រូវការទីផ្សារការងារនៅក្នុងប្រទេសកម្ពុជា កំពុងមានតម្រូវការច្រើន លើកការអភិវឌ្ឍអគារ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើន និងមានប្រាក់ខ្ពស់ផងដែរ។ជាពិសេសចូលរួមអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើនលើវិស័យអគ្គីសនីនេះផងដែរ។ កញ្ញាបន្ដថា ការសិក្សា និងរៀនជំនាញនេះ គឺអាចសិក្សា និងធ្វើការបានទាំងបុរស និងស្ដ្រី ដោយគ្មានហានិភ័យអ្វីទាំងអស់ បន្ទាប់ពីមានការបណ្ដុះបណ្ដាលពីលោកគ្រូអ្នក និងសាស្រ្ដាចារ្យដែលមានជំនាញអគ្គីសនីនេះយ៉ាងច្បាស់លាស់។
សូមបញ្ជាក់ថា វិទ្យាស្ថានវិទ្យាសាស្ត្រអគ្គិសនី ជាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈដែលបណ្ដុះបណ្ដាលលើជំនាញវិទ្យាសាស្ត្រអគ្គិសនី សម្រាប់ការសិក្សាកម្រិតថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្ររង និងជំនាញ ពិសេសសម្រាប់បុគ្គលិកអគ្គិសនី។ ចំពោះលក្ខខណ្ឌដែលអាចសិក្សានៅវិទ្យាស្ថានវិទ្យាសាស្ត្រអគ្គិសនីនេះបាន គឺតាមរយៈការប្រឡងជ្រើសរើស ហើយជាការសិក្សាឥតបង់ថ្លៃ។
វិទ្យាស្ថានវិទ្យាសាស្ត្រអគ្គិសនី ក៏មានកាតព្វកិច្ចរៀបចំវគ្គបណ្ដុះបណ្ដាលជំនាញពិសេសសម្រាប់បុគ្គលិកអគ្គិសនីកម្ពុជា ដើម្បីចូលរួមចំណែកការពង្រឹងពង្រីកសមត្ថភាព ចំណេះជំនាញបុគ្គលិកប្រកបគុណភាព និងធានាបាននូវប្រសិទ្ធភាពការងារលើវិស័យអគ្គិសនីនៅកម្ពុជាផងដែរ៕