ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
រដ្ឋមន្ត្រីក្រសួងអប់រំ ថ្លែងថា យុវជនគ្រប់គ្នាត្រូវតែស្វែងរកការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ
ថ្ងៃទី ៖ 15-06-2024, ដោយ​​ Dara007 , 93 Views
                     
ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងអប់រំ ថ្លែងថា យុវជនគ្រប់គ្នាត្រូវតែស្វែងរកការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីឆ្លើយតបទៅរីកចម្រើននៃប្រព័ន្ធបច្ចេកវិទ្យាកាន់តែទំនើប ដែលតម្រូវការអ្នកជំនាញបច្ចេកទេសកាន់តែខ្ពស់។

ថ្លែងក្នុងឱកាសបើកជាផ្លូវការនូវទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៧ ក្រោមប្រធានបទ «TVET រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ»» នៅសាលសន្និបាតនិងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ លោក ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា សេដ្ឋកិច្ចកាន់តែធ្វើពិពិធកម្មឆ្ពោះទៅរកការប្រើប្រាស់បច្ចេកវិទ្យាកាន់តែខ្ពស់ ក៏ត្រូវការអ្នកជំនាញបច្ចេកទេសកាន់តែខ្ពស់ដែរ ដើម្បីតម្រូវឱ្យធនធានមនុស្សរបស់កម្ពុជា ស្វែងរកការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ។

នាឱកាសនោះ ឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន បានឱ្យដឹងថា ការអបរំបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ គឺជាការប្រែក្លាយកម្លាំងពលកម្មកម្ពុជាឱ្យទៅជាអ្នកជំនាញបច្ចេកទេសសម្រាប់មូលធនមនុស្ស និងជួយក្នុងការធ្វើទំនើបកម្មរចនាសម្ពន្ធឧស្សាហកម្មនៅកម្ពុជាពីឧស្សាហកម្មអតិពលកម្មឈានទៅរកឧស្សាហកម្មផ្អែកលើជំនាញ។

លោកបានបញ្ជាក់ថា ការអបរំបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនេះ ដើម្បីធ្វើឱ្យយវជនមានជំនាញច្បាស់លាស់ មានការងារធ្វើ ដែលជួយលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ ព្រមទាំងចូលរួមជំរុញកំណើនសេដ្ឋកិច្ចឆ្ពោះទៅរកសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០។

លោកបានបង្ហាញការជំនឿថា ការប្រារព្ធទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៧នេះ នឹងក្លាយជាកាលានុវត្តភាពដ៏ប្រសើរថ្មីមួយទៀត ក្នុងការធ្វើឱ្យកម្ពុជាប្រែក្លាយកម្ពុជាជាប្រទេសមួយសម្បូរធនធានមនុស្សប្រកបដោយចំណេះដឹង សមត្ថភាព ឥរិយាបថការងារ ជំនាញបច្ចេកទេស សីលធម៌ វិជ្ជាជីវៈ និងផលិតភាពខ្ពស់ ព្រមទាំងជាប្រទេសដែលមានសក្តានុពលក្នុងការទាក់ទាញអ្នកវិនិយោគទាំងក្នុងនិងក្រៅស្រុកឱ្យមកវិនិយោគនៅកម្ពុជានាពេលបច្ចុប្បន្ន និងទៅអនាគត ដើម្បីរួមចំណែកក្នុងការបង្កើនប្រាក់ចំណូល
ការបង្កើតការងារ និងការចូលរួមកាត់បន្ថយភាពក្រីក្រ។

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់គុណភាព គុណតម្លៃ និងកិត្តិនាមនៃការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ តាមរយៈការផ្សព្វផ្សាយជំរុញលើកទឹកចិត្តទៅដល់សិស្សានុសិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល កម្មករនិយោជិត និយោជក និងផ្នែកឯកជន ព្រមទាំងសាធារណជនទូទៅឱ្យបានយល់ដឹងកាន់តែច្បាស់និងទូលំទូលាយអំពីសារសំខាន់នៃការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍកម្លាំងពលកម្មជំនាញប្រកបដោយគុណភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងក្នុងនិងក្រៅប្រទេស។

លោករដ្ឋមន្ត្រីបានបន្តថា ការប្រារព្ធទិវាជាតិលើកទី៧នេះ ក៏នឹងជួយជំរុញឱ្យកម្មវិធីបណ្ដុះបណ្តាលជំនាញវិជា្ជជីវៈនិងបច្ចេកទេសជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ១.៥លាននាក់ ឱ្យទទួលបានការចុះឈ្មោះចូលរៀនពីសំណាក់យុវជន សិស្ស និស្សិត បុគ្គលនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងកម្មករនិយោជិត ដើម្បីទទួលបានជំនាញមួយពិតប្រាកដ ដែលអាចយកទៅបង្កើតមុខរបរផ្ទាល់ខ្លួន ឬចូលបម្រើការងារនៅតាមសហគ្រាស គ្រឹះស្ថាននានា។

គួរបញ្ជាក់ថា ទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ ត្រូវបានរៀបចំឡើងចំនួន៦លើកមកហើយ គឺនៅឆ្នាំ២០១៨ ឆ្នាំ២០១៩ ឆ្នាំ២០២០ ឆ្នាំ២០២១ ឆ្នាំ២០២២ និងនៅឆ្នាំ២០២៣ ដោយមួយលើកៗមានអ្នកចូលរួមរាប់ម៉ឺននាក់។ ដោយឡែក នៅឆ្នាំ២០២៤នេះ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈនឹងទាក់ទាញអ្នកចូលរួមមានប្រមាណជាង៦ម៉ឺននាក់ ក្នុងនោះក៏មានទាំងក្រសួង ស្ថាប័ន គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ និងក្រុមហ៊ុនឯកជនបានចុះឈ្មោះចូលរួមតាំងបង្ហាញស្នាដៃ ខ្សែសង្វាក់ផលិតកម្ម និងផលិតផលផងដែរ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com