ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ឥណ្ឌូណេស៊ី ចាប់អារម្មណ៍លើការវិនិយោគផលិតស្រូវ ដឹកជញ្ជូន និងវិស័យសុខាភិបាលនៅកម្ពុជា
ថ្ងៃទី ៖ 05-06-2024, ដោយ​​ Dara007 , 87 Views
                     
ភ្នំពេញៈ ឥណ្ឌូណេស៊ី ចាប់អារម្មណ៍លើការវិនិយោគផលិតស្រូវ ដឹកជញ្ជូន និងវិស័យសុខាភិបាលនៅកម្ពុជា និងមានសក្ដានុពលច្រើនទៀត ដែលអាចជំរុញឱ្យទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ។

ក្នុងឱកាសដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ លោក សាន់តូ ដាម៉ូស៊ូម៉ាតូ(Santo Darmosumarto) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌូណេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា សម្ដេចតេជោ គឺជាមិត្តល្អ ជាមិត្តពិតប្រាកដរបស់ប្រទេសឥណ្ឌូណេស៊ី ដែលសម្ដេចបានរួមចំណែកក្នុងទំនាក់ទំនងជាប្រវត្តិសាស្ត្រ ជាពិសេសក្នុងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌអាស៊ាន ។

ក្នុងឋានៈជាឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌូណេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបានប្ដេជ្ញាខិតខំពង្រឹងនៅទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ កម្ពុជា-ឥណ្ឌូណេស៊ី កាន់តែរីកចម្រើននិងរឹងមាំថែមទៀត ជាពិសេស ការតភ្ជាប់រវាងប្រជាជននិងប្រជាជន ហើយនិងការលើកកម្ពស់សេវាដល់ប្រជាជនឥណ្ឌូណេស៊ីដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា ។

លោក ក៏បានលើកឡើងពីសក្ដានុពលក្នុងវិស័យកសិកម្ម ដែលនៅឆ្នាំ២០២៣កន្លងមក ប្រទេសឥណ្ឌូណេស៊ីចាប់ផ្ដើមនាំចូលស្រូវអង្ករពីប្រទេសកម្ពុជា ហើយនិងពីការចាប់អារម្មណ៍លើការវិនិយោគផលិតស្រូវនៅកម្ពុជាតែម្ដង។

លោកអគ្គរដ្ឋទូត ក៏បានចាប់អារម្មណ៍ទៅលើកិច្ចសហការក្នុងវិស័យដឹកជញ្ជូន ជាពិសេសលើវិស័យផ្លូវដែកផងដែរ ។   ក្នុងវិស័យពាណិជ្ជកម្ម លោកអគ្គរដ្ឋទូត បានពិនិត្យឃើញថាបច្ចុប្បន្ន ទំហំនៃការផ្លាស់ប្តូរពាណិជ្ជកម្មកម្ពុជា-ឥណ្ឌូណេស៊ី មានប្រហែលមួយពាន់លានដុល្លារ ហើយមិនទាន់ប្រើប្រាស់អស់សក្ដានុពលនៅឡើយទេ ។ កម្ពុជា គឺជាដៃគូដ៏រឹងមាំ ហើយមានសក្ដានុពលច្រើនទៀត ដែលអាចជំរុញឱ្យទំហំពាណិជ្ជកម្មបានលើសជាងនេះទៅទៀត ។

លោក បានជម្រាបជូនសម្ដេចតេជោផងដែរថា ស្ថានទូតឥណ្ឌូណេស៊ី នឹងរៀបចំពិព័រណ៍សុខាភិបាល នៅទីក្រុងព្រះសីហនុ នៅចុងឆ្នាំនេះ ដើម្បីបង្ហាញពីផលិតផលក្នុងវិស័យសុខាភិបាលជូនចំពោះភាគីកម្ពុជា ។  

ជាកិច្ចឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះលោក ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌូណេស៊ីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងជឿជាក់យ៉ាងមុតមាំថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា និង ឥណ្ឌូណេស៊ី នឹងត្រូវបានពង្រឹង និងពង្រីកឱ្យកាន់តែប្រសើរឡើងថែមទៀត ។  

សម្ដេចតេជោ ហ៊ុនសែន បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលថ្មីដឹកនាំដោយ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នឹងបន្តការងារ ជាមួយ ឯកអគ្គរដ្ឋទូត ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់វិស័យ ។   សម្ដេចបានលើកឡើងថា ប្រទេសយើងទាំងពីរមានទំនាក់ទំនងយូរអង្វែងហើយពុំដែលមានបញ្ហាអ្វីជាមួយគ្នានោះទេ ។ សម្ដេចតេជោ ក៏បានរំលឹកផងដែរពីអនុស្សាវរីយ៍ នៅក្នុងការធ្វើការងារជាមួយថ្នាក់ដឹកនាំឥណ្ឌូណេស៊ីក្នុងការនាំមកនូវសុខសន្តិភាព និងដំណោះស្រាយចំពោះកម្ពុជា ។ ឥណ្ឌូណេស៊ី គឺតែងតែបានប្រឹងប្រែងជួយដោះស្រាយក្នុងឋានៈជាសហប្រធានសន្និសីទទីក្រុងប៉ារីស និងក៏បានរំលឹកពីកិច្ចប្រជុំ JIM 1 & 2 នៅសាធារណរដ្ឋឥណ្ឌូណេស៊ី។   ចំពោះកិច្ចសហប្រតិបត្តិការនិងវិនិយោគ សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានផ្ដល់អនុសាសន៍ថា ៖ ទី១) គឺត្រូវចាប់យកវិស័យកសិកម្មជាស្នូល នាពេលខាងមុខនេះ ដោយកម្ពុជាមានសន្តិសុខស្បៀង ដោយនៅសល់ស្រូវច្រើន ហើយ ឥណ្ឌូណេស៊ី ដែលមានប្រជាជនច្រើន ត្រូវការស្បៀង ។ កម្ពុជាអាចជាទីកន្លែងដែលអាចផ្គត់ផ្គង់ស្បៀងប្រកបដោយស្ថិរភាព ហើយសម្ដេចតេជោបានជំរុញឱ្យឥណ្ឌូណេស៊ី ពិចារណាក្នុងការវិនិយោគដោយផ្ទាល់នៅប្រទេសកម្ពុជាតែម្ដង គឺការរៀបចំជាប្រព័ន្ធផលិត ស្តុកទុក កិន ហើយអាចវេចខ្ចប់ ដើម្បីនាំចេញទៅកាន់ឥណ្ឌូណេស៊ី ឬបណ្ដាប្រទេសផ្សេងៗទៀត ។ ការវិនិយោគដោយត្រង់នេះ នឹងមានផលប្រយោជន៍បំពេញឱ្យគ្នាទៅវិញទៅមក អាចជួយឱ្យកសិករកម្ពុជាមានទីផ្សារ ហើយសាធារណរដ្ឋឥណ្ឌូណេស៊ីមានប្រភពធានានូវសន្តិសុខស្បៀងរយៈពេលយូរអង្វែង។   ទី២)ទាក់ទងនឹងវិស័យពាណិជ្ជកម្ម សម្ដេចតេជោ សង្កេតឃើញថាមានទំហំកើនឡើង តែមិនទាន់អស់សក្កានុពលដែលប្រទេសទាំងពីរមាននៅឡើយ ។ ភាគីទាំងពីរត្រូវតែពិនិត្យមើល អ្វីដែលអាចជំរុញកំណើនពាណិជ្ជកម្មឱ្យបានច្រើនថែមទៀត ដែលជាការបំពេញឱ្យគ្នាទៅវិញទៅមក ព្រោះថា យើងមានកិច្ចព្រមព្រៀងមួយចំនួន ដូចជាក្នុងក្របខណ្ឌ AFTA និង RCEP ជាដើម ។   ទី៣)ទាក់ទងវិស័យសុខាភិបាល សម្ដេចតេជោប្រធានព្រឹទ្ធសភា បានណែនាំឱ្យ លោក ឯកអគ្គរដ្ឋទូត ធ្វើការជាមួយនឹងក្រសួងសុខាភិបាលកម្ពុជា ។

ជាមួយគ្នានេះ សម្ដេចតេជោ ក៏បានកោតសរសើរ និង មានការចាប់អារម្មណ៍ទៅលើការរីកចម្រើននូវវិស័យបច្ចេកវិទ្យារបស់ឥណ្ឌូណេស៊ីផងដែរ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com