ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
តើអាថ៌កំបាំងអ្វីខ្លះនៅលើភ្នំបូកគោ ដែលអ្នកសារព័ត៌មានកម្ពុជា រុករកយកមកផ្សាយ
ថ្ងៃទី ៖ 30-05-2024, ដោយ​​ admin , 370 Views
                     
កំពត : ចាប់តាំងពីព្រឹកព្រលឹមស្រ៊ាងៗនាថ្ងៃទី២៨ឧសភា យ៉ាងហោចណាស់អ្នកសារព័ត៌មាន៣០ស្ថាប័នដែលជាសារព័ត៌មានល្បីៗនៅកម្ពុជា បានធ្វើដំណើរយ៉ាងប្រញាប់ប្រញាលក្រោយតំណក់គ្រាប់ភ្លៀងបានបង្អុរចុះមកស្ទើរពាសពេញរាជធានីឆ្ពោះមកកាន់រថយន្តក្រុងនៅមុខចំណតរ៉ារថភ្លើងដើម្បីបន្តដំណើរទៅភ្នំបូកគោ ខេត្តកំពត ដែលមានចម្ងាយ១៨០គីឡូម៉ែត្រ តាមបណ្ដោយផ្លូវជាតិលេខ៣ ។

រយៈពេល២យប់៣ថ្ងៃ នៅលើភ្នំបូកគោ ចាប់ពីថ្ងៃទី២៨ដល់ថ្ងៃទី៣០ ខែឧសភា អ្នកសារព័ត៌មាន៣០ស្ថានប័ន ដឹកនាំដោយក្លិបអ្នកកាសែតកម្ពុជា ហៅកាត់ថា «កអក» បានបញ្ចប់បេសកកម្មផ្សព្វផ្សាយសេដ្ឋកិច្ចទ្រង់ទ្រាយធំដោយជោគជ័យ បើទោះអាកាសធាតុមានភាពរអាក់រអួលបន្តិចមែន ។

ថាតើអាថ៌កំបាំងអ្វីខ្លះនៅលើភ្នំបូកគោ ដែលអ្នកសារព័ត៌មានកម្ពុជា រុករកយកមកផ្សាយក្នុងរយៈពេល៣ថ្ងៃនេះ ដើម្បីទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរទាំងក្នុងស្រុក និងអន្តរជាតិ មកកម្សាន្ដ ក្រៅពីតំបន់កម្សាន្តផ្សេងៗនៅកម្ពុជា ។

ប្រធានក្លឹបអ្នកកាសែតកម្ពុជា លោក ពុយ គា បានបញ្ជាក់ថា កន្លងមក អ្នកទេសចរទាំងក្នុងប្រទេស និងអន្តជាតិ កាលណាចង់ធ្វើដំណើរទេសចរណ៍តែងគិតភ្លាមទៅដល់ទឹកដីនៃខេត្តសៀមរាប នឹកឃើញដល់ប្រាសាទអង្គរវត្ត ឬមួយក៏ទៅនៅតំបន់ឆ្នេរសមុទ្រដូចជា ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែបជាដើម។

លោកបន្ថែមថា ក្លឹបអ្នកកាសែតកម្ពុជាចង់បង្ហាញថា តំបន់ទេសចរណ៍នៅកម្ពុជាមានច្រើនណាស់ ហើយនៅចំពោះមុខនៃបម្រែបម្រួលអាកាសធាតុអាកាសធាតុក្តៅ ដែលកំពុងជួបប្រទះ កម្ពុជាក៏មានជម្រើសរកតំបន់ទេសចរណ៍ដែលមានអាកាសធាតុត្រជាក់រហូតដល់បីតំបន់៖ ទីមួយ ភូមិភាគឦសាននៃប្រទេសកម្ពុជានៅលើទឹកដីខេត្តមណ្ឌលគិរី ទីពីរ គីរីរម្យក្នុងខេត្តកំពង់ស្ពឺ និងទីបី ទីក្រុងបូកគោ ដែលមានរហូតដល់បីរដូវក្នុងមួយថ្ងៃ មានន័យថាក្តៅ ត្រជាក់ និងធ្លាក់អ័ព។

យោងតាមឯកសារ ឧទ្យានជាតិព្រះមុនីវង្ស ដែលគេតែងហៅយ៉ាងស្ទាត់មាត់ថា «ភ្នំបូកគោ» ឬឧទ្យានជាតិបូកគោ ស្ថិតនៅក្នុងខេត្តកំពត មានកម្ពស់ 1075ម៉ែត្រ បើធៀបទៅនឹងនីវ៉ូទឹកសមុទ្រ និងចម្ងាយប្រមាណ11គីឡូម៉ែត្រពីក្រុងកំពត ទៅកាន់ជើងភ្នំ និងចម្ងាយ32គីឡូម៉ែត្រពីជើងភ្នំដល់កំពូលភ្នំ។ ភ្នំបូកគោ ត្រូវបានរកឃើញនៅឆ្នាំ1917 ដោយជនជាតិបារាំងឈ្មោះ «រូលួស» និងត្រូវបានអភិវឌ្ឍឲ្យទៅជារមណីយដ្ឋានក្នុងឆ្នាំ1921។ កាលពីមុន ភ្នំបូកគោ ធ្លាប់ជាទីកន្លែងសម្រាកដ៏ល្បីល្បាញដែលធ្វើឡើងសម្រាប់តែអភិជនបារាំង និងរាជវង្សានុវង្សប៉ុណ្ណោះ។ 


ឧទ្យានជាតិភ្នំបូកគោ គឺជាឧទ្យានមួយក្នុងចំណោមឧទ្យានជាតិដ៏ស្រស់ស្អាតរបស់ប្រទេសកម្ពុជា។ ភ្នំបូកគោ ល្បីឈ្មោះដោយសារតែអាកាសធាតុត្រជាក់ពេញមួយឆ្នាំ ព្រមទាំងមានព្រៃព្រឹក្សាធម្មជាតិដ៏ខៀវស្រងាត់និងស្រស់បំព្រង។ ភ្ញៀវទេសចរអាចគយគន់ទិដ្ឋភាពពិចពិលរមិលមើលពីលើកំពូលភ្នំទៅកាន់ទីរួមខេត្តកំពត ឆ្នេរសមុទ្រ និងកោះជាច្រើនដែលនៅខាងក្រោមយ៉ាងសប្បាយរីករាយ។ ឧទ្យានជាតិភ្នំបូកគោ មានដើមឈើត្រូពិចពាសពេញលើភ្នំ ព្រមទាំងសត្វព្រៃជាច្រើនប្រភេទ និងទឹកជ្រោះដ៏ស្រស់ស្អាតនិងល្បីល្បាញគឺទឹកជ្រោះពពកវិល។

ភ្នំបូកគោ គឺជាទីកន្លែងកម្សាន្តដែលសម្បូរបែបបំផុតមួយ ដែលនឹងធ្វើឲ្យគ្រប់ដំណើរកម្សាន្តរបស់អ្នកពោពេញដោយភាពរីករាយនិងបំភ្លេចមិនបាន។ ភ្នំបូកគោ មានតំបន់កម្សាន្តជាច្រើន ដែលអ្នកសារព័ត៌មានរុករក និងស្វែងយល់តាមរយះអ្នកនាំផ្លូវឬតំណាងក្រុមហ៊ុន ក្នុងនោះ មានដូចជា ៖ ដំណាក់ស្លាខ្មៅ , ឡឺ បូកគោ ផាលេស (សណ្ឋាគារចាស់) , វត្តសំពៅប្រាំ , បដិមាលោកយាយម៉ៅ , ព្រះវិហារកាតូលិកចាស់ , ព្រៃធម្មជាតិ , ដំណាក់ព្រះបាទមុនីវង្ស ឬដំណាក់ស្តេច , រមណីយដ្ឋាន ឋានសួគ៌បូកគោ , ទីតាំងសមាធិ , ទីតាំងព្រះពុទ្ធបដិមា រួមនិងតំបន់កម្សាន្តផ្សេងទៀត ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com