ក្នុងសកម្មភាពចុះពិនិត្យដំណាំពោតនៅភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងខេត្តស្ទឹងត្រែងថ្ងៃទី២៤មេសាឆ្នាំ២០២៤ លោកអនជួនមេភូមិខាំផាន់បានបញ្ជាក់ថា៖ដំណាំពោតកសិករនៅនេះជួបប្រទះអាកាសធាតុប្រែប្រួល ជាគ្រោះចង្រៃមួយ បានបង្កឱ្យពោតដាក់គ្រាប់មិនបានពេញលេញ ធ្វើឱ្យកសិករខាតបង់ថវិកាប្រមាណជាង២០%ក្នុងចម្ការនិមួយៗ ទោះបីបងប្អូនខិតខំប្រើមធ្យោបាយថែទាំ បូមដាក់ទឹក កិតកាលយ៉ាងណាក៏ដោយ។
លោកថា៖ការដាំដុះបច្ចុប្បន្នកសិករអនុវត្តតាមបច្ចេកទេស ទាំងការថែទាំ និងការជ្រើសរើសពូជ បានត្រឹមត្រូវហើយ តែឆ្នាំនេះអាកាសធាតុក្ដៅហួសការស្មាន បង្កឱ្យដំណាំពោតថយគុណភាព ។ សំឡេង"ឆ្នាំនេះវាក្ដៅពេកទឹកមិនគ្រប់គ្រាន់ផ្លែវាមានខ្លះអ៊ីចឹងមិនអាចបំពេញគ្រាប់ប៉ុន្តែយើងចង់ទប់និងធាតុអាកាសអត់បានទេវាអាចថយចុះប្រមាណ១៥ទៅ២០%គុណភាពវាបើដូចរាល់ឆ្នាំអត់អីទេគឺពោតសាច់ពេញៗព្រោះធាតុអាកាសត្រជាក់អត់ដូចឆ្នាំនេះក្ដៅ។"
លោក ឈាវសុគុណថែល រស់នៅចំណុចខេ ក្នុងភូមិខាំផាន់ បានបញ្ជាក់ថា៖កសិករប្រមាណជាង៧០គ្រួសារនៅក្នុងភូមិនេះបានព្យាយាមដាំពោតប្រចាំរដូវកាល ដើម្បីផ្គត់ផ្គង់ទៅកាន់ទីផ្សារប្រយោជន៍រួមគ្នាថែរក្សាឱ្យបានកេរ្តិ៍ឈ្មោះភូមិមួយមានផលិតផលមួយ គឺពោតសហគមន៍ភូមិខាំផាន់។
លោកបន្ថែមថា ដំណាំពោតនៅជុំទី៣នេះ ស្ទើរតែបាត់បង់ ផលិតផលមួយភូមិមួយ ព្រោះ រងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ ធ្វើឱ្យកសិករខាតបង់ដើមទុនទៅលើការចំណាយ។
លោកស្រីឆៃចិត្រា អ្នកស្ងោរពោតលក់ នៅក្រុងស្ទឹងត្រែង បានឱ្យទទួលស្គាល់ថា៖បច្ចុប្បន្នពោត និងបន្លែផ្សេងៗ ដែលនាំចេញពីភូមិខាំផាន់នេះ ស្រួលលក់ដូរជាងពោតនិងបន្លែនាំចូលមកពីបណ្តាតំបន់នានា ព្រោះអាតិថិជនបានស្គាល់ប្រភពច្បាស់លាស់ និងមានរសជាតិឆ្ងាញ់ ផង។
លោកស្រីថា ពោត ឆៅក្នុងមួយផ្លែមានតម្លៃចាប់ពី៥ទៅ៧០០រៀល ពេលស្ងោរឆ្អិនមួយតម្លៃ១០០០រៀលតែប៉ុណ្ណោះ។ សូមបញ្ជាក់ថា៖នៅភូមិខាំផាន់សង្កាត់សាមគ្គីមានប្រជាពលរដ្ឋរស់នៅជាង២០០គ្រួសារ បានប្រកបមុខរបរដាំដំណាំរួមផ្សំ ជាពិសេសដំណាំពោត នៅតាមជួរដងទន្លេមេគង្គ ដែលមានផ្ទៃដីលាតសន្ធឹងជាង៨គីឡូម៉ែត្រ ចាប់ពីអូរ(ម៉មកើត)ទៅដល់អូរឈើទាល(កោះកី) ហើយបច្ចុប្បន្នដំណាំពោតជាង១៥ហិកតា កំពុងរងការថមថយទិន្នផលដោយសារ តែអាកាសធាតុក្ដៅហួសកម្រិត នេះ៕