ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
កម្ពុជា ឡាវ ប្ដេជ្ញាលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាង គណបក្ស និងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ និងប្រកបដោយផ្លែផ្កា
ថ្ងៃទី ៖ 24-04-2024, ដោយ​​ Dara007 , 46 Views
                     
ភ្នំពេញៈ គណបក្សប្រជាជនកម្ពុជា និងគណបក្សប្រជាជនបដិវត្តន៍ឡាវ ប្ដេជ្ញាពូនជ្រុំនូវចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាង គណបក្ស និងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ និងប្រកបដោយផ្លែផ្កា ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋ និងលើកកម្ពស់តួនាទីប្រទេសទាំងពីរនៅក្នុងតំបន់ និងអន្តរជាតិ។

ក្នុងជំនួបប្រជុំកំពូល លើកទី១៤ រវាងថ្នាក់ដឹកនាំកំពូលនៃគណបក្សប្រជាជនបដិវត្តន៍ឡាវ ដែលដឹកនាំ ដោយលោក ថងលូន ស៊ីសូលីត អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិម និងជាប្រធានរដ្ឋឡាវ និងថ្នាក់ដឹកនាំកំពូលនៃគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា ដោយកិច្ចប្រជុំបានប្រព្រឹត្តទៅក្នុងបរិយាកាសកក់ក្តៅ ស្និទ្ធស្នាលយោគយល់គ្នា និងក្នុងស្មារតីជឿទុកចិត្តគ្នា ដើម្បីបន្តពូនជ្រុំនូវចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាង គណបក្ស និងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ និងប្រកបដោយផ្លែផ្កា។ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ និងសម្តែងនូវការអបអរសាទរយ៉ាងក្រៃលែងចំពោះការរីកចម្រើន ឥតឈប់ឈរនៃចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលបានលើកកម្ពស់ដល់កម្រិត ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងគង់វង្សយូរអង្វែង។

ភាគីទាំងពីរបានជូនព័ត៌មានគ្នាទៅវិញទៅមកអំពីសភាពការណ៍រួមនៅក្នុងតំបន់ និងអន្តរជាតិ សភាពការណ៍លេចធ្លោនៃគណបក្ស និងប្រទេសនីមួយៗ ទំនាក់ទំនងទ្វេភាគីនិងកិច្ចសហប្រតិបត្តិការ ក្នុង ក្របខណ្ឌតំបន់និងអន្តរជាតិ ព្រមទាំងទិសដៅនៃកិច្ចសហប្រតិបត្តិការរវាងគណបក្សទាំងពីរ។

ភាគីកម្ពុជាគាំទ្រយ៉ាងពេញទំហឹងចំពោះតួនាទីជាប្រធានអាស៊ាន និងជាប្រធានអន្តរសភាអាស៊ាន នៅឆ្នាំ២០២៤ របស់ភាគីមិត្តឡាវ និងបានអញ្ជើញភាគីឡាវដឹកនាំគណៈប្រតិភូជាន់ខ្ពស់ឡាវចូលរួមនៅ ក្នុងកិច្ចប្រជុំកំពូលលើកទី១២ នៃកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV) កិច្ចប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱននិងសន្តិភាព (IPTP) មហាសន្និបាត លើកទី១២ នៃសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) ក្រុមប្រឹក្សាវប្បធម៌អាស៊ីលើកទី៣ (ACC) និងកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកគ្មានមីន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅឆ្នាំ២០២៤ នេះផងដែរ។

ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការចាត់តាំងអនុវត្តស្មារតីនៃកិច្ចប្រជុំកំពូល លើកទី១៣ រវាងគណបក្សទាំងពីរនៅរដ្ឋធានីវៀងចន្ទន៍ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលបានរួមចំណែក យ៉ាងធំធេងដល់ការលើកកម្ពស់ចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណីដ៏ល្អ និងកិច្ចសហប្រតិបត្តិការ និង ការជួយគាំទ្រគ្នាទៅវិញទៅមករវាងគណបក្ស សភា រដ្ឋាភិបាល និងអង្គការមហាជននៃប្រទេសទាំងពីរ ក៏ដូចជារវាងអាជ្ញាធរមូលដ្ឋាននៅតាមព្រំដែននៃប្រទេសទាំងពីរ ដើម្បីបុព្វហេតុការពារ និងអភិវឌ្ឍន៍ប្រទេសនីមួយៗ ដើម្បីលើកកម្ពស់តួនាទីប្រទេសទាំងពីរនៅក្នុងតំបន់ និងអន្តរជាតិ។

ទន្ទឹមនឹងនេះ ភាគីទាំងពីរបានឯកភាពខ្ពស់ក្នុងការបន្តពង្រឹងពង្រីកនូវទំនាក់ទំនងមិត្តភាព សាមគ្គីភាព និង កិច្ចសហប្រតិបត្តិការរវាងគណបក្សទាំងពីរ និងប្រទេសទាំងពីរ ក៏ដូចប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម ដើម្បីឧត្តមប្រយោជន៍ជាតិនៃប្រទេសទាំងបី និងប្រជាជននៃប្រទេសនីមួយៗ រួមចំណែកដល់បុព្វហេតុ សន្តិភាព ស្ថិរភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅអនុតំបន់ទន្លេមេគង្គ ព្រមទាំងក្នុង តំបន់ និងពិភពលោក៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com