ប្រភពព័ត៌មានបានឲ្យដឹងថា ការនាំចូលគ្រឿងសមុទ្រ បង្គារ មឹក ក្ដាមជ័រ ត្រីស្ពុង និងគ្រឿងសមុទ្រផ្សេងៗទៀតជាច្រើនមុខក្នុងមួយថ្ងៃៗនោះ គឺក្រុមឈ្មួញបានបង់ថ្លៃក្បាលឡាន ឲ្យទៅប្រធានស្នាក់ការច្រកទ្វារ មន្រ្តីអន្តោប្រវេសន៍ គយដែលប្រចាំការ នៅច្រកព្រំដែនព្រែកចាក និងមន្ដ្រីជំនាញផ្នែកជលផល យកលុយទៅហោប៉ៅយ៉ាងរំភើយ ដោយមិនខ្វល់ពីការបាត់ចំណូលថវិការជាតិនោះទេ ។
មជ្ឈដ្ឋាននានាបានសំណូមពរដល់ លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធិ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងលោក ម៉ៅ ធនិន អភិបាលខេត្តកំពត មេត្តាចាត់វិធានការចំពោះសកម្មភាពមិនប្រក្រតីរបស់កូនចៅក្រោមឱវាទផង ដើម្បីទប់ស្កាត់ ការនាំចូលគ្រឿងសមុទ្រដោយគេចពន្ធ និងបង់ពន្ធមិនគ្រប់ ពីវៀតណាមតាមច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាកនេះតទៅទៀត ដែលធ្វើឲ្យបាត់បង់ចំណូលចូលថវិការជាតិជាច្រើនក្នុងមួយឆ្នាំៗ ។ ជុំវិញបញ្ហានេះអង្គភាពសារព័ត៌មានយើង មិនទាន់អាចសុំការបំភ្លឺពីមន្រ្តីពាក់ព័ន្ធ ដែលប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ខេត្តកំពតបាននៅឡើយទេ ៕