ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ពលរដ្ឋជាង៨ម៉ឺននាក់ បានជិះរថយន្តក្រុងដោយឥតគិតថ្លៃក្នុងឱកាសសង្រ្កានឆ្នាំថ្មី
ថ្ងៃទី ៖ 18-04-2024, ដោយ​​ admin , 76 Views
                     
ភ្នំពេញ : កម្មករ កម្មការិនី និងប្រជាពលរដ្ឋប្រមាណជាង៨ម៉ឺននាក់ បានជិះរថយន្តក្រុងដោយឥតគិតថ្លៃទាំងនៅក្នុងរាជធានីភ្នំពេញ និងទៅមកស្រុកកំណើតតាមបណ្តាខេត្តនានា នៅក្នុងឱកាសសង្រ្កានឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រយៈពេល៦ថ្ងៃ គិតចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា។ នេះបើតាមការបញ្ជាក់ពីលោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៨ ខែមេសានេះ។

លោក ម៉េត មាសភក្តី បានបន្តថា ជាការកត់សម្គាល់ចំនួនអ្នកជិះរថយន្តក្រុងប្រមាណជាង៨ម៉ឺននាក់នៅក្នុងឱកាសសង្រ្កានឆ្នាំថ្មីប្រពៃណីជាតិខ្មែរ គឺមានការកើនឡើងជាង ២ម៉ឺននាក់ ស្មើ៣៥% បើប្រៀបធៀបទៅនឹងការដឹកជញ្ជូនកាលពីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២៣។ ខេត្តដែលមានពលរដ្ឋជិះរថយន្តក្រុងទៅមកច្រើន មានចំនួន២ខេត្ត រួមមានខេត្តសៀមរាប និងខេត្តបាត់ដំបង ក្នុងនោះ ខេត្តសៀមរាប មានចំនួនប្រមាណ២ម៉ឺន៥ពាន់នាក់ និងខេត្តបាត់ដំបង មានចំនួនជាង១ម៉ឺននាក់ ។

អ្នកនាំពាក្យរូបនេះបន្តថា ក្នុងអំឡុងពេលដឹកជញ្ជូនអ្នកដំណើរនៅក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មីនេះ គឺមិនមានបញ្ហាអ្វីកើតឡើងគួរឲ្យកត់សម្គាល់នោះទេ ពោលគឺការដឹកជញ្ជូនបានដំណើរការដោយរលូនប្រកបដោយសុខសុវត្ថិភាពល្អប្រសើរ។ ជាមួយគ្នានេះ ពលរដ្ឋគ្រប់មជ្ឈដ្ឋានក៏បានសាទរ និងថ្លែងអំណរគុណសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ ចំពោះការបន្តផ្តល់រថយន្តក្រុងឥតគិតថ្លៃទៅស្រុកកំណើតតាមបណ្តាខេត្តនានា នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីនេះ។

គួរបញ្ជាក់ថា ដើម្បីជួយសម្រួលបន្ទុកចំណាយរបស់ប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរទៅស្រុកកំណើតជួបជុំក្រុមគ្រួសារនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សម្រាប់ឆ្នាំនេះ រដ្ឋបាលរាជធានីភ្នំពេញបានបញ្ចេញរថយន្តក្រុងចំនួន ៤៥៥គ្រឿង សម្រាប់ដឹកពលរដ្ឋដោយឥតគិតថ្លៃរយៈពេល ០៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា។ ក្នុងចំណោមរថយន្តក្រុងចំនួនជាង ៤០០គ្រឿងនេះ បានប្រើសម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ចំនួន ៦០គ្រឿង និងសម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋធ្វើដំណើរពីរាជធានីភ្នំពេញទៅមកស្រុកកំណើតតាមបណ្តាខេត្ត ចំនួន ៣៩៥គ្រឿង៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com