លោក សរ សុពុត្រា អភិបាលរង និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ដកំពង់ស្ពឺ បានឱ្យបានដឹងថា ភ្ញៀវទេសចរផ្ទៃក្នុងដែលមកលេងកម្សាន្ត ព្រឹត្តិការណ៍កំពង់ស្ពឺសង្ក្រាន្តឆ្នាំ២០២៤ ក្នុងរយៈពេល៤ថ្ងៃមានចំនួនសរុបប្រមាណ ២,០៤២,០៨៥នាក់ បើធៀបរយៈពេល៣ថ្ងៃដូចគ្នាឆ្នាំ២០២៣ សរុប ៤៨២,០៩០នាក់ កើនឡើង ៣២៤% ក្នុងនោះរួមមាន៖ ក. ភ្ញៀវទេសចរជាតិ ក្នុងព្រឹត្តិការណ៍កំពង់ស្ពឺសង្ក្រាន្តឆ្នាំ២០២៤ចំនួន ២,០៤១,០០៧នាក់ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣ សរុប ៤៨១,៧៦៥នាក់ កើនឡើង ៣២៤% ។ ខ. ភ្ញៀវទេសចរអន្តជាតិ ក្នុងព្រឹត្តិការណ៍កំពង់ស្ពឺសង្ក្រាន្តឆ្នាំ២០២៤ចំនួន ១,០៧៨នាក់ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣ សរុប ៣២៥នាក់ កើនឡើង ២៣២% ។
លោក សរ សុពុត្រាបានបញ្ជាក់ថា ក្នុងនោះផងដែរ ភ្ញៀវទេសចរផ្ទៃក្នុងដែលមកព្រឹត្តិការណ៍កំពង់ស្ពឺសង្ក្រាន្តឆ្នាំ២០២៤ក្នុងថ្ងៃនីមួយៗរយៈ៤ថ្ងៃមានចំនួន៖ ភ្ញៀវទេសចរ ព្រឹត្តិការណ៍កំពង់ស្ពឺសង្ក្រាន្តឆ្នាំ២០២៤ ថ្ងៃទី១ +ភ្ញៀវជាតិ ២៥៩,៧៨២នាក់+អន្តរជាតិ ៥៨ នាក់ ភ្ញៀវទេសចរ ព្រឹត្តិការណ៍កំពង់ស្ពឺសង្ក្រាន្តឆ្នាំ២០២៤ ថ្ងៃទី២ +ភ្ញៀវជាតិ ៣០៥,៥២៥ នាក់ +អន្តរជាតិ ២៦៥ នាក់ ភ្ញៀវទេសចរ ព្រឹត្តិការណ៍កំពង់ស្ពឺសង្ក្រាន្តឆ្នាំ២០២៤ ថ្ងៃទី៣ +ភ្ញៀវជាតិ ៦៣៩៧៦០ នាក់ +អន្តរជាតិ ៣៤៥ នាក់ ភ្ញៀវទេសចរ ព្រឹត្តិការណ៍កំពង់ស្ពឺសង្ក្រាន្តឆ្នាំ២០២៤ ថ្ងៃទី៤ +ភ្ញៀវជាតិ ៨៣៥,៩៤០ នាក់ +អន្តរជាតិ ៤១០ នាក់ ។
លោក សរ សុពុត្រា បន្ដថា ការរៀបចំកំពង់ស្ពឺសង្ក្រាន្តនៅទីតាំងចំនួន២១ ដោយមានការរៀបចំលេងល្បែងប្រជាប្រិយប្រពៃណីជាតិគ្រប់ប្រភេទ ដូចជា ចោលឈូង បោះអង្គញ់ ទាញព្រ័ត្រ លាក់កន្សែង វាយក្អម ដណ្ដើមស្លឹកឈើ ក្លែងឆាបកូនមាន់ និងមានការប្រគំតន្ត្រីរាំលេងកម្សាន្ត និងកម្មវិធីប្រដាល់គុណខ្មែរ ព្រមទាំងមានប្រឡងចម្រៀង និងឆ្លើយសំនួរចំណេះដឹងអំពីការងារផងដែរ ដើម្បីបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ ៕
លោក សរ សុពុត្រា បានបន្ថែមថា ក្នុងរយៈពេល ៤ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅខេត្តកំពង់ស្ពឺឆ្នាំនេះ គឺមានការប្រព្រឹត្តិទៅដោយរលូន និងប្រកបដោយសុខសុវត្ថិភាព និងមានសណ្ដាប់ធ្នាប់ របៀបរៀបរយ ព្រមទាំងទទួលបានការសប្បាយរីករាយ ផងដែរ ក្រោមការរៀបចំ និងដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ អាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងប្រដាប់អាវុធ ព្រមទាំងមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋ ផងដែរ៕