ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
កូរ៉េ បង្ហាញបំណងពង្រីកបន្ថែម និងបណ្តាក់ទុនវិនិយោគនៅកម្ពុជា
ថ្ងៃទី ៖ 27-03-2024, ដោយ​​ Dara007 , 73 Views
                     
ភ្នំពេញៈ ក្រុមហ៊ុនកូរ៉េ បង្ហាញបំណងពង្រីកបន្ថែម និងបណ្តាក់ទុនវិនិយោគនៅកម្ពុជា ស្របតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA) ដែលបានចូលជាធរមាន ។

នារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក In-Kyo CHEONG រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល នៃសាធារណរដ្ឋកូរ៉េ និងលោក CHANG Dae-Whan ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Maekyung Media Group និងគណ:ប្រតិភូ នៃបណ្តាក្រុមហ៊ុនកូរ៉េជាច្រើន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ក្នុងឱកាសនៃជំនួប លោកសហប្រធានគណៈប្រតិភូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចធិបតី ដែលបានចំណាយពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ព្រះរាជាណាចក្រកម្ពុជា ជាពិសេសលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងការបំពេញតួនាទីលើឆាកអន្តរជាតិរបស់កម្ពុជាប្រកបដោយភាពជោគជ័យ ដូចជាការធ្វើជាប្រធានអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធកាលពីឆ្នាំ២០២២ ។

ជាមួយគ្នានេះ លោកសហប្រធានគណៈប្រតិភូ និងសមាជិកគណៈប្រតិភូ បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការរីកចម្រើនផ្នែកសេដ្ឋកិច្ចនៃព្រះរាជាណាចក្រកម្ពុជា និងបង្ហាញបំណងក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើការជំរុញការវិនិយោគ ពាណិជ្ជកម្ម និងសេដ្ឋកិច្ច ស្របតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA) ដែលបានចូលជាធរមាន ។ តាមរយ:កិច្ចព្រមព្រៀង CKFTA នេះ, ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីររីកចម្រើនគួរឱ្យកត់សម្គាល់។

លោកសហប្រធានគណៈប្រតិភូ ក៏បានប្តេជ្ញាបន្តពង្រឹង និងពង្រីកនូវកិច្ចសហប្រតិបត្តិការ និងការវិនិយោគបន្ថែមទៀតលើវិស័យមួយចំនួន រួមមាន៖ វិស័យអប់រំ ទេសចរណ៍ ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ វិស័យកសិកម្ម ថាមពល បរិក្ខារអេឡិចត្រូនិក រថយន្ត និងគ្រឿងបង្គុំ សេវាម្ហូបអាហារ និងវិស័យសារព័ត៌មាននៅកម្ពុជាផងដែរ។

ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ ប្រកបដេាយក្តីរីករាយដែលបានជួបពិភាក្សាការងារជាមួយគណៈប្រតិភូ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះបណ្តាក្រុមហ៊ុនកូរ៉េ ដែលបានបោះទុនវិនិយោគ និងបង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគថ្មីៗបន្ថែមទៀតនៅកម្ពុជា។

សម្ដេចធិបតី ក៏បានគូសបញ្ជាក់ជូនគណៈប្រតិភូផងដែរថា តាមរយៈការធានា និងរក្សាបាននូវសុខសន្តិភាព និងស្ថិរភាពនយោបាយ កម្ពុជាអាចសម្រេចបាននូវកំណើនសេដ្ឋកិច្ចដ៏រឹងមាំ និងឆាប់រហ័សប្រកបដោយភាពធន់ក្នុងរង្វង់៧ភាគរយក្នុងមួយឆ្នាំក្នុងរយៈពេលជាង ២ ទសវត្សរ៍កន្លងមកនេះ។ បន្ទាប់ពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ សេដ្ឋកិច្ចកម្ពុជាក៏ត្រូវបានស្ដារឡើងវិញប្រកបដោយភាពធន់ ហើយជឿជាក់ថាសេដ្ឋកិច្ចនឹងមានការកើនក្នុងរង្វង់ ៦,៦ ភាគរយនៅក្នុងឆ្នាំ ២០២៤ នេះ។ បន្ថែមលើនេះ សម្តេចធិបតី បានបញ្ជាក់ជូនដល់គណៈប្រតិភូអំពីគោលនយោបាយក្នុងការទាក់ទាញ ក៏ដូចជាផ្ដល់ការលើកទឹកចិត្តដល់វិនិយោគិននៅកម្ពុជា តាមរយៈការអនុវត្តច្បាប់ស្តីអំពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការដាក់ចេញនូវគោលនយោបាយជាក់ស្ដែង ដើម្បីគាំទ្រដល់បរិយាកាសវិនិយោគ និងរក្សាភាពប្រកួតប្រជែងរបស់កម្ពុជា នៅក្នុងតំបន់ និងសកលលោក។

ទន្ទឹមនោះ សម្ដេចធិបតីបានគូសរំលេចអំពីការដាក់ចេញនូវគោលនយោបាយ និងយន្តការបន្ថែមទៀតក្នុងការគាំទ្រ និងដោះស្រាយនូវបញ្ហាប្រឈមនានារបស់វិនិយោគិននៅក្នុងកម្ពុជា តាមរយៈការរៀបចំនូវវេទិការវាងរាជរដ្ឋាភិបាល-ផ្នែកឯកជន ព្រមទាំងដាក់ចេញនូវគំនិតផ្ដួចផ្ដើមថ្មីៗបន្ថែមទៀត ដូចជា គំរូថ្មីនៃតំបន់សេដ្ឋកិច្ចពិសេស តាមប្រភេទឧស្សាហកម្ម និងតម្រូវការរបស់ប្រទេសនីមួយៗ និងយន្តការភាពជាដៃគូរវាងរដ្ឋ និងឯ‍កជន (Public-Private Partnership)។ សម្ដេចធិបតី ក៏បានបញ្ជាក់ជូនគណៈប្រតិភូផងដែរថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក៏បានដាក់ចេញនូវគោលនយោបាយជាអាទិភាពក្នុងការអភិវឌ្ឍធនធានមនុស្ស តាមរយៈការកែទម្រង់វិស័យអប់រំ កម្មវិធីសិក្សា ការពង្រីកនូវការបណ្តុះបណ្តាល STEM និង STEAM និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជំនាញបច្ចេកទេស ឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារប្រកបដោយភាពបត់បែន និងតាមតម្រូវការជាក់ស្តែង ព្រមទាំងពង្រឹងសមត្ថភាពបន្ថែមតាមរយៈការរៀបចំជំនាញឡើងវិញ (Reskilling) និងការបង្កើនជំនាញ (Upskilling)។ មុននឹងបញ្ចប់ សម្តេចធិបតី បានគូសបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជាបន្តបើកចំហចំពោះការវិនិយោគមកពីគ្រប់បណ្តាប្រទេសទាំងអស់ ដោយឈរលើភាពបត់បែន និងភាពជាក់ស្តែងនិយម និងការដាក់ចេញនូវគោលនយោបាយក្នុងការឆ្លើយតប និងដោះស្រាយបញ្ហាប្រឈមរបស់វិនិយោគិន ដែលកំពុងធ្វើប្រតិបត្តិអាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីរក្សានូវបរិយាកាសវិនិយោគ ក៏ដូចជារក្សានូវភាពប្រកួតប្រជែងក្នុងគោលបំណងថែរក្សាវិនិយោគិន ដែលមានស្រាប់ និងទាក់ទាញវិនិយោគិនថ្មីៗបន្ថែមទៀតមកព្រះរាជាណាចក្រកម្ពុជា ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com