ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្រ្តីកម្ពុជា គឺពង្រឹងមូលដ្ឋានគ្រឹះដើម្បីវឌ្ឍនភាព និងវិបុលភាពសម្រាប់ផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ
ថ្ងៃទី ៖ 25-03-2024, ដោយ​​ Dara007 , 64 Views
                     
ភ្នំពេញៈ ទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្រ្តីកម្ពុជា គឺពង្រឹងមូលដ្ឋានគ្រឹះដើម្បីវឌ្ឍនភាព និងវិបុលភាពសម្រាប់ផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងទ្វេភាគីនិងស្មារតីជាអ្នកជិតខាងល្អ។

ក្រោយពីអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤នេះ លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យនាយករដ្ឋមន្ត្រី បានប្រាប់អ្នកសារព័ត៌មានថា ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ គឺចាប់ពីថ្ងៃទី២៥ និងថ្ងៃទី២៦ខែមីនា ឆ្នាំ២០២៤នេះ តបតាមការអញ្ជើញរបស់លោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

លោក បានបន្តថា ដំណើរទស្សនកិច្ចផ្លូវការនេះ នឹងធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងប្រទេសទាំងពីរ ព្រមទាំងពង្រឹងមូលដ្ឋានគ្រឹះដើម្បីវឌ្ឍនភាព និងវិបុលភាពសម្រាប់ផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។

លោក បានបន្តថា គណៈប្រតិភូជាន់ខ្ពស់ដែលអមដំណើរសម្តេចធិបតីនាឱកាសនេះរួមមាន លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្ដាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម លោកស្រី ជារដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ព្រមទាំងមន្ត្រីជាន់ខ្ពស់នៃក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួនរួមទាំងគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដែលដឹកនាំដោយលោក គិត ម៉េង ផងដែរ។ សំឡេង « នៅក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ទៅកាន់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនាឱកាសនេះនឹងធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងទ្វេភាគីនិងស្មារតីជាអ្នកជិតខាងល្អ មិត្តភាពជាយូរអង្វែងនិងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនិងយូរអង្វែងរវាងប្រទេសទាំងពីរ ព្រមទាំងពង្រឹងនូវមូលដ្ឋានគ្រឹះ នៃវឌ្ឍនភាពនិងវិបុលភាពសម្រាប់ផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ »។

លោក មាស សុភ័ណ្ឌ បានបន្ថែមថា នៅក្នុងដំណើរអញ្ជើញទស្សនៈកិច្ចផ្លូវការនេះ សម្តេចធិបតី នឹងមានជំនួបទ្វេភាគីជាមួយឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ហើយថ្នាក់ដឹកនាំប្រទេសទាំងពីរក៏នឹងអញ្ជើញជាគណៈអធិបតីក្នុងពិធីចុះហ្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការមួយចំនួនរួមទាំងធ្វើសន្និសីទសារព័ត៌មានរួមគ្នាផងដែរ។

លោក បានបន្ថែមទៀតថា ក្រៅពីជំនួបទ្វេភាគីខាងលើសម្តេចធិបតីក៏នឹងមានកម្មវិធីសំខាន់ៗមួយចំនួនទៀតផងដែរ រួមមាន ជំនួបសម្តែងការគួរសមជាមួយលោក ថងលុន ស៊ីសុលីត ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ទទួលជំនួបសម្តែងការគូរសម ដោយលោក ខាំ បាយដាឡាត់ ប្រធានសមាគមន៍មិត្តភាពឡាវកម្ពុជា និងអញ្ជើញជួបសំណេះសំណាលជាមួយនឹងសមាជិកក្លឹបធុរកិច្ចកម្ពុជានិងនិស្សិតកម្ពុជាដែលកំពុងសិក្សាសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវផងដែរ។

បន្ថែមពីនោះទៀត ក្រៅពីកម្មវិធីខាងលើសម្តេចធិបតី ក៏នឹងអញ្ជើញទស្សនាកំពង់ផែនស្ងួតផាន់ដឺឡែន និងមជ្ឍមណ្ឌលភ័ស្តុភារកម្មតាមការគ្រោងទុក សម្តេចធិបតី នឹងដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាធ្វើមាតុភូមិនិវត្តន៍មកដល់ ព្រះរាជាណាកម្ពុជាវិញ នារសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង១៣និង៣០នាទីរសៀល៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com