ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃប្រាប់អ្នកស្រុកកញ្រ្ចៀចឱ្យជឿលើរដ្ឋាភិបាលអាណត្តិថ្មី ដែលបាននិងកំពុងកែទម្រង់
ថ្ងៃទី ៖ 23-03-2024, ដោយ​​ admin , 81 Views
                     
ព្រៃវែង : ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង លោក ស សុខា បានប្រាប់ពលរដ្ឋជាពិសេសអ្នកស្រុកកញ្រ្ចៀចឱ្យជឿលើរដ្ឋាភិបាលអាណត្តិថ្មី ដែលបាននិងកំពុងកែទម្រង់ និងបន្តររក្សាសុខសន្តិភាព ក្រោមការដឹកនាំពី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ។

ការថ្លែងដោយអភិសន្តិបណ្ឌិត ស សុខា គ្រាដែលលោករួមទាំងមន្រ្តីសំខាន់ៗ ប្រធានក្រុមការងារចុះជួយឃុំត្នោត និងអាជា្ញធរមូលដ្ឋាន កាលពីរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី នៅសាលាបឋមសិក្សាត្នោត ស្ថិតក្នុងភូមិត្នោត ឃុំត្នោត ស្រុកកញ្ច្រៀច ខេត្តព្រៃវែង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចក្រឡាហោម ស ខេង និងលោកស្រី ញ៉ែម សាខន សខេង ។

បន្ថែមពីនោះ លោក ឧបនាយករដ្ឋមន្រ្តី ស សុខា បានប្រាប់ពលរដ្ឋឬម្ចាស់យានដ្ឋាននិងសិប្បកម្មជាដើមឱ្យមានការយោគយល់មកលើអាជា្ញធរមានសមត្ថកិច្ចក្នុងការធ្វើការធ្វើអន្តរាគមនដែលមានការយឺតយ៉ាវឬមិនចំគោលដៅពាក់ព័ន្ធគ្រោះអគ្គិភ័យឆាបឆេះ ។

សូមជម្រាបថា នេះជាសមិទ្ធផលថ្មីស្រឡាងនៅក្នុងអាណត្តិរដ្ឋាភិបាល ដែលជាអំណោយអតីត រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង ដោយបានបរិច្ចាគថវិការក្នុងការសង់អគារសាលារៀនបឋមសិក្សា១ខ្នង មាន៥បន្ទប់ នោះគឺ សាលាបឋមសិក្សាត្នោត ។

គួររម្លឹកថា ស្រុកកញ្ជ្រៀច ជាស្រុកមួយ ក្នុងចំណោម ក្រុង ស្រុក ទាំង១៣ នៃខេត្តព្រៃវែង មានផ្ទៃដីរួមសរុបចំនួនៈ ៣២.៨៧២ ហិតា ក្នុងនោះ ផ្ទៃដីបង្កបង្កើនផលស្រូវ ចំនួនៈ ២២.០៦០ ហិតា ។ មានប្រជាពលរដ្ឋសរុបចំនួនៈ ៧៤.៦៣៣ នាក់ ស្រី ៣៨.៩៣៧ នាក់ ស្មើនិងៈ ១៧.៩៩៤ គ្រួសារ ។ អាយុ ១៨ឆ្នាំ ឡើងមានចំនួន ៤៩.៧១២ នាក់ ស្រី ២៦.៨២៨ នាក់ ។ ប្រជាពលរដ្ឋចំណាកស្រុក ចំនួន ១៤.៤៩៧ នាក់ ស្រី ៧.០៨៣ នាក់ ក្នុងនោះ ចំណាកស្រុក ក្នុងប្រទេស ១០.៥៥៧ នាក់ ស្រី ៥.៥៩៤ នាក់ នឹងក្រៅប្រទេស ៣.៩៤០ នាក់ ស្រី ១.៤៨៩ នាក់ ។ ប្រជាពលរដ្ឋ ៩០ ភាគរយ ប្រកបរបរ កសិកម្មជាចំបង គឺការបង្កបង្កើនស្រូវ និងដំណាំបន្លែ ។ លើកិច្ចការងារ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជាទូទៅ ស្រុក រក្សាបាននូវ សន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ បាន យ៉ាងល្អប្រសើរ ដោយប្រើប្រាស់ កម្លាំងសរុប មធ្យោបាយសរុប វិធានការសរុប តាមរយៈការអនុវត្តគោលនយោបាយ ភូមិ-ឃុំ មាន សុវត្ថិភាព បានយ៉ាងផុលផុស និងការធ្វើវេទិកាសាធារណៈ សំដៅអោយ ប្រជា ពលរដ្ឋ ចូលរួមជាមតិ យោបល់ ជុំវិញ សកម្មភាព របស់អាជ្ញាធរដែនដី ដែលបម្រើសេវានៅតាមមូលដ្ឋាន ។

សាលាបឋមសិក្សាត្នោត បានបង្កើតឡើងក្នុងឆ្នាំ ១៩៥៨ លើផ្ទៃដីទំហំៈ ១០.៦១៦ ម២ មានទីតាំងស្ថិតក្នុងភូមិត្នោត ឃុំត្នោត ស្រុកកញ្ជ្រៀច ខេត្តព្រៃវែងផ្តួចផ្តើមកសាងឡើង ដោយលោកតា ប៊ី ប៊ាន និងលោកគ្រូ ជាម ស៊ុនលី បានសាងសង់អគារសិក្សា ១ខ្នង ៣ បន្ទប់ ធ្វើពីឈើ ប្រក់ក្បឿង ជញ្ជាំងស្លឹកត្នោត ។ នៅក្នុងឆ្នាំ ១៩៦២ លោកគ្រូ ជាម ស៊ុនលី និងលោកតា ពុត យុន បានសាងសង់ អគារ ១ខ្នង ៣ បន្ទប់ ធ្វើពីឈើ ប្រក់ក្បឿង ជញ្ជាំងក្តារ បន្ថែមទៀត ។ ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ ១៩៧៩ ទីតាំងដី និងអគារសិក្សាទាំង ២ខ្នង នេះ ត្រូវបាន បនប្រល័យពូជសាសន៍ ប៉ុល ពត យកធ្វើជារោង ធ្វើជីលេខ ១ និងដាំបន្លែ។ ក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩ នៅឆ្នាំ១៩៨២ បងប្អូនប្រជាពលរដ្ឋ បានសហការគ្នាបង្កើតជាសាលារៀនឡើងវិញ ដោយបានសាងសង់អគារ ១ខ្នង ៣បន្ទប់ ធ្វើពីថ្ម ប្រក់ក្បើង ដើម្បីឲ្យកូនចៅ បានសិក្សារៀនសូត្របន្ត ។ លុះដល់ឆ្នាំ ១៩៩៣ សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងលោកជំទាវ ញ៉ែម សឿន បានឧត្ថម្ភសាងសង់អគារសិក្សា ១ខ្នង ៤ បន្ទប់ ធ្វើពីថ្ម ប្រក់ក្បឿង ។នៅក្នុងឆ្នាំ ២០០៣ អង្គការយូនីសេហ្វ បានឧត្ថម្ភសាងសង់អគារសិក្សា ១ខ្នង ៥ បន្ទប់ ធ្វើពីថ្ម ប្រក់ក្បឿង ។ ដោយកំណើនសិស្ស ចេះតែកើនឡើងពីមួយឆ្នាំ ទៅមួយឆ្នាំ ហើយអគារសិក្សាដែលមាន មិនអាចបំពេញនូវសេចក្តីត្រូវការ នៃការសិក្សារៀនសូត្របាន ក្នុងខែមេសា ឆ្នាំ២០២៣ សម្តេចក្រឡាហោម ស ខេង និងលោកស្រី ញ៉ែម សាខន បានឧត្ថម្ភសាងសង់អគារសិក្សាថ្មី ១ខ្នង ៥ បន្ទប់ថែមទៀត  ធ្វើពីថ្ម ប្រក់ក្បឿង ។ ទោះបី សាលាបឋមសិក្សាត្នោត បច្ចុប្បន្ន មានអគារសិក្សាសរុបចំនួនៈ ៤ ខ្នង ស្មើនឹង ១៧ បន្ទប់ ក៏មិនអាចគ្រប់គ្រាន់ នូវតម្រូវការសិស្សចូលសិក្សារៀនសូត្របានឡើយ ។ ម៉្យាងទៀត អគារសិក្សា ១ខ្នង ៤ បន្ទប់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងលោកស្រី ញ៉ែម សឿន កសាងនៅក្នុង ឆ្នាំ ១៩៩៣ បច្ចុប្បន្ន មានសភាពចាស់ទ្រុឌទ្រោម នៅរដូវវស្សា ពេលមានភ្លៀងធ្លាក់ សិស្សមិនអាចចូលសិក្សា រៀនសូត្របានឡើយ ។ ក្នុងឳកាសដ៏ថ្លៃថ្លានេះ លោកនាយក លោកគ្រូ អ្នកគ្រូ និងសមាគមន៏ មាតា បីតា អាណាព្យាបាលសិស្ស សូមគោរពអនុញ្ញាតដ៏ខ្ពង់ខ្ពស់ គោរពស្នើសុំ អភិសន្តិបណ្ឌិត ស សុខា និងលោកស្រី មេត្តាជួយជួសជុលអគារសិក្សានេះឡើងវិញ ដើម្បីទុកជាកេរ្ត៏តំណែល របស់ សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងលោកស្រី ញ៉ែម សឿន និងជាគុណប្រយោជន៏សំរាប់សិស្សានុសិស្ស បានសិក្សារៀនសូត្រ ក្នុងពេលបច្ចុប្បន្ន និងនាអនាគត ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com