ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ព្រលានយន្តហោះអន្តរជាតិដ៍ធំ របស់កម្ពុជា កំពុងតុបតែងខ្លួននឹងត្រៀមបង្អួតសម្រស់ទៅកាន់ពិភពលោកឆ្នាំក្រោយ
ថ្ងៃទី ៖ 12-03-2024, ដោយ​​ Dara007 , 71 Views
                     
ភ្នំពេញ : សម្តេចធិបតី ហ៊ានអួតពីសមិទ្ធផលព្រលានយន្តហោះអន្តរជាតិតេជោ មិនមែនសមិទ្ធផលខ្យល់នោះទេ សង់ដើម្បីនាំមកនូវសមិទ្ធផលជាប្រវត្តិសាស្ត្រជូនជាតិម្ពុជា។

ថ្លែងនាឱកាសអញ្ជើញចុះត្រួតពិនិត្យការសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា សម្តេចហ៊ានអួតពីសមិទ្ធផលព្រលានយន្តហោះអន្តរជាតិតេជោ ព្រោះជាសមិទ្ធផលលើកដំបូងដែលកម្ពុជាមានព្រលានយន្តហោះខ្នាតអន្តរជាតិលេខ១ដូចនេះ ហើយវាក៏កំពុងបង្ហាញរូបរាងជាក់ស្តែងនៅលើទឹកដីកម្ពុជា។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ប្រសិនគេថាសម្តេចអួតខ្យល់ មិនដឹងនិយាយថាយ៉ាងណាទៀតនោះទេ ព្រោះសមិទ្ធផលបានចេញជារូបរាងច្រើនហើយមកដល់ពេលនេះ, សម្តេចហ៊ានអួតដូចនេះ ព្រោះរដ្ឋាភិបាលបានព្យាករ និងមានចក្ខុវិស័យរួចហើយនៅពេលដែលព្រលានយន្តហោះនេះធ្វើរួចនៅឆ្នាំក្រោយនោះ និងមានមនុស្សរាប់លាននាក់មកទីនេះ ហើយច្រើនឆ្នាំបន្តបន្ទាប់ទៀតវានឹងចាប់ផ្តើមបំរើដល់ឧស្សាហកម្មក្នុងតំបន់ និងផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងខេត្តតាកែវ ខេត្តកណ្តាល និងប្រជាពលរដ្ឋមកពីបណ្តាខេត្តផ្សេងៗជាច្រើនទៀតផងដែរ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោនេះឡើងលើផ្ទៃដីទំហំប្រមាណ ២,៦០០ហិកតា ស្ថិតនៅក្នុងក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងដីខ្លះស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ។ អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ ជាគម្រោងដ៏ធំសម្បើមនៅក្នុងប្រទេសកម្ពុជានេះ វិនិយោគក្នុងទឹកប្រាក់ប្រមាណ ១,៥០០លានដុល្លារ។ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានប្រកាសឡើងក្នុងដំណើរទេស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីចិន លី ខឺឈាង មកកម្ពុជា កាលពីខែមករា ឆ្នាំ២០១៨។

សម្តេចតេជោ ហ៊ុន សែន និងលោក លី ខឺឈាង បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាគម្រោងវិនិយោគរវាងក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (OCIC) របស់អ្នកឧកញ៉ា ពុង ឃាវសែ និងក្រុមហ៊ុនចិននាពេលនោះផងដែរ។ អាកាសយានដ្ឋានអន្តរជាតិតេជោជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និងយន្តហោះ Boeing 747-800 ចុះចតបាន។

ក្រុមហ៊ុនវិនិយោគមានមហិច្ឆិតាអភិវឌ្ឍន៍ព្រលានយន្តហោះថ្មីនេះឱ្យធំ និងទំនើបជាងគេនៅតំបន់អាស៊ី។ គិតត្រឹមថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ដំណាក់កាលទីមួយ សម្រេចបានប្រមាណ ៦៦.១ភាគរយ និងបានចំណាយទឹកប្រាក់សរុប សម្រាប់ការសាងសង់ចំនួន ៩៦១លានដុល្លារអាមេរិក នៃគម្រោងទឹកប្រាក់វិនិយោគសរុបចំនួន ១,៥០០លានដុល្លារអាមេរិក៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com