ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
រាជរដ្ឋាភិបាលកម្ពុជា បើកចំហទ្វារស្វាគមន៍គ្រប់ធុរកិច្ច និងធ្វើជាស្ពានក្នុងវិនិយោគនៅកម្ពុជា
ថ្ងៃទី ៖ 04-03-2024, ដោយ​​ admin , 62 Views
                     
អូស្ត្រាលី : រាជរដ្ឋាភិបាលកម្ពុជា បើកចំហទ្វារស្វាគមន៍គ្រប់ធុរកិច្ច និងធ្វើជាស្ពានក្នុងវិនិយោគនៅកម្ពុជា ដើម្បីសម្របសម្រួល និងអាចជំរុញវិស័យពាណិជ្ជកម្ម វិនិយោគឱ្យបានកាន់តែច្រើន។

នារសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Bran Black នាយកប្រតិបត្តិ នៃក្រុមប្រឹក្សាធុរកិច្ចអូស្ត្រាលី (Business Council of Australia) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។

ក្នុងជំនួបនេះ លោក Bran Black នាយកប្រតិបត្តិ នៃក្រុមប្រឹក្សាធុរកិច្ចអូស្ត្រាលី (Business Council of Australia) បានគោរពថ្លែងអំណរគុណចំពោះសម្តេចធិបតី ដែលបានអនុញ្ញាតឱ្យលោក និងសហការី បានចូលជួបសម្តែងការគួរសម ព្រមទាំងបានគោរពជម្រាបជូនសម្ដេចធិបតី ថាក្រុមប្រឹក្សាធុរកិច្ចអូស្ត្រាលី តំណាងឱ្យវិស័យឯកជនដែលមានក្រុមហ៊ុនឯកជនធំៗ របស់អូស្ត្រាលីជាង ១២០ ក្រុមហ៊ុន ដោយផ្ដល់ឱកាសការងារ ជាង ១លាន កន្លែង។

លោកនាយកប្រតិបត្តិ ក៏បានគោរពជម្រាបជូនសម្ដេចធិបតី ផងដែរថា​ ក្រុមប្រឹក្សាធុរកិច្ចអូស្រ្តាលី​ មានកិច្ចសហប្រតិបត្តិការជាមួយនឹងបណ្តាសមាគម និងក្រុមធុរកិច្ច ព្រមទាំងផ្នែកពាក់ព័ន្ធនានានៃរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ ដើម្បីសម្របសម្រួលក្នុងការធ្វើធុរកិច្ចររវាងវិស័យឯកជនអូស្ត្រាលីជាមួយនឹងបណ្តាប្រទេសនានា​ ហេីយបច្ចុប្បន្ននេះក្រុមប្រឹក្សាធុរកិច្ចអូស្ត្រាលី បានទំនាក់ទំនងការងារជាមួយនឹងបណ្ដាប្រទេសជាច្រើន ដែលក្នុងនោះរួមមានបណ្ដាប្រទេសនៅក្នុងតំបន់អាស៊ានផងដែរ។

បន្ថែមពីនេះ លោកនាយកប្រតិបត្តិ បានបញ្ជាក់អំពីបំណងក្នុងការពង្រីកកិច្ចសហប្រតិបត្តិការជាមួយ ព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងធុរកិច្ច​ និងពាណិជ្ជកម្មរវាងអូស្ត្រាលី​ និងកម្ពុជាបន្ថែមទៀត។ ជាការឆ្លើយតប សម្តេចធិបតី បានសម្ដែងនូវការស្វាគមន៍ចំពោះ លោកនាយកប្រតិបត្តិនៃក្រុមប្រឹក្សាធុរកិច្ចអូស្ត្រាលី និងសហការី ដែលបានចូលជួបសម្ដែងការគួរសមនាឱកាសនេះ ហើយក៏បានបញ្ជាក់ផងដែរថា រដ្ឋាភិបាលកម្ពុជា បានវាយតម្លៃខ្ពស់អំពីតួនាទីរបស់វិស័យឯកជន នៅក្នុងការចូលរួមចំណែកកសាងអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច របស់កម្ពុជា។

សម្តេចធិបតីក៏បានបញ្ជាក់ជូន​លោកនាយកប្រតិបតិ្តថា ជំនួបនាថ្ងៃនេះ ជាឱកាសដែលអាចជំរុញឱ្យវិស័យឯកជន នៃប្រទេសអូស្ត្រាលីស្វែងយល់ និងពង្រីកការវិនិយោគបន្ថែមទៀតនៅកម្ពុជាផងដែរ។ ទន្ទឹមនឹងនេះ សម្ដេចធិបតី បានសម្តែងនូវការស្វាគមន៍ និងក្តីរីករាយចំពោះបំណងរបស់ក្រុមប្រឹក្សាធុរកិច្ចអូស្ត្រាលីក្នុងការជំរុញនូវកិច្ចសហប្រតិបត្តិការរវាងក្រុមប្រឹក្សាធុរកិច្ច​ អូស្ត្រាលី​ជាមួយនឹងកម្ពុជា ហើយសម្ដេចធិបតីក៏បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបើកចំហទ្វារស្វាគមន៍គ្រប់ធុរកិច្ច និងធ្វើជាស្ពានក្នុងការសម្របសម្រួល និងការធានានូវបរិយាកាសវិនិយោគនៅកម្ពុជាផងដែរ។

ជាងនេះទៅទៀត សម្តេចធិបតី ក៏បានបញ្ជាក់ជូនលោកនាយកប្រតិបត្តិក្រុមប្រឹក្សាធុរកិច្ចអូស្ត្រាលី​ អំពីគោលនយោបាយ និងច្បាប់វិនិយោគថ្មីរបស់កម្ពុជា ដែលមានការលើកទឹកចិត្តដល់វិស័យឯកជន ដែលមកវិនិយោគនៅកម្ពុជា ស្របពេលដែលកម្ពុជាបានភ្ជាប់ទំនាក់ទំនងក្នុងកិច្ចសហប្រតិបត្តិការទៅក្នុងតំបន់ ក៏ដូចជាបណ្តាប្រទេសនានានៅក្នុងពិភពលោកតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងកម្រិតទ្វេភាគី និងពហុភាគី ផងដែរ។

សម្ដេចធិបតី ក៏បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់យ៉ាងខ្លាំង និង​លេីកទឹក​ចិត្តឱ្យមានការវិនិយោគផងដែរលេីវិស័យបច្ចេកវិទ្យាឌីជីថល គ្រឿងបង្គុំអគ្គីសនី និងគ្រឿងបង្គុំរថយន្ត រួមទាំងវិស័យកសិកម្ម និងវិស័យទេសចរណ៍ផងដែរ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។

មុននឹងបញ្ចប់ សម្ដេចធិបតី និងលោកនាយកប្រតិបត្តិក្រុមប្រឹក្សាធុរកិច្ចអូស្ត្រាលី បានឯកភាពគ្នានៅក្នុងការ បង្កើតនូវយន្តការមួយបន្ថែមទៀតគឺ ក្រុមប្រឹក្សាធុរកិច្ចកម្ពុជា-អូស្រ្តាលី (Cambodia-Australia’s Business Council) ដើម្បីសម្របសម្រួល និងអាចជំរុញវិស័យពាណិជ្ជកម្ម វិនិយោគរវាងកម្ពុជា និងអូស្រ្តាលី ដោយសម្ដេចធិបតីបានលើកទឹកចិត្តឱ្យក្រុមប្រឹក្សាធុរកិច្ចអូស្រ្តាលីបន្តធ្វើកិច្ចសហការទៅលើការរៀបចំនូវយន្តការនេះជាមួយនឹងក្រសួងពាណិជ្ជកម្មកម្ពុជាក៏ដូចជាសភាពាណិជ្ជកម្មកម្ពុជា ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com