ប្រតិបត្តិការនេះ បានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរង និងជាប្រធានក្រុមការងារ Hotline Scam 24/7 ។ បើតាមសមត្ថកិច្ច ក្នុងប្រតិបត្តិការនេះ ធ្វើឡើងដោយមានកិច្ចសហការជាមួយស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងសៀមរាប បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ សៅ ប៉ូឡូ ភេទប្រុស អាយុ៣៥ឆ្នាំ ជាអ្នកទទួលធ្វើស្លាកលេខក្លែងក្លាយ និងក្លែងឯកសារសាធារណៈគ្រប់ប្រភេទ ក្នុងនោះរួមមាន ៖ ស្លាកលេខក្លែងក្លាយ ប័ណ្ណបើកបររថយន្ត ប័ណ្ណត្រួតពិនិត្យបច្ចេកទេសយានយន្ត (ឆៀក) ប័ណ្ណស្នាក់នៅអន្តោប្រវេសន៍ ប័ណ្ណសម្គាល់យានយន្ត (កាតគ្រី) អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងនគរបាលជាតិ ។ល។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឲ្យឃុំខ្លួនបណ្តោះអាសន្ន ។ ជាមួយគ្នានេះ សមត្ថកិច្ចសូមធ្វើការអំពាវនាវដល់សាធារណជនទាំងអស់ សូមមេត្តាឈប់បញ្ជាទិញ និងបំពាក់នូវរាល់ស្លាកលេខយានយន្តក្លែងក្លាយ ព្រមទាំងឈប់ប្រើប្រាស់រាល់ឯកសារយានយន្តក្លែងក្លាយគ្រប់ប្រភេទ ដែលផ្ទុយនឹងច្បាប់។ ជាពិសេសសូមសាធារណជនទាំងអស់ ឈប់ជឿលើការបង្ហោះផ្សព្វផ្សាយអំពីការផ្តល់សេវារៀបចំឯកសារយានយន្តគ្រប់ប្រភេទ ជៀសវាងការចាញ់បោកនានា និងងាកមកប្រើប្រាស់មណ្ឌលផ្តល់សេវាសាធារណៈទាំងឡាយដែលនៅតាមទីតាំងនានា ដែលទទួលស្គាល់ដោយច្បាប់ ។
គេនៅចាំបានថា មនុស្ស ៦នាក់ និងស្លាកលេខម៉ូតូ និងរថយន្តក្លែងក្លាយជិត ១០០បន្ទះ ព្រមទាំងឧបករណ៍សម្រាប់ធ្វើស្លាកលេខមួយចំនួនទៀត ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះខណ្ឌដូនពេញ បង្ក្រាបចាប់ និងរឹបអូសបានពីទីតាំងធ្វើស្លាកលេខក្លែងក្លាយចំនួន ៧កន្លែង កាលពីអំឡុងចុងឆ្នាំ២០១៩ ។ ក្នុងចំណោមស្លាកលេខក្លែងក្លាយ ដែលត្រូវបានបង្ក្រាបចាប់រឹបអូសនោះមានមួយចំនួនជាស្លាកលេខ ន.ប, ខ.ម និងស្លាកលេខរដ្ឋ ។
ប្រតិបត្តិការបង្ក្រាបទីតាំងផលិតស្លាកលេខក្លែងក្លាយ ទាំង៧ទីតាំងក្នុងខណ្ឌដូនពេញ បានធ្វើឡើងបន្ទាប់ពីមន្ត្រីជំនាញបានចុះស្រាវជ្រាវអស់រយៈពេលជាង ២សប្ដាហ៍ ។
ការផលិតស្លាកលេខក្លែងក្លាយគឺជាបទល្មើសមួយដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ចំណូលពន្ធរដ្ឋ និងប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្ថាប័នរដ្ឋ។ ដើម្បីធានាបាននូវចំណូលពន្ធរដ្ឋ និងលុបបំបាត់នូវរាល់បទល្មើសគ្រប់ប្រភេទ អាជ្ញាធរមានសមត្ថកិច្ចចាំបាច់ត្រូវពង្រឹងការអនុវត្តច្បាប់ដោយចុះធ្វើការស្រាវជ្រាវ និងបង្ក្រាបឲ្យទាន់ពេលវេលា។ ក្រោយសួរចម្លើយដល់ក្រុមជនសង្ស័យទាំង ៦នាក់ រួច សមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់វិធានការបន្តទៅតាមនីតិវិធីច្បាប់ ៕