ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិបាលនឹងផ្តល់ទិដ្ឋាការពិសេសរយៈពេល ៣ឆ្នាំ សម្រាប់វិនិយោគិន ដែលទិញឬជួលអចលនទ្រព្យរយៈពេលវែងក្នុងខេត្តព្រះសីហនុ ដែលមានតម្លៃលើសពី ១០០ ០០០ដុល្លារអាមេរិក ដោយប្រភេទនៃទិដ្ឋាការពិសេសនេះត្រូវកំណត់ដោយអនុក្រឹត្យដោយឡែក។
ទន្ទឹមនឹងការផ្តល់ «អត្ថប្រយោជន៍ពិសេស» ដល់គម្រោង ឬសកម្មភាពផ្សេងៗជាច្រើន រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវវិធានការចាំបាច់មួយចំនួនទៀតដើម្បីគាំទ្រ និងជំរុញលើកទឹកចិត្តបន្ថែម ជារួមដល់ការទាក់ទាញការវិនិយោគ និងការអភិវឌ្ឍឧស្សាហកម្ម នៅក្នុងខេត្តព្រះសីហនុ ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា ក្រៅពីនេះរាជរដ្ឋាភិបាលក៏មានផ្តល់អត្ថប្រយោជន៍ជាច្រើនទៀតដូចជា៖ ការរៀបចំតំបន់គម្រោងវិនិយោគ ឬតំបន់អភិវឌ្ឍនៅតាមភូមិ, សង្កាត់ និងផ្លូវសំខាន់ៗ ដូចជា តំបន់ទេសចរណ៍ពិសិដ្ឋ, តំបន់លក់ទំនិញរួចពន្ធដែលគ្រប់ជាតិសាសន៍អាចទិញទំនិញបាន, វិថីអាហារ និងរមណីយដ្ឋាន/កន្លែងកម្សាន្ត ជាដើម ជាជំហានៗ ស្របតាមសក្តានុពល និង ភូមិសាស្ត្រជាក់ស្ដែង, ការពន្លឿនការត្រួតពិនិត្យគយ ក៏ដូចជាការកែសម្រួល និងការផ្តល់សេវាល្អជូនដល់ភ្ញៀវទេសចរ និងវិនិយោគិន, ទាំងនៅពេលមកដល់, ពេលស្នាក់នៅ និងពេលត្រឡប់ទៅវិញ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា នឹងអនុវត្តតំបន់សាកល្បងគំរូមួយ ឬច្រើន ដែលជាតំបន់សេដ្ឋកិច្ចពិសេស, តំបន់ទេសចរណ៍ពិសិដ្ឋ, តំបន់ពាណិជ្ជកម្មសេរី, តំបន់ប្រមូលផ្តុំឧស្សាហកម្ម ឬភណ្ឌាគារគយ ដើម្បីប្រមូលផ្ដុំធនធាន និងជំរុញការអភិវឌ្ឍឱ្យបានលឿន និងមានប្រសិទ្ធភាព ដែលអាចជ្រើសរើសចេញពីតំបន់ដែលត្រូវពង្រីកបន្ថែម, ឬនៅស្ទឹង ហាវ ឬកន្លែងដទៃទៀត តាមរយៈកិច្ចសហការរវាងរដ្ឋ និងវិស័យឯកជន និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរួម និងសកម្មភាពផ្សេងៗរួមគ្នា៕