ជាកិច្ចចាប់ផ្តើម សម្ដេចធិបតីបានសម្ដែងនូវការស្វាគមន៍ និងក្ដីសោមនស្សរីករាយ ដែលបានជួបពិភាក្សាការងារជាមួយ លោក រដ្ឋមន្ត្រី និងសហការី និងបានគូសបញ្ជាក់ថា ទំនាក់ទំនងកម្ពុជា-ជប៉ុន ឡើងដល់កម្រិត «ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ» ដែលជាកម្រិតល្អប្រសើរបំផុតក្នុងប្រវត្តិនៃទំនាក់ទំនងកម្ពុជា-ជប៉ុន។
សម្ដេចធិបតីបានអរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងតែជួយគាំទ្រដល់កម្ពុជា ចាប់តាំងពីដំណាក់កាលស្វែងរកសន្ដិភាព រហូតដល់កម្ពុជាមានការអភិវឌ្ឍនរីកចម្រើនលើគ្រប់វិស័យដូចសព្វថ្ងៃ។ សម្ដេចធិបតី ក៏បានរំឭកពីដំណើរទស្សនកិច្ចរបស់សម្ដេចកាលពីខែធ្នូ ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន ដើម្បីអបអរខួប៥០ឆ្នាំ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន ដែលក្នុងដំណើរទស្សនកិច្ចនោះ កម្ពុជា-ជប៉ុនបានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការចំនួន៧ ដែលក្នុងនោះ មានឯកសារមួយចំនួនពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍវិស័យបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា។
សម្ដេចធិបតីបានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់អាទិភាពលើបច្ចេកវិទ្យាឌីជីថល ដែលជាសមាសធាតុដ៏សំខាន់នៃការជំរុញប្រភពកំណើនសេដ្ឋកិច្ចថ្មី ព្រមទាំងសម្រេចបានចក្ខុវិស័យនៃការប្រែក្លាយប្រទេសកម្ពុជា ទៅជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។
លោក រដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចធិបតី ដែលបានអនុញ្ញាតឱ្យលោក និងសហការីបានជួបពិភាក្សាការងារ ហើយលោកបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន ជាពិសេសលើវិស័យឌីជីថល ពាណិជ្ជកម្ម និងវិស័យអាទិភាពផ្សេងៗទៀត។
លោក រដ្ឋមន្ត្រីបានជម្រាបជូនសម្ដេចធិបតីថា ក្នុងយុគសម័យឌីជីថល ទិន្នន័យពិតជាមានសារៈសំខាន់ ហើយលោក បានគូសបញ្ជាក់ថា រដ្ឋាភិបាលជប៉ុនបានរៀបចំគំនិតផ្ដួចផ្ដើមស្ដីពីទិន្នន័យអង្គការOECD ដែលគ្របដណ្ដប់លើវិស័យជាច្រើន និងអាចប្រើប្រាស់សម្រាប់ការរៀបចំកសាង និងអភិវឌ្ឍគោលនយោបាយប្រកបដោយប្រសិទ្ធភាព និងដើម្បីជំរុញ និងលើកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
ជាការឆ្លើយតប សម្ដេចធិបតីបានឯកភាពចំពោះការលើកឡើងរបស់លោក រដ្ឋមន្ត្រីអំពីសារៈសំខាន់នៃទិន្នន័យឌីជីថលសម្រាប់ការកសាងក្របខ័ណ្ឌគោលនយោបាយ ហើយរាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកទិន្នន័យនេះជាផែនទីបង្ហាញផ្លូវ និងជាត្រីវិស័យ ដែលជួយឱ្យធ្វើការសម្រេចបានត្រឹមត្រូវ។
ក្រៅពីនេះ សម្ដេចធិបតីបានគូសបញ្ជាក់បន្ថែមអំពីការវិវត្តនៃបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា ដែលបច្ចុប្បន្ន ធនាគារជាតិនៃកម្ពុជាបាននិងកំពុងដាក់ឱ្យប្រើប្រាស់តាមរយៈប្រព័ន្ធទូទាត់អនឡាញ ឆ្លងដែន ដើម្បីសម្រួលដល់វិនិយោគិន ពាណិជ្ជករ និងប្រតិបត្តិការអាជីវកម្មរបស់សហគ្រាសធុនតូច និងមធ្យម៕