លោក ថោង រដ្ឋសក្តិ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នេះ ចាត់ទុកវិស័យទេសចរណ៍ នៅតែជាវិស័យអាទិភាព និងជា «មាសបៃតង» ក្នុងការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ក្នុងការកាត់បន្ថយភាពក្រីក្រហើយបានកំណត់ច្បាស់ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ស្តីពីការធ្វើពិពិធកម្មសេដ្ឋកិច្ចនិងការបង្កើតការប្រកួតប្រជែង ដោយបង្កើននូវប្រភេទសេវាកម្មទេសចរណ៍និងព្រឹត្តិការណ៍ទេសចរណ៍សម្បូរបែប សំដៅទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិឱ្យកាន់តែច្រើនទ្បើងថែមទៀត ធានាបាននូវការបង្កើតឱកាសការងារនិងបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋដោយផ្ទាល់ក្នុងមូលដ្ឋាន ជំរុញបានការនាំចេញនៅនឹងកន្លែង ពិសេសចូលរួមដល់ការអភិរក្សវប្បធម៌ និងការការពារបរិស្ថាន ធនធានធម្មជាតិប្រកបដោយប្រសិទ្ធភាព និរន្តរភាព និងការទទួលខុសត្រូវខ្ពស់ដើម្បីឈានទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់ ។
រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានបង្ហាញឱ្យដឹងថា ក្រសួងបានរៀបចំនូវគោលនយោបាយអភិវឌ្ឍន៍ទេសចរណ៍ច្បាស់លាស់ ជាពិសេសគំនិតផ្តួចផ្តើមថ្មី បង្កើន៥ និងអភិវឌ្ឍន៍៣ រួមមាន៖ បង្កើន៥គឺ ១.បង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងកិត្តិនាមកម្ពុជា ។ ២.បង្កើនប្រសិទ្ធភាពនៃការផ្សព្វផ្សាយភាពទាក់ទាញទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារសំខាន់ៗ ។ ៣.បង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង និងសម្របសម្រួលកិច្ចការផ្ទៃក្នុងពាក់ព័ន្ធទៅនឹងការធ្វើដំណើររបស់ទេសចរ រួមទាំងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទន់និងរឹង។ ៤.បង្កើនប្រសិទ្ធភាពនៃការអភិវឌ្ឍផលិតផលទេសចរណ៍ និង៥.បង្កើនប្រសិទ្ធភាពនៃការអភិវឌ្ឍធនធាន និងគោលដៅទាក់ទាញទេសចរណ៍ប្រកបដោយភាពប្រកួតប្រជែងខ្ពស់ ចំពោះការអភិវឌ្ឍ៣ មាន៖ ១.អភិវឌ្ឍន៍រចនាសម្ព័ន្ធស្ថាប័ន ២.អភិវឌ្ឍន៍ប្រព័ន្ធឌីជីថល និង៣.អភិវឌ្ឍធនធានមនុស្ស ។
ទាក់ទងនឹងការអភិវឌ្ឍធនធានមនុស្សក្រសួងទេសចរណ៍បានដាក់ចុះនូវយុទ្ធនាការ៖ “បុគ្គលិកម្នាក់ ជំនាញមួយ ដែលមានចក្ខុវិស័យធ្វើយ៉ាងណាឱ្យអ្នកជំនាញទាំងអស់មានសមត្ថភាពទទួលស្គាល់ស្របតាមស្តង់ដាជាតិ និងអាស៊ាន ។
ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ នឹងចូលរួមដោយផ្ទាល់ក្នុងការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព SDG 4 ដែលចែងថា “ធានាឲ្យបាននូវការអប់រំបណ្តុះបណ្តាលប្រកបដោយគុណភាព សមធម៌ និងបរិយាប័ន្នព្រមទាំងលើកកម្ពស់ការសិក្សាពេញមួយជីវិតដល់ជនគ្រប់រូប”៕