ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តន៍ គោលនយោបាយជាតិ ពាក់ព័ន្ធកម្មវិធីជាតិជំនួយសង្គម នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ សម្តេចធិតបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា បច្ចុប្បន្នទោះបីប្រជាពលរដ្ឋជាច្រើនបានរីកចម្រើន ជីវភាពបានប្រែក្លាយពីជីវភាពក្រីក្រទៅជាជីវភាពមធ្យម ហើយប្រជាពលរដ្ឋខ្លះបានឈានដល់ជីវភាពកម្រិតខ្ពស់ ប៉ុន្តែរាជរដ្ឋាភិបាននូវទទួលស្គាល់ថា ប្រពលរដ្ឋជីវភាពក្រីក្រនៅតែមាន ដែលទាមទារឱ្យរាជរដ្ឋាភិបាលបន្តយកចិត្តទុកដាក់ និងគិតគូរបន្ថែមទៀត។
សម្តេចធិបតី បានបន្តថា បាតុភាព ស្ថានភាព បរិស្ថាន សេដ្ឋកិច្ចសកល មិនអាចនៅស្ថិតស្ថេរនោះទេ ដែលក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះពិភពលោកបានជួបប្រទះនៅបញ្ហាផ្ទួនៗ ដែលមានដូចជាបញ្ហាកូវីដ១៩ ដែលបានប៉ះពាល់ដល់ជីវភាពសង្គម និងសុខភាពប្រជាពលរដ្ឋ និងអាយុជីវិតប្រជាពលរដ្ឋ បញ្ហាសង្រ្គាមនៅអ៊ឺរ៉ុប ដែលបានរាលដាលដល់មជ្ឈឹមបូព៌ា និងកន្លែងផ្សេង រួមទាំងអាស៊ានផងដែរ។ ក្រៅពីនោះវិបត្តិដែលកម្ពុជាប្រឈម ពីអតិផរណានៃសេដ្ឋកិច្ចពិភពលោក ក៏ប៉ះពាល់ដល់កម្ពុជាផងដែរ ដោយសារតែសេដ្ឋកិច្ចកម្ពុជាមិនមែនជាសេដ្ឋកិច្ចដាច់ដោយដុំនោះទេ ដោយបានភ្ជាប់សមាហរណកម្មជាមួយពិភពលោក ដូច្នេះគឺបានប៉ះពាល់ផ្ទាល់ដល់កម្ពុជាតែម្តង។
សម្តេចធិបតី បានបញ្ជាក់ថា ក្នុងស្ថានភាពលំបាកទាំងអស់នេះ រាជរដ្ឋាភិបាលកម្ពុជា មិនទុកនរណាម្នាក់ចោលនោះឡើយ ហើយរាជរដ្ឋាភិបាលក៏មិនមែនធ្វើសកម្មភាពតែពេលល្អ ហើយពេលលំបាកទុកប្រជាជនចោលនោះទេ ប៉ុន្តែផ្ទុយទៅវិញជារាជរដ្ឋាភិបាលមួយ ដែលបុរេសកម្ម៕