ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និងជនមានពិការភាពអន្តរជាតិលើកទី៤១ ដែលរៀបចំឡើងនៅសាលមហោស្រព កោះ ពេជ្រ នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ស្របតាមច្បាប់ស្តីពីកិច្ចការពារ និងការលើកកម្ពស់ជនពិការ រាជរដ្ឋាភិបាលនឹងបង្កើនការវិនិយោគទុនដល់បងប្អូនមានពិការភាពនៅកម្ពុជាឲ្យកាន់តែច្រើនបន្ថែមទៀត ផ្តល់ឱកាសឲ្យពួកគាត់ក្លាយទៅជាមន្រ្តីរាជការ រួមទាំងកិច្ចការងារជាច្រើនទៀតនៅក្នុងសង្គម ដើម្បីធ្វើយ៉ាងណាឲ្យជីវភាពនៅក្នុងក្រុមគ្រួសាររបស់ពួកគាត់ឲ្យកាន់តែទូលំទូលាយនៅក្នុងសង្គម។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្ថែមថា ជនមានពិការភាព គឺជាតួអង្គយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍គ្រួសារ និងសង្គម។
ក្នុងន័យនេះ ការលើកកម្ពស់សហគ្រិនភាព គឺជាកិច្ចការដ៏សំខាន់ ដើម្បីបង្កើនឱកាសដល់ជនពិការភាពចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរបស់ខ្លួន និងគ្រួសារ ដើម្បីចូលរួមអភិវឌ្ឍន៍សង្គមឱ្យកាន់តែមានភាពល្អប្រសើរឡើង។
ទន្ទឹមនឹងនេះ សម្ដេចធិបតី បានណែនាំឱ្យអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ អង្គការដៃគូពាក់ព័ន្ធ និងវិស័យឯកជន ជួយសហការគាំទ្រដល់ក្រុមប្រឹក្សាសកម្មភាពជនពិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងមូលនិធិ ជនពិការ ក្នុងការបន្តពង្រឹងការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ ស្តីពីការកសាងសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្ស ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដោយផ្តល់អាទិភាពលើការបណ្តុះបណ្តាលជំនាញ រក្សាបាននូវ ទេពកោសល្យ ភាពច្នៃប្រឌិតរបស់ជនមានពិការភាពដែលជាធនធានមួយដ៏សំខាន់មិនអាចខ្វះបាន ស្របតាមទិសស្លោក «មិនទុកឱ្យនរណាម្នាក់នៅដាច់ដោយឡែកផងដែរ៕