បើតាម លោក ផែង វណ្ណៈ បានបញ្ជាក់នៅព្រឹកថ្ងៃអាទិត្យ ទី១៩ វិចិ្ឆការនេះថា «ខ្ញុំបានទទួលព័ត៌មានពីមន្រ្ដីនគរបាលខេត្តព្រៃវែងមួយរូបដែលស្នេីសុំមិនបញ្ចេញឈ្មោះបានអោយដឹងថា មន្ត្រីនគរបាលបម្រើការនៅ អធិការដ្ឋាននគរបាលក្រុងព្រៃវែង ត្រូវបានលោកអធិការហៅមកធ្វេីតេស្តទឹកនោមរកសារធាតុញៀន ។ ជាលទ្ធផលរកឃេីញមន្រ្ដីនគរបាល ២នាក់ មានសារធាតុញៀន គឺលោកពិសី និង លោកផល តែលោកអធិការមិនមានវិធានការអ្វីទេ បែជាយកលុយពីឈ្មោះ ពិសី ២ លានរៀល និងឈ្មោះ ផល ១លាន៥សែនរៀល ហេីយបិទរឿងតែម្ដង» ។
លោក ផែង វណ្ណៈ បន្តថា សង្ឃឹមថា លោកស្នងការខេត្តព្រៃវែង នឹងមានវិធានការម៉ឺងម៉ាត់ចំពោះរឿងនេះ ដោយមិនលាក់បាំងដូចករណី មន្ត្រីនគរបាលខេត្តព្រៃវែង ១១ នាក់មុនទៅចុះ ។
តាមប្រភពច្បាស់ការពីមន្រ្តីនគរបាលខេត្តព្រៃវែង បានបញ្ជាក់ថា ក្រោយធ្វើតេស្តរកឃើញមន្រ្តីនគរបាលក្នុងខេត្តព្រៃវែងពាក់ព័ន្ធសារធាតុញៀនហើយនោះ មន្រ្តីនគរបាលជាង១០នាក់ ត្រូវបានថ្នាក់លើកាត់ឈ្មោះចេញពីក្របខ័ណ្ឌភ្លាមៗ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ ៕