ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
នាយករដ្ឋមន្រ្តី ទទួលជួបទូតអាមេរិកនៅកម្ពុជា ក្រោយរដ្ឋាភិបាលអាមេរិកជួយលុយ១៨លានដុល្លារមកកម្ពុជា
ថ្ងៃទី ៖ 27-09-2023, ដោយ​​ admin , 85 Views
                     
ភ្នំពេញ : នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹក ថ្ងៃពុធ ទី២៧ ខែកញ្ញា នៅវិមានសន្តិភាព បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក ផាទ្រីក មើហ្វី (W. Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា ។

ជាកិច្ចចាប់ផ្តើម សម្តេចធិបតី បានទទួលស្វាគមន៍ចំពោះ លោក ឯកអគ្គរដ្ឋទូត និងសហការីនិងបានជម្រាបពីលទ្ធផលល្អដែល សម្តេចធិបតី និងគណៈប្រតិភូកម្ពុជា ទទួលបានពីជំនួបទ្វេភាគីនានា នៅទីក្រុងញូវយ៉ក, ជាពិសេស នាជំនួបទ្វេភាគីជាមួយ លោកជំទាវ វ៉ិចតូរីយ៉ា នូលែន (Victoria Nuland) អនុរដ្ឋមន្ត្រីការបរទេសស្ដីទីសហរដ្ឋអាមេរិក ។

ជាកិច្ចបន្ត ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលអាមេរិក ដែលបានផ្តល់ជូនឡើងវិញនូវជំនួយក្នុងទំហំទឹកប្រាក់ប្រមាណ ១៨ លានដុល្លារអាមេរិក តាមរយៈទីភ្នាក់ងារអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (US AID) ។ ប្រាក់ជំនួយដែលត្រូវបានផ្តល់ជូនឡើងវិញនេះ នឹងត្រូវយកទៅប្រើប្រាស់នៅក្នុងវិស័យសំខាន់ៗ ដូចជា៖ (១) ការកែលម្អការផ្ដល់សេវាសុខាភិបាលទាំងក្នុងផ្នែករដ្ឋ និងផ្នែកឯកជន (២) ការការពារបរិស្ថានប្រកបដោយចិរភាព (៣) ការការពារ និងការប្រយុទ្ធនឹងជំងឺរបេង និង (៣) ការបណ្ដុះបណ្ដាលផ្នែកសហគ្រិនភាពដល់យុវជនកម្ពុជា ជាដើម។

ពាក់ព័ន្ធនឹងការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋខ្មែរ, ភាគីទាំងពីរបានឯកភាពគ្នាក្នុងការបន្តសម្របសម្រួល និងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនៅគ្រប់ជំហាននៃនីតិវិធី ពោលគឺ៖ (១) ពន្លឿននីតិវិធីក្នុងការកំណត់អត្តសញ្ញាណ និងការរៀបចំបញ្ជូនពលរដ្ឋខ្មែរ មកកម្ពុជា (២) ធ្វើសាមញ្ញកម្មនីតិវិធី នៅពេលបញ្ជូន និង (៣) រៀបចំផែនការសកម្មភាពនៃការគាំទ្រ និងការធ្វីសមាហរណកម្ម សម្រាប់ឱ្យពលរដ្ឋខ្មែរ អាចបន្ស៊ាំ និងអាចធ្វីសមាហរណកម្មទៅក្នុងសង្គមកម្ពុជាវិញ សំដៅកសាងជីវិតថ្មីមួយ ឱ្យបានល្អសមស្រប នៅលើទឹកដីកម្ពុជា។

ចំពោះបេសកកម្មស្រាវជ្រាវ និងជីករុករកអដ្ឋិធាតុជនជាតិអាមេរិកបាត់ខ្លួន (POW/MIA) សម្តេចធិបតី បានជម្រាបជូន លោកឯកអគ្គរដ្ឋទូត ថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ និងបានរៀបចំកែសម្រួលសមាសភាពនៃគណៈកម្មការ POW/MIA ក្នុងការសម្របសម្រួល និងសហការជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីអនុវត្តបេសកកម្មស្រាវជ្រាវ និង ជីករុករកអដ្ឋិធាតុជនជាតិអាមេរិកបាត់ខ្លួន ឱ្យបានរហ័សទាន់ពេល និងជោគជ័យ ប្រកបដោយកាយវិការនៃការគោរព និង ស្រឡាញ់ ចំពោះក្រុមគ្រួសារនៃយុទ្ធជនដែលបានបាត់ខ្លួន ។ ក្រៅពីនេះ ភាគីទាំងពីរក៏បានពិភាក្សា និង បន្តកិច្ចប្រតិបត្តិការ នៅក្នុងវិស័យផ្សេងទៀត ដែលប្រទេសទាំងពីរកំពុងយកចិត្តទុកដាក់បំផុត ។ 

ជាកិច្ចបញ្ចប់ សម្តេចធិបតី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរិក នាពេលកន្លងមក ។ ភាគីទាំងពីរ ក៏បានប្តេជ្ញាចិត្តផងដែរ ក្នុងបន្តនូវកិច្ចសហប្រតិបត្តិជាមួយគ្នា ឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត សម្រាប់ជាឧត្តមប្រយោជន៍នៃប្រទេសទាំងពីរ។

សូមបញ្ជាក់ថា រដ្ឋាភិបាលអាមេរិក បានផ្ដល់ជំនួយ១៨ លានដុល្លារអាមេរិក ឱ្យកម្ពុជាម្ដងទៀត ក្រោយផ្អាកអស់រយៈ១០ឆ្នាំ ។ ការផ្ដល់ជំនួយនេះ ក្រោយពីជំនួបនាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងអនុរដ្ឋមន្ត្រីការបរទេសស្ដីទីអាមេរិក លោកស្រី វ៉ិចតូរីយ៉ា នូលែន កាលពីថ្ងៃសុក្រ គ្រាដែល នាយករដ្ឋមន្រ្តីកម្ពុជា ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាល ទៅចូលរួមកិច្ចប្រជុំទូទៅនៃមហាសន្និបាត អង្គការសហប្រជាជាតិលើកទី៧៨ នៅក្រុងញូវយ៉ក សហរដ្ឋអាមេរិក ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com