ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
នាយករដ្ឋមន្រ្តីកម្ពុជា ជំរុញឱ្យបន្តថែរក្សាវប្បធម៌ខ្មែរ ដែលដូនតាជំនាន់មុនបន្សល់ទុក
ថ្ងៃទី ៖ 20-09-2023, ដោយ​​ admin , 190 Views
                     
ភ្នំពេញ : នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានជំរុញឱ្យបន្តថែរក្សាវប្បធម៌ខ្មែរ ដែលដូនតាជំនាន់មុន បន្សល់ទុក ដើម្បីជាប្រយោជន៍សម្រាប់កូនចៅជំនាន់ក្រោយ។ សម្ដេចក៏បានថ្លែងកោតសរសើរក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងភាគីពាក់ព័ន្ធដែលបានខិតខំរហូតធ្វើឱ្យប្រាសាទកោះកេរ ក្លាយជាសម្បត្តិបេតិកភណ្ឌពិភពលោកនាពេលនេះ ។

ក្នុងពិធីអបអរសាទរ «រមណីយដ្ឋានប្រាសាទកោះកេរ» ដាក់ចូលក្នុងបញ្ជី បេតិកភណ្ឌពិភពលោក ដែលធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក នាល្ងាច ថ្ងៃពុធ ទី២០ ខែកញ្ញ ដែលមានការចូលរួមពី ជំទាវបណ្ឌិត ពេជ ចន្ទមុន្នីហ៊ុនម៉ាណែត និងមានការចូលរួមផ្ដល់កិត្តិយសពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អមដោយមន្រ្តីជាន់ខ្ពស់ កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ សិស្សនិស្សិត និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ សម្ដេច ហ៊ុន ម៉ាណែត បានបន្តថា ការដាក់បញ្ចូល រមណីយដ្ឋានប្រាសាទកោះកេរ នាពេលនេះ បង្ហាញពីបញ្ញាញាណដូនតាខ្មែរ ដែលបានបន្សល់ទុកនូវសិល្បៈដ៏សំបូរបែបសម្រាប់កូនចៅជំនាន់ក្រោយ បានដឹងអំពីតម្លៃនៃសម្បត្តិបេតិកភណ្ឌជាតិ។ 

សម្តេចធិបតី បានឧទ្ទិសសមិទ្ធផលរបស់កម្ពុជាទាំងអស់ដល់ដួងព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោត និងព្រះមហាក្សត្រ បុព្វបុរសខ្មែរគ្រប់ជំនាន់ដែលបានខិតខំកសាង ថែរក្សា អភិរក្ស  និងបង្កើតឲ្យមានសម្បត្តិបេតិកភណ្ឌជាតិនានាដ៏មានតម្លៃកន្លងមក។ 

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ រំលឹកអំពីសមិទ្ធផលកម្ពុជា ដែលមានប្រាសាទ និងកេរ្ត៍តំណែលផ្សេងទៀត ដែលបានដាក់បញ្ចូលក្នុងសម្បត្តិបេតិកភណ្ឌពិភពលោកពេលកន្លងមក ដែលរាជរដ្ឋាភិបាលកម្ពុជាអាណត្តិមុនៗក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានខិតខំជាបន្តបន្ទាប់។  សម្តេចមហាបវរធិបតី ក៏បានថ្លែងអំណរគុណចំពោះព្រះមហាក្សត្រ និងសម្តេចម៉ែ ដែលព្រះអង្គតែងតែបានគាំទ្រដល់សកម្មភាពរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចុះបញ្ជីរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក រហូតទទួលបាននូវភាពជោគជ័យមកដល់ពេលនេះ។ សម្តេចធិបតី ក៏បានថ្លែងអំណរគុណដល់ អង្គការយូណេស្កូ និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានថែរក្សាប្រាសាទកោះកេរ កន្លងមក។ 

សម្តេចបានមានប្រសាសន៍បន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជា តែងតែផ្តល់អាទិភាព លើវិស័យវប្បធម៌ ដូចបាវចនា គឺ វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយជាតិថ្កើងថ្កាន ដើម្បីជាការរំលឹកដាស់តឿនឲ្យមានការចូលរួមថែរក្សាសម្បត្តិវប្បធម៌អោយបានគង់វង្សទាំងអស់គ្នា។ 

«រមណីយដ្ឋានប្រាសាទកោះកេរ» ត្រូវបានចុះបញ្ជីសម្បត្តិបេតិកភណ្ឌ ពិភពលោក ជា ផ្លូវការ របស់អង្គការយូណេស្កូ នាល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅ ទីក្រុងរីយ៉ាដ ប្រទេស អារ៉ាប៊ី សាអូឌីត។ «រមណីយដ្ឋានប្រាសាទកោះកេរ» ជារតនសម្បត្តិរបស់ខ្មែរទី៤ហើយ ដែលត្រូវបានចុះបញ្ជី សម្បត្តិបេតិកភណ្ឌពិភពលោកជាផ្លូវការ បន្ទាប់ពីរមណីយដ្ឋានអង្គរ (ចុះបញ្ជីនៅឆ្នាំ១៩៩២ ទំហំ៤០,០០០ហិកតា), ប្រាសាទព្រះវិហារ (ចុះបញ្ជីឆ្នាំ២០០៨ ទំហំ២,៦៤៣ហិកតា) និងតំបន់ប្រាសាទសំបូរព្រៃគុក (ចុះបញ្ជីនៅឆ្នាំ២០១៧ ទំហំ៣៩,០០០ហិកតា)។

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com