លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ លោកបានចាត់កម្លាំងជំនាញឱ្យធ្វើលិខិតកោះហៅ ឈ្មោះ ម៉ុន ផល្លា ចូលខ្លួនមកបំភ្លឺនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុង ។
ក្រោយកម្លាំងជំនាញសួរនាំ ឈ្មោះ ម៉ុន ផល្លា បានរៀបរាប់ថា ខ្លួនពិតជាបានយកប្រាក់ថ្លៃទូទាត់គ្រឿងសំណង់ពីអតិថិជនចំនួន០៣ទីតាំង បានប្រាក់សរុបចំនួន ៦.៥៣៤,៥$(ប្រាំមួយពាន់ ប្រាំរយសាមសិបបួនដុល្លា ក្បៀសប្រាំសេន) ហើយយកទៅលេងល្បែង និងស៊ីចាយអស់។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងទៀតថា ដោយផ្អែកលើចម្លើយសារភាព ជនសង្ស័យឈ្មោះ ម៉ុន ផល្លា ត្រូវបានកម្លាំងចាប់ផ្ដើមឃាត់ខ្លួននៅវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ហើយកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តដើម្បីចាត់ការតាមនីតិវិធីបន្ត។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្រ្កាបបទល្មើស បានឱ្យដឹងថា ជនសង្ស័យឈ្មោះ ម៉ុន ផល្លា ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត នៅរសៀលថ្ងៃចន្ទ ទី១៨ ខែកញ្ញា ឆ្នាំ២០២៣នេះហើយ៕