លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានឱ្យដឹងថា ជនសង្ស័យទាំង២នាក់ ១-ឈ្មោះ នឿន នុ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ននៅភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្ត បន្ទាយមានជ័យ។ ២-ឈ្មោះ មាល់ ហេងប៊ុនលាភ(ហៅហេង) ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅភូមិកោះពងសត្វ សង្កាត់កោះពងសត្វ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ វត្ថុតាងចាប់យករួមមានម៉ូតូម៉ាក់ ហុងដាឌ្រីមC125 (សង់ប៊ិច) ពណ៌ស្លែ ផលិតឆ្នាំ២០១២ ចំនួន ០១គ្រឿង។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បន្តថា នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹង នៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ករណីបាត់ម៉ូតូកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចភូមិចក្រី ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
ជនរងគ្រោះបានរៀបរាប់ថា កាលពីថ្ងៃទី១១ ខែកញ្ញា ខ្លួនបានទុកម៉ូតូ ទុកនៅខាងមុខផ្ទះដូចរាល់ដង ហើយបានទៅថ្លឹងស្រូវនៅស្រុកមង្គលបូរី លុះវេលាម៉ោង០៣និង៣០នាទីយប់ថ្ងៃទី១២ ខែកញ្ញា ឪពុករបស់ខ្លួនបានទូរសព្ទ មកប្រាប់ថាបាត់ម៉ូតូ។ ពេលត្រឡប់មកផ្ទះវិញបាន ឆែកកាំមេរ៉ាសុវត្ថិភាពមើលឃើញជនសង្ស័យមួយក្រុមមានគ្នា០៦នាក់ បានធ្វើសកម្មភាពលួចកាច់ ក ម៉ូតូរបស់ខ្លួន។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បន្តថា ក្រោយពីទទួលបានពាក្យបណ្តឹង លោកបានដឹកនាំកម្លាំងកងរាជអាវុធហត្ថក្រុង សហការជាមួយកម្លាំងកងអន្តរាគមន៍ កងរាជអាវុធហត្ថខេត្ត បានបេីកប្រតិបត្តិការ ស្រាវជ្រាវភ្លាមៗ រហូតឈានដល់ការឃាត់ខ្លួនបានជនសង្ស័យ០២នាក់ខាងលេី រួមទាំងវត្ថុតាង នាំមកកាន់មូលដ្ឋានលងរាជអាវុធហត្ថក្រុងដើម្បីធ្វើការសួរនាំ និងចាត់ការតាមនីតិវិធី។ ក្រោយឃាត់ខ្លួន និងសួរចម្លេីយជនសង្ស័យបានសារភាពថា ពួកខ្លួនពិតជាបានធ្វេីសកម្មភាពលួចម៉ូតូពិតប្រាកដមែន។
ដោយផ្អែកលេីចម្លេីយសារភាព និងវត្ថុតាងជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃសុក្រ ទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ ដើម្បីអនុវត្តតាមនីតិវិធី។ ចំណែកម៉ូតូ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ប្រគល់ជូនជនរងគ្រោះវិញហេីយ៕