ការលើកឡើងបែបនេះ គ្រាដែល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានជួប លោក លាំង ហ័រ (Liang Hua) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Huawei Technology Co., Ltd កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នៅរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ។
លោក លាំង ហ័រ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Huawei Technology Co., Ltd បានថ្លែងអំណរគុណចំពោះ សម្ដេចធិបតី ដែលអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូក្រុមហ៊ុន បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានអបអរសាទរចំពោះ សម្ដេចធិបតី ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ព្រមទាំងបានថ្លែងអំណរគុណចំពោះ សម្ដេចធិបតី ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់ និងគាំទ្រ ដល់ក្រុមហ៊ុន Huawei Technology Co., Ltd ។
លោក លាំង ហ័រ ក៏បានគោរពរាយការណ៍ជូន សម្ដេចធិបតី ផងដែរ អំពីសមិទ្ធផលជាច្រើនដែលក្រុមហ៊ុន Huawei Technology Co., Ltd បានសហការជាមួយនឹងក្រុមហ៊ុន និងដៃគូនានា នៅក្នុងប្រទេសកម្ពុជា ក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះ ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល ប្រព័ន្ធទូរគមនាគមន៍ និងប្រព័ន្ធឆ្លាតវៃ ។
ជាការឆ្លើយតប សម្ដេចអធិបតី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក លាំង ហ័រ និងគណៈប្រតិភូក្រុមហ៊ុន និងបានថ្លែងអំណរគុណចំពោះក្រុមហ៊ុន Huawei Technology Co., Ltd ដែលសហការជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការជួយកសាង និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ទូរគមនាគមន៍ និងបានជួយអភិវឌ្ឍវិស័យទូរគមនាគមន៍នេះ ក្នុងរយៈពេលជាង២ទសវត្សរ៍មកហើយ សម្ដេចអធិបតី សង្ឃឹមថាក្រុមហ៊ុន Huawei Technology Co., Ltd នឹងបន្តនាំចូលបច្ចេកវិទ្យាថ្មីៗ និងទំនើប ពីប្រទេសចិន មកកាន់កម្ពុជា និងបានគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា នៅតែរក្សាគោលនយោបាយនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ រវាងកម្ពុជា-ចិន និងបន្តគាំទ្រសម្របសម្រួល និងលើកទឹកចិត្តឱ្យមានការវិនិយោគកាន់តែច្រើនមកកម្ពុជា ។
សម្ដេចអធិបតី ក៏បានបញ្ជាក់អំពីសារៈសំខាន់នៃសុខសន្ដិភាព និងស្ថិរភាពនយោបាយនៅកម្ពុជា ដែលជាមូលដ្ឋានគ្រឹះនៃការបង្កើនទំនុកចិត្តដល់វិនិយោគិននៅកម្ពុជា។
សម្ដេចធិបតី និង លោក លាំង ហ័រ ក៏បានពិភាក្សាអំពីការបណ្ដុះបណ្ដាលធនធានមនុស្សលើជំនាញឌីជីថល ដោយក្រុមហ៊ុន Huawei Technology Co., Ltd បានបង្ហាញចំណាប់អារម្មណ៍លើការបណ្ដុះបណ្ដាលជំនាញនេះ ដោយចាប់ផ្តើមពីកម្រិតបឋមសិក្សា រហូតដល់កម្រិតសាកលវិទ្យាល័យ ។ កន្លងមកនេះ ក្រុមហ៊ុន Huawei Technology Co., Ltd ក៏បានសហការជាមួយដៃគូ នៅតាមសាកលវិទ្យាល័យមួយចំនួននៅកម្ពុជា លើការងារបណ្ដុះបណ្ដាលធនធានមនុស្សលើវិស័យឌីជីថលផងដែរ ។
មុននឹងបញ្ចប់ សម្តេចធិបតី បានគូសបញ្ជាក់សារជាថ្មីម្តងទៀតនូវជំហរស្វាគមន៍ និងការគាំទ្ររបស់រាជរដ្ឋាភិបាល ចំពោះដំណើរការអាជីវកម្ម និងវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា ដែលស្របតាមតម្រូវការសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា និងគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ជាកិច្ចបញ្ចប់ លោក លាំង ហ័រ បានគោរពជូនពរ សម្តេចធិបតី ទទួលបានជោគជ័យ នៅក្នុងដំណើរទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិននេះ និងធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុខសុវត្ថិភាព៕